Websites

សហគ្រិនជោគជ័យគួរតែបើកមើលវេបសាយទាំងអស់នេះ

មានរឿងត្រូវរៀនសូត្រច្រើនណាស់ នៅពេលអ្នកក្លាយជាសហគ្រិនមួយរូប ដែលចង់ឲ្យអាជីវកម្មរបស់អ្នកជោគជ័យ។ សំណាងល្អ មានវេបសាយច្រើនណាស់ដែលផ្តល់នូវទស្សនាទានលើកត្តាផ្សេងៗជាច្រើនក្នុងការចាប់ផ្តើម ដំណើរការ និងធ្វើឲ្យអាជីវកម្មលូតលាស់ទៅមុខ។ ខាងក្រោមនេះគឺជាវេបសាយល្អមួយចំនួនដែលសហគ្រិនទាំងអស់គួរតែ Bookmark ទុក៖ 

១- វេបសាយ Quora 
នៅពេលអ្នកបើកក្រុមហ៊ុនមួយ អ្នកច្បាស់ជាមានសំណួរជាច្រើន ដែល Google មិនអាចឆ្លើយបាននោះទេ។ តែវេបសាយ Quora អាចឆ្លើយជំនួស Google បាន។ នៅក្នុងវេបសាយនេះអ្នកអាចសួរសំណួរទៅកាន់អ្នកជំនាញជាច្រើននាក់ និងអាចចូលរួមក្នុងការសន្ទនាជាមួយពួកគេ។ អ្នកនឹងឃើញសុទ្ធតែអ្នកជំនាញល្បីឈ្មោះ និងមានប្រវត្តិរូបល្អៗ ដែលមិនធ្វើឲ្យអ្ន​កមានមន្ទិលសង្ស័យលើសមត្ថភាពរបស់ពួកគេនោះទេ។ 

២- វេបសាយ Lynda
នៅពេលអ្នកកំពុងដឹកនាំអាជីវកម្មរបស់អ្នកឲ្យឆ្ពោះទៅមុខ អ្នកប្រហែលជាត្រូវកាន់តួនាទីជាច្រើន តាំងពីរៀបយុទ្ធសាស្ត្រច្បាមយកអតិថិជនមានសក្តានុពលរហូតដល់ការសរសេរមាតិកាផ្សេងៗលើវេបសាយ។ អ្នកប្រហែលជាមិនមានជំនាញប៉ិនប្រសព្វគ្រប់ផ្នែកនោះទេ ដូច្នេះអ្នកអាចពឹងផ្អែកលើវេបសាយ Lynda បាន។ ចំណាយប្រាក់បន្តិចបន្តួចប៉ុណ្ណោះក្នុងមួយខែ អ្នកនឹងអាចរៀនវគ្គខ្លីៗអំពីប្រធានបទអាជីវកម្មជាច្រើន ដូចជា ការយល់ដឹងអំពីច្បាប់រក្សាសិទ្ធិ និងការធ្វើអាជីវកម្មដ៏ប៉ិនប្រសព្វសម្រាប់អ្នកទើបចាប់ផ្តើម។ 

៣- វេបសាយ Reddit: Startups
វេបសាយនេះអនុញ្ញាតឲ្យអ្នកទាក់ទងក្រៅផ្លូវការជាមួយសហគ្រិនផ្សេងទៀតជាច្រើន ចែករំលែកគំនិត និងដំបូន្មានផ្សេងៗ។ ក្នុងវេបសាយនេះ អ្នកក៏អាចមើលឃើញពីទស្សនាទានល្អៗជាច្រើនដើម្បីធ្វើឲ្យផលិតផល និងសេវារបស់អ្នកកាន់តែល្អប្រសើរផងដែរ។

 

