adverise with khmeread 0

អតីត​ជំនួយការ George W. Bush លាតត្រដាង​កំណត់ហេតុ​លម្អិត​អំពី​ថ្ងៃ​វាយប្រហារ ១១ កញ្ញា មិន​ធ្លាប់​ឃើញ​ពីមុន​

    ​ទីប្រឹក្សា​កំពូល​ម្នាក់​របស់លោក George W. Bush បាន​លាតត្រដាង​អំពី​ទិដ្ឋភាព​ដ៏​ចលាចល​នៅ​ជុំវិញខ្លួន​លោក​ប្រធានាធិបតី​ក្នុងពេល​មានការ​វាយប្រហារ​ថ្ងៃ ១១ កញ្ញា​ទើបតែ​បាន​ប្រហែល​ប៉ុន្មាន​នាទី​មក​នោះ​។ 

​    ​លោក Ari Fleischer ជំនួយការ​សារព័ត៌មាន​របស់លោក Bush នៅ​គ្រា​នោះបាន​ចែក​កំណត់ត្រា​សរសេរ​ដោយ​ដៃ​នេះ​ជាមួយ Yahoo News និង Reuters នៅ​មួយ​ថ្ងៃមុន​ខួប​លើក​ទី ១៥ នៃ​សោកនាដកម្ម​នេះ (១១ កញ្ញា ២០១៦)​។​

​     កំណត់ត្រា​សរសេរ​ដោយ​ដៃ​នេះ​បាន​រ៉ាយរ៉ាប់​លម្អិត​ថា​តើ​លោក​ប្រធានាធិបតី​អន្ទះអន្ទែង​ប៉ុនណា​ដើម្បី​តាម​ចាប់ខ្លួន​ពួក​ចង្រៃ​នៅ​ពីក្រោយ​ការវាយប្រហារ​នោះ ប្រាប់​ពី​របៀប​ដែល​ក្រុមមន្ត្រី​នៅ​ជុំវិញខ្លួន​លោក​ដោះស្រាយ​ជាមួយ​ការ​គំរាម​ក្លែងក្លាយ​ប្រឆាំងនឹង​យន្តហោះ Air Force One និង ដី​របស់លោក Bush នៅ​រដ្ឋ​តិច​សាស និង​របៀប​ដែល Bush គិត​មិន​ឈប់​សោះ​អំពី​រឿង​នាំ​គ្រួសារ​របស់គាត់​ត្រឡប់មក​រដ្ឋធានី​វ៉ាស៊ីនតោន​វិញ​ដើម្បី​សុវត្ថិភាព​។ 

​    ​កំណត់ហេតុ​ទីមួយ​បាន​សរសេរ​នៅ​ម៉ោង ៨:៤៥ នាទី​ព្រឹក មួយ​នាទី​មុន​ម៉ោង​ជាក់ស្តែង​នៃ​ការវាយប្រហារ​ទីមួយ និង​មាន​ខ្លឹមសារ​ថា "Karl (Rove) ប្រាប់ POTUS (​ប្រធានាធិបតី​អាមេរិក​) អំពី​ការធ្លាក់​យន្តហោះ​ទីមួយ ខណៈ POTUS កំពុង​អន​ឡាញ​នៅ​សាលា​"​។ 

​    ​កំណត់ហេតុ​ទី​ពីរ​សរសេរ​នៅ​មួយ​ម៉ោង​ក្រោយ​គឺ ៩:៤៥ នាទី​ព្រឹក នៅពេល​ប្រធានាធិបតី និង​ក្រុមមន្ត្រី​របស់គាត់​ឡើង​ជិះ​យន្តហោះ Air Force One​។ 

​    ​យោងតាម​កំណត់ហេតុ​របស់លោក Fleischer លោក Bush ប្រាប់​អនុ​ប្រធានាធិបតី Dick Cheney ថា "​ស្តាប់ទៅ​ដូចជា​យើង​កំពុងមាន​សង្គ្រាម​តូច​មួយ​កើតឡើង​នៅទីនេះ​។ ខ្ញុំ​បានដឹង​អំពី​រឿង​នៅ​មន្ទីរ​បញ្ជ​កោណ​"​។​

​    ​មួយសន្ទុះ​ក្រោយមក ខណៈ​កំពុងនិយាយ​ទូរស័ព្ទ​ទៅ​មេៗ​រដ្ឋសភា លោក Bush បានប្រកាសថា "​យើង​កំពុង​នៅក្នុង​សង្គ្រាម​។ នោះ​ជា​អ្វីដែល​យើង​ខាតបង់​ទៅ​ពួក​ចង្រៃ​អស់នោះ​។ យើង​នឹង​ចាត់ការ​រឿងនេះ នៅពេល​យើង​រកឃើញថា​នរណា​បានធ្វើ​រឿងនេះ ពួកគេ​នឹងមិន​ចូលចិត្ត​ខ្ញុំ​ក្នុងនាម​ជា​ប្រធានាធិបតី​ទេ​។ នឹងមាន​អ្នក​សោកស្តាយ​ជាមិនខាន​"​។ 

