adverise with khmeread 0

នេះ​ជា​ប្រវត្តិ​សង្គ្រាម​រវាង Jose Mourinho និង Pep Guardiola ដែល​ផ្ទុះឡើង​ដោយសារ​សំដី​មួយ​ម៉ាត់​របស់ Xavi!

    ​ខណៈ​សត្រូវ​ចាស់​គឺ​លោក Jose Mourinho និង Pep Guardiola ត្រៀមខ្លួន​ធ្វើសង្គ្រាម​ជាមួយគ្នា​ម្តងទៀត​នៅលើ​សមរភូមិ​វាលស្មៅ​ក្នុង​ទីក្រុង​ម៉ាន់​ឆេ​ស្ទើ​នៅ​ថ្ងៃ​សៅរ៍​នេះ យើង​ក្រឡេកមើល​ប្រវត្តិ​ប៉ះគ្នា​រវាង​គ្រូបង្វឹក​ទាំងពីរ​នេះ​តាំងពី​អតីតកាល​រហូតមកដល់​បច្ចុប្បន្ន​វិញ​ម្តង ថា​តើ​វា​បាន​កើតឡើង​តាំងពី​ពេលណា និង​មូល​ហេតុអ្វី​បានជា​សង្គ្រាម​រវាង​គ្រូបង្វឹក​ទាំងពីរ​បាន​ផ្ទុះឡើង​។​

​    ​- Pep Vs Jose៖ Barcelona ២-០ Inter / ខែវិច្ឆិកា ឆ្នាំ ២០០៩ / ក្របខ័ណ្ឌ Champions League
​    ​គ្រាប់​ស៊ុត​ចូល​លឿនៗ​ពី​កីឡាករ Gerard Pique និង Pedro បាន​ជួយ​លោក Guardiola យកឈ្នះ​ជា​លើកដំបូង​លើ​លោក Mourinho ប៉ុន្តែ​មិនទាន់មាន​រឿងចម្រូងចម្រាស់​រវាង​អ្នក​ទាំងពីរ​នៅឡើយ​ទេ ព្រោះ​ជាការ​ប្រកួត​ថ្មីថ្មោង​។ តែ​ក្រោយ​ការប្រកួត​នោះ Xavi បាន​លែបខាយ​ឱ្យ Inter យ៉ាង​ដូច្នេះ​ថា "​យើង​មានឱកាស​ច្រើនណាស់​! ជាក់ស្តែង Inter ពុំមាន​ឱកាស​ទេ​"​។ តាំងពី​ការលើកឡើង​នេះ​មក សង្គ្រាម​រវាង​លោក Mourinho និង Guardiola ក៏បាន​ចាប់ផ្តើម​និង​បន្ត​រហូតដល់​សព្វថ្ងៃ​។​

​    ​- Pep Vs Jose៖ Inter ៣-១ Barcelona / ខែមេសា ឆ្នាំ ២០១០ / ក្របខ័ណ្ឌ Champions League
​    ​ដោយសារ​ចំហាយ​ផេះ​ពី​ភ្នំភ្លើង​បាន​ហើរ​ពាសពេញ​ទ្វីបអឺរ៉ុប ក្រុម Barcelona បានធ្វើ​ដំណើរ​ទៅ​ទីក្រុង​មី​ឡង់​តាមរយៈ​រថយន្តក្រុង​សម្រាប់​ការប្រកួត Champions League វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ បើទោះជា​ពួកគេ​បាន​យកឈ្នះ​ការប្រកួត​ជម្រុះ​តាម​ពូ​ល​ទាំងស្រុង ក្រុម​មកពី​តំបន់​កាតា​ឡាន​មួយ​នេះ​ត្រូវបាន​បំបាក់​យ៉ាង​ផុយ​ដោយ​ក្រុម​លោក Mourinho​។ Inter បាន​សងសឹក​យ៉ាង​ផ្អែមមាត់​នៅ​ទឹកដី​ខ្លួនឯង ទោះ​ត្រូវ​ធ្លាក់​ក៏ដោយ​។​