៤- វេបសាយ Internet Speed Assessment Tool
អាជីវកម្មឥឡូវកម្រថាមិនមានវត្តមានលើអនឡាញណាស់។ ដើម្បីថែទាំវេបសាយរបស់អ្នក ក៏ដូចជាធ្វើការងារផ្សេងៗនៅលើអនឡាញ អ្នកត្រូវតែធ្វើឲ្យប្រាកដថា អាជីវកម្មរបស់អ្នកមានល្បឿនអ៊ីនធឺណេតគ្រប់គ្រាន់។ វេបសាយ HighSpeedInternet ផ្តល់ជូននូវឧបករណ៍ឆ្លើយតបទៅវិញទៅមកដ៏មានតម្លៃសម្រាប់ស្វែងរកមើលថាតើល្បឿនអ៊ីនធឺណេតប៉ុនណាដែលអ្នកត្រូវការ ជាមួយនឹងសំណួរខ្លីៗអំពីទម្លាប់ប្រើប្រាស់អ៊ីនធឺណេតរបស់ក្រុមហ៊ុនរបស់អ្នក។ តាមរយៈការប្រើប្រាស់វេបសាយនេះ អ្នកនឹងមិនចាំបាច់ប្រើអ៊ីនធឺណេតតម្លៃថ្លៃតទៅទៀតនោះទេ។ 

៥- វេបសាយ Startup Lawyer
បញ្ហាច្បាប់ទាក់ទងនឹងការបើកក្រុមហ៊ុនអាចជារឿងមួយដែលអ្នកមិនសូវស្គាល់នោះទេ ដរាបណាអ្នកធ្លាប់រៀនច្បាប់។ វេបសាយ Startup Lawyer ដែលសរសេរដោយមេធាវីឈ្មោះ Ryan Roberts អាចជួយអ្នកបាន។ អត្ថបទបង្ហោះទាំងឡាយគឺផ្តោតលើបញ្ហាផ្លូវច្បាប់ ក៏ប៉ុន្តែក៏មានប្រធានបទទាក់ទងនឹងការបើកក្រុមហ៊ុនផងដែរ។

៦- វេបសាយ For Entrepreneurs
ក្នុងវេបសាយនេះ អ្នកអាចរកឃើញព័ត៌មានជាច្រើនទាក់ទងនឹងដំណាក់កាលនីមួយៗនៃដំណើរការអាជីវកម្ម រាប់ចាប់ពីការស្វែងរកដើមទុន​រហូតដល់ការប្រែក្លាយក្រុមហ៊ុនថ្មីថ្មោងឲ្យទទួលបានជោគជ័យ។ 

៧- វេបសាយ ProBlogger
ការចេញផ្សាយអត្ថបទក្នុងប្លុក (Blog) គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពដើម្បីចូលរួមជាមួយនឹងអតិថិជនសម័យឌីជីថលរបស់អ្នក និងដើម្បីបង្កើនចំណាប់អារម្មណ៍ពួកគេមកលើក្រុមហ៊ុនរបស់អ្នក។ វេបសាយ ProBlogger ផ្តល់ដំបូន្មានអំពីរបៀបថែទាំ Blog ដោយមិនធ្វើឲ្យខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃនោះទេ។ ស្ថាបនិក លោក Darren Rowse ផ្តល់នូវទស្សនាទានលើរបៀបរកនឹកប្រធានបទល្អសម្រាប់ Blog របស់អ្នក ទាក់ទាញចំណាប់អារម្មណ៍អ្នកអាន រក្សាពួកគេឲ្យបន្តចូលរួម និងចុងក្រោយធ្វើឲ្យអាជីវកម្មរបស់អ្នកកាន់តែទទួលបានការគាំទ្រពីអតិថិជន។ 

៨- វេបសាយ Bplans
ប្រសិនបើអ្នកទើបតែចាប់ផ្តើមក្រុមហ៊ុនថ្មី អ្នកប្រហែលជាធ្លាប់ឮពីរបៀបធ្វើម៉េចដើម្បីអភិវឌ្ឍផែនការអាជីវកម្មឲ្យល្អហើយ។ ប្រសិនបើអ្នកមិនទាន់ចេះសរសេរផែនការអាជីវកម្ម វេបសាយនេះអាចជួយអ្នកបាន។ វេបសាយនេះផ្តល់ជូននូវប្រភពជាច្រើនដើម្បីជួយអ្នកបង្កើតទ្រឹស្តី សរសេរ និងបង្កើតផែនការអាជីវកម្មរបស់អ្នក។ អ្នកអាចមើលឧទាហរណ៍ពីឧស្សាហកម្មជាច្រើនដើម្បីបំផុសទឹកចិត្ត និងស្វែងរកដំបូន្មានអំពីការធ្វើផែនការអាជីវកម្ម និងយុទ្ធសាស្ត្រធ្វើអាជីវកម្មពីលោក Tim Berry ស្ថាបនិកវេបសាយ Bplan៕    

 

មតិយោបល់