​     កំណត់ហេតុ​មួយទៀត សរសេរ​នៅ​ម៉ោង ១០:២០ នាទី​ព្រឹក បង្ហាញ​លោក Bush ចេញ​បញ្ជា​ផ្តាច់​ការឱ្យ​បាញ់​ទម្លាក់​រាល់​យន្តហោះ​ដែល​បាន​ប្លន់​ណាមួយ​ដែល​កំពុង​ជិះ​តាមផ្លូវ​ឆ្ពោះទៅរក​គោលដៅ​សក្តានុពល​ណាមួយ​។ 

​    ​មិនបាន​ប៉ុន្មាន​ផង ក្នុង​កំណត់ហេតុ​របស់លោក Fleischer បាន​សរសេរ​នៅ​ម៉ោង ១០:៣២ ព្រឹក​ថា ពួកគេ​ត្រូវបាន​ប្រាប់​កុហកថា "Angel ជា​គោលដៅ​បន្ទាប់​" មានន័យថា​យន្តហោះ Air Force One ជា​គោលដៅ​វាយប្រហារ​។​

​      ប្រហែល​កន្លះ​ម៉ោង​ក្រោយ បន្ទាប់ពី​គេ​ប្រាប់ថា កូនស្រី​របស់លោក (Bush) កំពុង​នៅ​កន្លែង​សុវត្ថិភាព កំណត់​ហេតុនេះ​បង្ហាញថា លោក​ប្រធានាធិបតី​បានសម្រេច​ចិត្ត​ដាក់​សហរដ្ឋអាមេរិក​ក្នុងស្ថានភាព​ត្រៀម​ការពារ​ខ្លួន ហៅថា DEFCON 3​។ 

​    ​លោក Fleischer និយាយថា "​ខ្ញុំ​តែង​កត់ត្រា​ហេតុការណ៍​ទុកជា​និច្ច​។ វា​ជា​របៀប​ដែល​អ្នកធ្វើការងារ​រប​ស់​អ្នក​។ ប៉ុន្តែ​នៅ​ថ្ងៃទី ១១ កញ្ញា វា​ពិតជា​សំខាន់​ណាស់​ដែល​ត្រូវ​កត់ត្រា​រាល់​អ្វីដែល​ប្រធានាធិបតី​ធ្វើ និង​និយាយ​។ ខ្ញុំ​បាន​នៅក្បែរ​គាត់​ស្ទើរ​ពេញ​មួយថ្ងៃ ហើយ​បន្ត​នៅក្នុង​កាប៊ីន​របស់គាត់​នៅលើ​យន្តហោះ Air Force One ដើម្បី​ស្តាប់​និង​កត់ត្រា​"​។​

​      ការកត់ត្រា​ដោយ​ដៃ​បាន​បង្កើនល្បឿន នៅពេល​យន្តហោះ Air Force One ចុះចត ជាមួយ​ប្រធានាធិបតី​បានរៀបចំ​ចំណាត់ការ​បន្ទាប់​របស់​លោក​រួចជាស្រេច​។ 

​    ​យោងតាម​កំណត់ហេតុ​នោះ លោក Bush បាន​និយាយ​នៅ​ម៉ោង ១២:៤០ ថ្ងៃត្រង់​ថា "​ខ្ញុំ​មិនអាច​ទ្រាំ​ចាំ​តាម​វែកមុខ​ជន​ដែល​បាន​ប្រព្រឹត្ត​បានទេ​។ វា​នឹង​ចំណាយពេល​យូរ យើង​មិន​អាចធ្វើ​កិច្ចការ​ច្រើន​ក្នុងពេល​តែមួយ​ទេ​"​។​

​     ១៥ នាទី​ក្រោយមក លោក​ប្រធានាធិបតី​បាន​តេ​ទៅ​ព្រឹទ្ធសមាជិក​បក្ស​ប្រជាធិបតេយ្យ​លោក Chuck Schumer ប្រចាំ​ក្រុង​ញូវយ៉ក ដោយ​ប្រាប់​គាត់​ថា "​យើង​នឹង​រួមដៃគ្នា​។ សូម​ព្រះ​ប្រទាន​ពរ​ផង​ចុះ​"​។ 

​    ​កំណត់ហេតុ​នោះ​បញ្ជាក់ថា លោក Bush អាចមាន​ពេល​តេ​ប្រាប់​ជំទាវ​ទីមួយ​របស់គាត់​ជា​លើកដំបូង​នៅ​ម៉ោង ៤:៣៩ នាទី​រសៀល តាំងពី​ការវាយប្រហារ​កើតឡើង​នៅពេល​ព្រឹក​មក​នោះ​៕

ប្រភព​៖ ដេលី​មែ​ល

adverise with khmeread

មតិយោបល់