​    ​- Pep Vs Jose៖ Barcelona ១-០ Inter / ខែមេសា ឆ្នាំ ២០១០ / ក្របខ័ណ្ឌ Champions League
​    ​ការប្រកួត​នេះ​ពិតជា​មិនល្អ​មើល​ទាល់តែសោះ​ចាប់តាំងពី​ក្រុម​ទាំងពីរ​ចាប់ផ្តើម​ប៉ះគ្នា​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ទាំងពីរ​។ ដោយមាន​ប្រៀប ៣-១ កាលពី​ជើង​ទីមួយ Inter បាន​ចត​ឡានក្រុង​ស្ទើរតែ​ពេញ​មួយ​ការប្រកួត​។ ការទទួលបាន​កាត​ក្រហម​របស់​កីឡាករ Thiago Motta បន្ទាប់ពី​កីឡាករ Sergio Busquets លេងល្ខោន​ក្នុង​ទីលាន បានត្រឹមតែ​ធ្វើឱ្យ​ក្រុម​ភ្ញៀវ​រឹតតែ​ចង់​ឈ្នះ​ប៉ុណ្ណោះ​។ គ្រាប់​បាល់​ចុង​ម៉ោង​របស់​កីឡាករ Gerard Pique បានធ្វើឱ្យ​ការប្រកួត​នេះ​ជ្រួលច្របល់​នៅ​ចុង​ម៉ោង​។ ទោះយ៉ាងណា Inter បាន​ឆ្លងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​លោក Mourinho បាន​អបអរ​តាមតែ​អ្វីដែល​លោក​អាច​ធ្វើបាន ដូចជា​មនុស្ស​ឆ្កួត​អួត​ពេញ​តារាង​បាល់​។​

​    ​- Pep Vs Jose៖ Barcelona ៥-០ Real Madrid / ខែវិច្ឆិកា ឆ្នាំ ២០១០ / ក្របខ័ណ្ឌ La Liga
​    ​តួនាទី​របស់លោក Mourinho ក្នុងការ​បញ្ឈប់ Barcelona ពី​ការលើក​ពាន Champions League នៅឯ​ទឹកដី Santiago Bernabeu បាន​ជួយ​ឱ្យ​គាត់​ទទួលបាន​ការងារ​នៅ​ក្លឹប Real Madrid​។ គាត់​ត្រូវបាន​ជួល​ដោយ​លោក Florentino Perez ដើម្បី​បញ្ចប់​អំណាច​របស់​អ្នកមាន​បុណ្យ​នៅ​តំបន់​អឺរ៉ុប ហើយ​យុទ្ធនាការ La Liga របស់ Mourinho នៅ​ដើមរដូវ​កាល​ក៏​ល្អ​ទៀត​។ ដោយ​ឈាន​ជើង​ចូល​ទឹកដី Barcelona នៅ​ប្រកួត​នោះ Real Madrid មិនទាន់មាន​ក្រុម​ណា​បំបាក់​បាន​នៅឡើយ ហើយ​បាន​ស្ថិតនៅ​កំពូល​តារាង​។ ទោះយ៉ាងណា​ក្តី អ្វីៗ​ត្រូវបាន​ផ្លាស់ប្តូរ​ខណៈ Barca បានបង្ហាញ​ទម្រង់​លេង​ដ៏​ល្អ​បំផុត​មិន​ធ្លាប់មាន​ពីមុនមក​ដោយ​បំបាក់ Real យ៉ាង​ផុយ ៥-០ ជាហេតុ​ធ្វើឱ្យ​កំសួល​កំហឹង​របស់ Mourinho ចំពោះ Pep មាន​កាន់តែខ្លាំង​។​

