adverise with khmeread 1

កីឡាករ​ទូក​រ៉ូ​វី​ង​កម្ពុជា​ទទួលបាន​ការ​លើកទឹកចិត្ត​ពី​ថ្នាក់ដឹកនាំ​មុនពេល​ទៅ​ប្រកួត​នៅ​ប្រទេស​ចិន​

​    ​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​វី​ង​កម្ពុជា បាន​ជួប​សំណេះសំណាល​ជាមួយ​ប្រតិភូ​កីឡា​ប្រណាំងទូក​រ៉ូ​វី​ង​កម្ពុជា​កាលពី​ម្សិលមិញ​នៅ​ទីស្នាក់ការ NOCC មុន​ពេលដែល​ក្រុម​ប្រតិភូ​កីឡា​នេះ​គ្រោង​នឹង​ចេញដំណើរ​ទៅកាន់​ខេត្ត​ជា​សាន​ប្រទេស​ចិន ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រណាំងទូក​រ៉ូ​វី​ង​ជើងឯក​អាស៊ី​ឆ្នាំ​២០១៦ ដោយមាន​រយៈពេល​៥​ថ្ងៃ​ក្នុង​ពាក់កណ្តាល​ខែកញ្ញា​នេះ​។​

​    ​លោក ភាព សោម ប្រធាន​ដឹកនាំ​ប្រតិភូ​ទៅ​ចូលរួម​ប្រកួត និង​ជា​គ្រូបង្វឹក​ផង​បានឱ្យដឹងថា ប្រតិភូ​កម្ពុជា​ដែល​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​មាន​ចំនួន​៣​នាក់ ក្នុងនោះ​មាន​កីឡាករ ២​នាក់ គឺ​កីឡាករ ហ៊ុន រ៉ា​ឌី និង​កីឡាករ សែម កញ្ញា រួម​នឹង​រូបលោក​ដែលជា​គ្រូបង្វឹក​។​

​    ​លោក​បន្ដថា លោក​មិនទាន់​បានដឹង​ពី​ចំនួន​ប្រទេស​ដែល​ទៅ​ចូលរួម​នៅឡើយ​ទេ ប៉ុន្ដែ​លើ​វិញ្ញាសា​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ សរុប​មាន​ចំនួន ២២​វិញ្ញាសា សម្រាប់​កម្ពុជា​គឺ​លេង​តែ​២​វិញ្ញាសា​ប៉ុណ្ណោះ​។ លោក​បញ្ជាក់ថា កីឡាករ ហ៊ុន រ៉ា​ឌី ប្រកួត​លើ​វិញ្ញាសា​ទូក​រ៉ូ​វី​ង​ឯកត្តជន​បុរស និង​វិញ្ញាសា​១​ទៀត​គឺ​រ៉ូ​វី​ង​២​នាក់​បុរស កីឡាករ ហ៊ុន រ៉ា​ឌី ចាប់​ដៃគូ​ជាមួយ សែម កញ្ញា​។​

​    ​លោក​មាស សារិន អគ្គលេខាធិការ សហព័ន្ធ​កីឡា​ទូក​កា​នូ​និង​រ៉ូ​វី​ង​កម្ពុជា​មានប្រសាសន៍ថា ដើម្បី​ជំរុញ​ឲ្យ​វិស័យ​កីឡា​នេះ​មានការ​រីកចម្រើន សហព័ន្ធ​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង ទាំង​ការងារ​ហ្វឹកហាត់​របស់​កីឡាករ និង​ទាំង​ការដោះស្រាយ​មធ្យោបាយ​ឲ្យ​កីឡាករ​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្ដរជាតិ​ដើម្បី​បង្កើន ក​ម្រឹត​បច្ចេកទេស​របស់ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ​។

​    ​លោក​បញ្ជាក់ថា​ក្នុងការ​ទៅ​ចូលរួម​នេះ "​សម្ដេច​ស ខេង ប្រធាន​សហព័ន្ធ​កីឡា​នេះ​បាន​ឧបត្ថម្ភ​លើ​សំបុត្រ​យន្ដហោះ​, រីឯ​ក្រសួង​អប់រំ​យុវជន និង​កីឡា ឧបត្ថម្ភ​ប្រាក់​ហោប៉ៅ​"​។​

​    ​លោក​បន្ដថា អ្នកលេង​កីឡា​ដែល​ពូកែ​គឺ​ត្រូវ មាន​កាយសម្បទា បញ្ញា​សម្បទា និង សីលធម៌​សម្បទា​ល្អ​ការ​ចេញទៅ​ចូលរួម​នេះ​គឺ តំណាង​ឲ្យ​ជាតិ​តំណាង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល ដូចនេះ​ត្រូវ​រក្សា​ឲ្យ​បាន​នូវ សេចក្ដីថ្លៃថ្នូរ កិត្តិយស​ជូន​ជាតិ​មិន​ត្រូវធ្វើ​អ្វី ដែល​ប្រាសចាក​ពី​សីល​ធ៌​ម ធ្វើ​ឲ្យ​បាត់បង់​កិត្តិយស នោះឡើយ​៕

adverise with khmeread

មតិយោបល់