adverise with khmeread Unnamed

សព​ពលករ​ខ្មែរ​២​នាក់​បាន​បញ្ជូន​មកដល់​ច្រក​ប៉ោយប៉ែត​

    បន្ទាយមានជ័យ ​៖ សព​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​២​នាក់​ត្រូវបាន​អាជ្ញាធរ​ថៃ​ប្រគល់​ប្រគល់ឱ្យ​អាជ្ញាធរ​ខ្មែរ​តាម​ច្រក​ប៉ោយប៉ែត គឺ​ម្នាក់​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​និង​ម្នាក់ទៀត​ស្លាប់​ដោយសារ​គាំងបេះដូង រួច​ប្រគល់​បន្តទៅ​ក្រុមគ្រួសារ​រួចហើយ។​

    យោងតាម​របាយការណ៍​របស់​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បានឱ្យដឹងថា នៅវេលា​ម៉ោង​១១ ​និង​២០​នាទី ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៦ ស្ថាន​អគ្គ​កុង​ស៊ុល​កម្ពុជា​ប្រចាំខេត្ត​សា​កែវ​(​ប្រទេស​ថៃ​)​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ បាន​បញ្ជូន​សាកសព ពលករ​កម្ពុជា តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ចំនួន​២​នាក់​។​

    លោក​វរៈសេនីយ៍​ត្រី ជា ដា មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បានឱ្យដឹងថា សព​ទី​១.ឈ្មោះ​ម៉ុ​ត ពោង ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយសរ ឃុំ​ស្វាយសរ ស្រុក​វ៉ារិន ខេត្តសៀមរាប មុខរបរ កម្មករសំណង់​នៅ​ខេត្ត​ឈុន​បូរី ប្រទេស​ថៃ ស្លាប់​ដោយ​គាំងបេះដូង កាលពី​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៦​ និង​ទី​២.សព​ឈ្មោះ​សាត ម៉ៃ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទ្រាំង ឃុំ​ទ្រាំង ស្រុក​ទ្រាំង ខេត្តតាកែវ មុខរបរ កម្មករសំណង់​នៅ​ខេត្ត​ណា​ខន​សុវណ្ណ ប្រទេស​ថៃ ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១៦​។​

    លោក​វរៈសេនីយ៍​ត្រី ជា ដា បន្តថា សព​ត្រូវបាន​ប្រគល់ឱ្យ​ក្រុមគ្រួសារ យកទៅ​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី​រួចហើយ​៕
 

adverise with khmeread

មតិយោបល់