​    ​- Pep Vs Jose៖ Real Madrid ១-១ Barcelona / ខែមេសា ឆ្នាំ ២០១១ / ក្របខ័ណ្ឌ La Liga
​    ​ការ​ប្រជែង​ពាន​រវាង​ក្រុម​កំពូល​តារាង Real Madrid និង​លេខ​ពីរ Barcelona ហាក់​ដាច់​ឆ្ងាយ​ពី​ក្រុម​លេខ​បី​នៅពេល​ការប្រកួត​ឈានដល់​ខែមេសា ប៉ុន្តែ​ក្រុម​ទាំងពីរ​នៅតែ​ប្រជែង​គ្នា​ដើម្បី​ពានរង្វាន់​ផ្ទាល់ខ្លួន​។ នេះ​ការប្រកួត Clasicos ទីមួយ​ក្នុងចំណោម​បួន​ប្រកួត​នៅ​ចន្លោះពេល ១៨ ថ្ងៃ​ដែល​វា​នឹង​សម្រេច​ជើងឯក La Liga, Copa del Rey និង​ក្រុម​ណា​ដែល​នឹង​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ Champions League​។ លទ្ធផល ១-១ មិនបាន​បញ្ចប់​អ្នកមាន​បុណ្យ​ពី​សុបិន​ដណ្តើមពាន​ទេ ប៉ុន្តែ​ជាមួយ​ការបណ្តេញ​កីឡាករ Raul Albiol នៅ​ដើមតង់ និង​បាល់​ប៉េ​ណា​ល់​ទី​ម្នាក់​មួយគ្រា​ប់ វា​ជាស​ញ្ញា​មួយ​បង្ហាញថា​លោក Mourinho ដាច់ខាត​ត្រូវ​បំបាក់ Barcelona នៅ​ប្រកួត​ក្រោយ​ឱ្យ​ទាល់តែ​បាន​។​

​    ​- Pep Vs Jose៖ Barcelona ០-១ Real Madrid / ខែមេសា ឆ្នាំ ២០១១ / ក្របខ័ណ្ឌ Copa del Rey
​    ​លោក Mourinho បាន​ជួយ Real Madrid ឈ្នះ​ពាន​ខាប់​ផ្លូវការ​ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ ១៩៩៤ នៅក្នុង​រដូវ​កាល​ដំបូង​របស់គាត់​ជាមួយ​ក្លឹប​ដែល​នេះ​ក៏ដោយ​សារ ការ​តែ​ត​បញ្ចូល​ទី​នៅ​ម៉ោង Extra Time ដោយ​កីឡាករ Cristiano Ronaldo​។ Iker Casillas បាន​ចេញមក​ស្ទាក់​បាល់​ពី​កីឡាករ Andres Iniesta និង Pedro ជាច្រើនលើក​ជាច្រើន​សារ​នៅក្នុង​តង់​ទី​ពីរ មុននឹង Ronaldo ធ្វើ​ស៊ី​អ្នកមាន​បុណ្យ និង Angel Di Maria ត្រូវបាន​បណ្តេញចេញ​។ សុបិន​លើក​ពាន​បី​ក្នុង​រដូវ​កាលនោះ​របស់ Barcelona ត្រូវបាន​រលាយ​សាបសូន្យ​។​

​    ​- Pep Vs Jose៖ Real Madrid ០-២ Barcelona / ខែមេសា ឆ្នាំ ២០១១ / ក្របខ័ណ្ឌ Champions League
​    ​នេះ​ជាការ​ប្រកួត​ដ៏​អាក្រក់​អា​ក្រៃ​រវាង​ក្រុម​ទាំងពីរ​ដែល​ដឹកនាំ​ដោយ​លោក Guardiola និង Mourinho​។ Pepe ក្លាយជា​កីឡាករ Real ទី​បួន​ដែល​ត្រូវបាន​បណ្តេញចេញ​បួន​លើក​ជាប់​គ្នា​នៅក្នុង​ការប្រកួត Clasicos ហើយ​លោក Mourinho ក៏​ត្រូវបាន​បណ្តេញចេញ​ដូចគ្នា​។ ការ​បដិសេធថា​ខ្លួន​មិនបាន​ខុស​របស់ Pepe បានធ្វើឱ្យ Messi រឹត​តែមាន​ទឹកចិត្ត​រុលទៅមុខ ហើយ​គាត់​ក៏​ស៊ុត​បញ្ចូល​ទី​។ គ្រាប់​ទី​ពីរ​របស់ Messi គឺជា​គ្រាប់​ដ៏​ល្អ​ជាងគេ​មួយ​ក្នុង​ប្រវត្តិ Champions League​។ បរាជ័យ​របស់​អធិរាជ​ស បាន​ជំរុញ​ទឹកចិត្ត Mourinho ក្នុងការ​រិះគន់ UEFA និង​អង្គការ Unicef នៅក្នុង​សន្និសីទកាសែត​របស់គាត់​។​

