Unnamed %282%29

ក្រសួងអប់រំនឹងប្រកាសលទ្ធផលប្រឡងនៅពេលបន្តិចទៀតនេះ,សិស្ស​ប្រឡងជាប់៥៥ ៧៥៣នាក់ និទ្ទេស A មានចំនួន ៤០៥ នាក់

    ភ្នំពេញ​ ៖​ សូមរង់ចាំការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ២២ សីហា ២០១៦ សម្រាប់មណ្ឌលប្រឡងរាជធានីភ្នំពេញ និងខេត្តកណ្ដាល នាពេលបន្តិចទៀតនេះ តាមរយៈទំព័របណ្ដាញសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា MoEYS Cambodia​។

    ក្រសួងអប់រំប្រកាសថា​ បេក្ខជនប្រឡងជាប់ក្នុងសម័យប្រឡងឆ្នាំ២០១៦នេះ មានចំនួន ៥៥ ៧៥៣នាក់ ត្រូវជា ៦២,១៨% នៃបេក្ខជនវត្តមានចំនួន ៨៩ ៦៦១នាក់ ។

    ក្នុងនោះ បេក្ខជនប្រឡងជាប់ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៨ ៤១៥នាក់ ត្រូវជា ៥៧,២៨% នៃបេក្ខជនចំនួន ៦៧ ០៧១នាក់ និងបេក្ខជនប្រឡងជាប់ថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៧ ៣៣៨នាក់ ត្រូវជា ៧៦,៧៥% នៃបេក្ខជនចំនួន ២២ ៥៩០នាក់។ ក្នុងនោះបេក្ខជនទទួលបាននិទ្ទេស A មានចំនួន ៤០៥ នាក់ និទ្ទេស B មានចំនួន ២ ៨០១ និទ្ទេស C មានចំនួន ៥ ៥៩៥ នាក់ និទ្ទេស D មានចំនួន ៨ ៨៣៥ នាក់ និងនិទ្ទេស E មានចំនួន ៣៨ ១១៧ នាក់។

    ក្រសួងប្រកាសផ្សាយតែបេក្ខជនដែលជាប់តែប៉ុណ្ណោះ បេក្ខជនមិនមានឈ្មោះក្នុងបញ្ជី មានន័យថាធ្លាក់។

    ទំព័របណ្ដាញសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា MoEYS Cambodia  នឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ​ និងបំពេញវិជ្ជា សម្រាប់មណ្ឌលប្រឡងរាជធានីភ្នំពេញ និងខេត្តកណ្ដាល នារសៀលថ្ងៃទី១០ ខែកញ្ញា ២០១៦ ដោយឡែកមណ្ឌលប្រឡងបណ្ដាខេត្តផ្សេងៗទៀត នឹងប្រកាសផ្សាយនាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦។

    ការប្ដូរកាលបរិច្ឆេទប្រកាសលទ្ធផលខាងលើគឺដោយសារដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ពិន្ទុរបស់បេក្ខជន បានប្រព្រឹត្តទៅប្រកបដោយភាពរលូនល្អ ពុំមានបាតុភាពមិនប្រក្រតីណាមួយកើតឡើង​ដែលធ្វើឲ្យដំណើរការការងារទាំងស្រុង បញ្ចប់មុនការគ្រោងទុក​៕
 

មតិយោបល់