​    ​- Pep Vs Jose៖ Barcelona ១-១ Real Madrid / ខែឧសភា ឆ្នាំ ២០១១ / ក្របខ័ណ្ឌ Champions League
​    ​មិន​ដូច​ការប្រកួត​ជើង​ទីមួយ​ទេ ការប្រកួត​នេះ​ពិតជា​ល្អមើល​។ បើទោះជា​ជាប់​បម្រាម​ដោយសារ​កាត​ក្រហម​ក៏ដោយ លោក Mourinho បាន​ប្រើ​ប្រព័ន្ធ​ប្រយុទ្ធ​ដើម្បី​បន្លាច​ជួរ​ក្រោយ​របស់​អ្នកមាន​បុណ្យ ដែល​ទង្វើ​នេះ​គេ​ឃើញ​កីឡាករ Gonzalo Higuain បំប៉ោង​សំណាញ់ តែ​ត្រូវបាន​អាជ្ញាកណ្តាល​ពិន័យ​ដោយសារ​ប្រព្រឹត្តិ​កំហុស​។ យ៉ាងណាក្តី Pedro បាន​ជួយ​ម្ចាស់ផ្ទះ​នាំមុខ តែ Marcelo បាន​ស៊ុត​តាម​ស្មើ​វិញ​។ លទ្ធផល​នេះ​មិនបាន​ជួយ​ក្រុម​លោក Mourinho ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នោះទេ​។​

​    ​- Pep Vs Jose៖ Real Madrid ២-២ Barcelona / ខែសីហា ឆ្នាំ ២០១១ / Spanish Supercopa 
​    ​Barca ឈ្នះ La Liga ហើយ Real ឈ្នះ Copa de Rey មានន័យថា ក្រុម​ទាំងពីរ​ត្រូវ​ប៉ះគ្នា​ដើម្បី​ដណ្តើមពាន​បើក​រដូវ​កាល ២០១១/១២​។ Real ហាក់​មានប្រៀប​ជាង ហើយ​បន្ទាប់មក Mesut Ozil ក៏បាន​ស៊ុត​គ្រាប់​បើកឆាក​។ Barca វាយបក​វិញ​ដោយ​កីឡាករ David Villa និង Lionel Messi ប៉ុន្តែ Xabi Alonso បាន​ស៊ុត​តាម​ស្មើ​វិញ​នៅ​តង់​ទី​ពីរ​។ Ronaldo និង Pedro បាន​ស្វះស្វែងរ​កបាល់​ពិន័យ ១១ ម៉ែត្រ​ប៉ុន្តែ​អាជ្ញាកណ្តាល​មិន​ចាប់អារម្មណ៍​នោះទេ​។​

​    ​- Pep Vs Jose៖ Barcelona ៣-២ Real Madrid / ខែសីហា ឆ្នាំ ២០១១ / Spanish Supercopa
​    ​ប្រហែលជា​ការប្រកួត​ដ៏​ចម្រូងចម្រាស់​មិន​ធ្លាប់មាន​រវាង​គ្រូបង្វឹក​ទាំងពីរ​នៅក្នុង​ជំនួប ១៦ លើក​ជាមួយគ្នា​។ នេះ​ជាការ​ប្រកួត​ដ៏​ល្អ​បំផុត​មួយ ដោយ​គ្រាប់​បាល់​មុន​ប្រាំបួន​នាទី​មុននឹង​បញ្ចប់​ការប្រកួត​របស់ Karim Benzema បានធ្វើឱ្យ​ក្រុម​ទាំងពីរ​មាន​លទ្ធផល​ទាំងពីរ​ជើង ៤-៤​។ ខណៈពេល​វេលា​ជិត​អស់ Lionel Messi បាន​ទម្លាយ​សំណាញ់ Real នៅ​នាទី​ទី ៨៨ ហើយ​បន្ទាប់ពី​នោះមក អ្វីៗ​ត្រូវបាន​ផ្លាស់ប្តូរ​ទាំងស្រុង​។ កាត​ក្រហម​របស់ Marcelo បាន​បង្កឱ្យមាន​ការ​ប៉ះ​ទ​ង្កិ​ច​ដ៏​ធំ​មួយ​ដែល​ចូលរួម​ប្រតាយប្រតប់​ដោយ​កីឡាករ និង​មន្ត្រី​ក្រុម​ទាំងពីរ​។ លោក Mourinho នៅពេល​នោះបាន​ប្រើ​ដៃ​ចាក់​ភ្នែក​លោក Tito Vilanova ខណៈ​ការប្រកួត​ដ៏​ល្អ​មួយ​បានបញ្ចប់​ដោយ​ភាពចលាចល​។ ពេលនោះ​លោក Tito Vilanova ជួយ​ដឹកនាំ​ជំនួយ​លោក Pep បណ្តោះអាសន្ន​។ 

​    ​- Pep Vs Jose៖ Real Madrid ១-៣ Barcelona / ខែធ្នូ  ឆ្នាំ ២០១១ / ក្របខ័ណ្ឌ La Liga
​    ​Real បាន​ស្ថិតនៅលើ​កំពូល​តារាង​នៅក្នុង​ការប្រកួត​នេះ ហើយ Karim Benzema បាន​ស៊ុត​គ្រាប់​បាល់​លឿន​ជាងគេ​នៅក្នុង​ប្រវត្តិសាស្ត្រ Clasico ដោយ​ចំណាយ​ត្រឹម ២៣ វិនាទី​។ យ៉ាងណាក្តី Barca បាន​លុត Real Madrid វិញ​យ៉ាង​ចាស់ដៃ​ដោយ​គ្រាប់​បាល់​ពី​កីឡាករ Alexis Sanchez, Xavi និង Cesc Fabregas​។ វា​ជា​លទ្ធផល​ដែល​មានន័យថា Mourinho ឈ្នះ​តែមួយ​ប្រកួត​ប៉ុណ្ណោះ​នៅពេល​ប៉ះ​ក្រុម Barcelona របស់លោក Guardiola ចំនួន​ប្រាំបី​ប្រកួត​។​

​    ​- Pep Vs Jose៖ Real Madrid ១-២ Barcelona / ខែមករា ឆ្នាំ ២០១២ / ក្របខ័ណ្ឌ Copa del Rey
​    ​ដោយ​ឈ្នះ​តែមួយ​ប្រកួត​ក្នុងការ​ប្រកួត​ប្រាំបួន​លើក Cristiano Ronaldo បាន​ជួយ Real នាំមុខ ប៉ុន្តែ Carles Puyol បាន​តាម​ស្មើ ហើយ Eric Abidal ស៊ុត​គ្រាប់​ជ័យជម្នះ​ធ្វើឱ្យ​ក្រុម​លោក Guardiola មាន​ទឹកមាត់​លេប​ច្រើន​សម្រាប់​ជំនួប​ជើង​ទី​ពីរ​នៅ​ទឹកដី Camp Nou​។​

​    ​- Pep Vs Jose៖ Barcelona ២-២ Real Madrid / ខែមករា ឆ្នាំ ២០១២ / ក្របខ័ណ្ឌ Copa del Rey
​    ​ក្រុម​អ្នកគាំទ្រ​អ្នក​មានបុណ្យ​បាននាំគ្នា​ស្រែកថា "Mourinho អើយ​កុំ​ទៅណា​អី​" ខណៈ​ពួកគេ​បា​នាំមុខ ២-០ នៅ​តង់​ទីមួយ​។ ដោយ​ការឆ្លើយតប​ទៅនឹង​ការ​ឌឺដង​របស់​ប្រិយមិត្ត​ក្រុម​ម្ចាស់ផ្ទះ Real ពិតជា​ធ្វើ​បានល្អ​នៅ​តង់​ទី​ពីរ ដោយ Ronaldo និង Benzema បាន​ស៊ុត​តាម​ស្មើ ២-២ ហើយ​បាន​បិទមាត់​ក្រុម​អ្នកគាំទ្រ​ទាំងនេះ​។​

​    ​- Pep Vs Jose៖ Barcelona ១-២ Real Madrid / ខែមេសា ឆ្នាំ ២០១២ / ក្របខ័ណ្ឌ La Liga
​    ​Real Madrid នៅពេល​នោះបាន​ដាច់​បួន​ពិន្ទុ​នៅលើ​កំពូល​តារាង ប៉ុន្តែ​អធិរាជ​សមាន​កំណត់ត្រា​មិនល្អ​ជាមួយ​អ្នកមាន​បុណ្យ​។ ទោះយ៉ាងណា កំណត់ត្រា​អន់​របស់លោក Mourinho គ្មាន​ប្រយោជន៍​អ្វី​ទាំងអស់ ខណៈ Cristiano Ronaldo បាន​ស៊ុត​គ្រាប់​ជ័យជម្នះ ហើយ​បិទមាត់​ទស្សនិកជន​ជាង ១០ ម៉ឺន​នាក់​នៅក្នុង​កីឡដ្ឋាន Camp Nou​។ លទ្ធផល​នេះ​ជួយ Real ដាច់​ប្រាំពីរ​ពិន្ទុ​ហើយក៏​បាន​គ្រង​ជើងឯក​ជា​លើកដំបូង​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​។ រាប់​ពី​ពីរ​រដូវ​កាល​ថយក្រោយ លោក Mourinho ត្រូវបាន​ជួល​ដើម្បី​បំបាក់​លោក Guardiola ហើយ​រដូវ​កាលនោះ គាត់​ធ្វើបាន​សម្រេច​។ លោក Pep បាន​ចាកចេញ​នៅ​ចុងរដូវ​កាលនោះ ជាមួយ​ភាពជោគជ័យ ប៉ុន្តែ​ច្បាស់​ណាស់​គាត់​ហាក់​បាក់ស្បាត​ជាមួយ​លោក Mourinho​។​

​    ​- Pep Vs Jose៖ Bayern Munich ២-២ Chelsea / ខែសីហា ឆ្នាំ ២០១៣ / European Super Cup
​    ​លោក Guardiola បានគេច​មុខ​ពី​បាល់ទាត់​អស់​រយៈពេល​មួយឆ្នាំ និង​លោក Mourinho ប៉ុន្តែ​អ្នក​ទាំងពីរ​នៅតែ​ខ្លាំង​ដាក់គ្នា​ដដែល​នៅពេល​ប្រឈមមុខ​ដាក់គ្នា​។ Bayern បានឈ្នះ Champions League ដោយ​ស្នាដៃ​លោក Jupp Heynckes មុននឹង​លោក Guardiola បាន​មកដល់​ប្រទេស​អាល្លឺម៉ង់ ស្របពេល Rafa Benitez បាន​ជួយ Chelsea ឈ្នះ Europa League និង​រក្សា​កៅអី​បាន​យ៉ាង​ល្អ​ឱ្យ​លោក Mourinho​។ ក្នុងការ​ប្រកួត​នោះបាន​បញ្ចប់​ដោយ​លទ្ធផល​បាល់​ប៉េ​ណា​ល់​ទី ៥-៤ ដោយ​លទ្ធផល​នេះ​ធ្វើឱ្យ​លោក Mourinho រអ៊ូ​ដាក់ UEFA ម្តងទៀត​ដោយសារ Ramires ទទួលបាន​កាត​ក្រហម​។​

​    ​អតីត​មិត្តភក្តិ​ជិតស្និទ្ធ​កាលពី​នៅ Barcelona ទាំងពីរ​នាក់​នេះ បាន​ក្លាយជា​គូប្រជែង​ដ៏​ស្វិតស្វាញ​ដំបូង​នៅក្នុង​ការប្រកួត​រវាង​ក្រុម Inter និង Barcelona នៅឯ​ទឹកដី San Siro ក្នុង​ក្របខ័ណ្ឌ Champions League រដូវ​កាល ២០០៩/១០ វគ្គ​ជម្រុះ​តាម​ពូ​ល​។ ក្រុម​លោក Guardiola បាន​គ្រប់គ្រង​ការប្រកួត​ទាំងស្រុង ប៉ុន្តែ​មិនអាច​ទម្លាយ​ប្រព័ន្ធ​ការពារ​ដ៏​រឹងមាំ​របស់លោក Mourinho បានទេ ចុះ​ក្នុង​រាត្រី​នេះ​វិញ តើ​ពួកគេ​នឹង​ប្រើ​យុទ្ធសាស្ត្រ​អ្វីខ្លះ​ដើម្បី​កាច់​បំបាក់​គ្នា​ដើម្បី​ក្លាយជា​ស្តេច​នៅលើ​ទីលាន​ក្នុង​ក្របខ័ណ្ឌ Premier League?៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់