1

តើប្រទេសណាខ្លះមានអាវុធនុយក្លេអ៊ែរ?

          សមាជិក​អចិន្ត្រៃយ៍​ទាំង​ប្រាំ​របស់​ក្រុម​ប្រឹក្សាសន្តិសុខអង្គការសហប្រជា​ជាតិ គឺ សហរដ្ឋអាមេរិក អង់គ្លេស​ បារាំង ចិន និង​ រុស្ស៊ី​​ ដែល​មាន​អាវុធ​នុយ​ក្លេ​អ៊ែរជាផ្លូវការ។ ចំណែកប្រទេសឥណ្ឌា​និង​​ប៉ាគីស្ថានក៏​​មានអាវុធ​នុយក្លេអ៊ែររួម​ទាំង​​ប្រទេ​ស​អ៊ីស្រាអែលផងដែរ ដែលរក្សាគោលនយោបាយ​នៃ​ភាព​ទំនើបរបស់​នុយ​ក្លេ​​អ៊ែរ​។ កូរ៉េខាងជើង​ត្រូវបានគេដឹងជាទូទៅថា បាន​ធ្វើ​តេស្ត​អាវុធ​នុយ​ក្លេ​អ៊ែរ​រួច​ហើយ។ ប្រសិនបើ​ កូរ៉េខាងជើងសម្រេចបាននូវបច្ចេកវិទ្យាដែលត្រូវ​ការ​ដើម្បី​ផលិត​ក្បាល​គ្រាប់​ខ្នាតតូច​មែន ​គេអាចយល់​បានថា ក្បាលគ្រាប់​ទាំងនេះ​នឹងត្រូវ​បាន​ប្រើ​ប្រាស់ ដើម្បីបំពាក់​លើ​កាំជ្រួច​ឆ្លង​ទ្វីប ដែល​អាច​បាញ់​ដល់​ប្រទេស​ជិត​ខាងនៅតំបន់​អាស៊ី​ហើយ​អាចបាញ់ដល់សហរដ្ឋអាមេរិក​ទៀតផង។

ប្រភេទអាវុធនុយក្លេអ៊ែរមានដូចជា

       គ្រាប់​បែក​អាតូមិក (A-bomb) ជា​ប្រភេទ​អាវុធ​ថ្មីដែល​មានឥទ្ធិពល​ខ្លាំង​និងជាប្រភេទ គ្រាប់​បែក​ដែលធ្វើ​ការលើ​គោល​ការណ៍​​បន្ទុះនុយក្លេអ៊ែ។ទីក្រុង​ណាហ្គាសាគី និងក្រុងហ៊ីរ៉ូ​ស៊ី​ម៉ារបស់ជប៉ុន​ត្រូវបាន​បំផ្លាញ​ដោយ​ប្រភេទ​គ្រាប់​បែកអាតូមិក​ A-bomb នេះ។ ការធ្វើ​តេស្ត​គ្រាប់បែក​មរមា​ណូ​​ធ្វើ​ឡើង​នៅ​ខែ​កក្កដាឆ្នាំ​១៩៤៥​​នៅ​រដ្ឋ New Mexico សហរដ្ឋអាមេរិក។ កាល​ពី​ខែសីហា​ឆ្នាំ​១៩៤៩ សហភាព​សូវៀត​បានសាកល្បងគ្រាប់បែកបរមាណូ​លើក​ដំបូង​របស់ខ្លួន​ នៅតំបន់​វាលខ្សាច់នៃប្រទេសកាហ្សាក់ស្ថាន។

គ្រាប់បែក​ហ៊ីដ្រូសែន (H-bomb) ជាប្រភេទគ្រាប់បែក​ហ៊ីដ្រូសែន​ឬ​ឧណ្ហនុយក្លេអ៊ែរ​​ធ្វើការលើ​គោល​ការ​រលាយចូលគ្នា​​នៃសារធាតុនុយ​ក្លេអ៊ែរពីរ ​និង​បង្កើត​ស៊ីតុណ្ហភាពក្តៅ​ដែលប្រហាក់ប្រហែលនឹង​ស៊ីតុណ្ហ​ភាព​ស្នូលរបស់​ព្រះអាទិត្យ។ ការធ្វើតេស្តគ្រាប់បែក H-bomb លើកដំបូ​ង​​របស់​អាមេរិក​គឺនៅ​ថ្ងៃទី​១​ខែវិច្ឆិកាឆ្នាំ​១៩៥២ នៅ​ Marshall Islands ជា។ សហភាព​សូវៀត​បាន​សាក​ល្បង​គ្រាប់បែក H-bomb របស់ខ្លួនមួយឆ្នាំ​ក្រោយគឺកាលពីថ្ងៃទី​៣០​ខែ​តុលា​ឆ្នាំ​១៩៦១​ហើយជាការផ្ទុះធំបំផុត​រហូត​មក​ទល់ពេល​នេះ​។​​គ្រាប់​បែក“Tsar Bomba” របស់សូវៀតផ្ទុះនៅ​សមុទ្រអាក់ទិកមានកម្លាំងរហូតដល់៥៧​ ម៉េហ្គាតោន។

ក្បាលគ្រាប់ប្រភេទ ER ក្បាលគ្រាប់ប្រភេទនេះគឺផ្អែកលើ​គោលការណ៍​ឧណ្ហនុយក្លេអ៊ែរនៃ​គ្រាប់​បែក​ H-bomb។ ER ត្រូវបានរចនាដើម្បីបង្កើត​សារធាតុវិទ្យុសកម្ម​ជាជាងថាមពល។ គ្រាប់​បែក​ប្រភេទនេះ ផ្តោតគោលដៅលើ​តែមនុស្ស​និងអាចកាត់បន្ថយ​ការ​​ខូច​​ខាតចំពោះ​អាគារ ស្ពាននិង​ហេដ្ឋារចនា​សម្ព័ន្ធផ្សេងទៀត។

ចំណែកកូរ៉េ​ខាងជើងបាន​ប្រកាសកាល​ពី​ថ្ងៃពុធថា​ខ្លួន​បាន​សាកល្បង​ គ្រាប់បែកបរមាណូ​ប្រភេទ “H” ឬ​ “A”ជាប្រភេទ​គ្រាប់​​​​បែក​ហ៊ីដ្រូសែន​ខ្នាត​តូច​ដោយ​ជោគជ័យ​ ហើយប្រសិន​បើរឿងនេះ​ត្រូវបាន​បញ្ជាក់ថា​ ជា​ការពិត​នោះ វានឹងធ្វើឲ្យ​ប្រទេសនេះស្ថិតក្នុងចំណោមប្រទេស​​មួយ​ចំនួន​តូច​ដែល​មាន​អាវុធដ៏​​គ្រោះថ្នាក់។​

          ជាទូទៅអាវុធនុយក្លេអ៊ែរ​នៅលើ​ពិភពលោកមាន​ក្បាល​គ្រាប់​ពីរ​ប្រ​ភេទ​គឺគ្រាប់​បែកអាតូមិក​ (A-bombs)និង គ្រាប់បែកហ៊ីដ្រូសែនឬ​ឧណ្ហបរមាណូ (H-bombs)។​ ក្បាល​គ្រាប់ (ER) គឺជាក្បាលគ្រាប់​ប្រភេទ​ទី​៣ ​ដែល​បង្កើនកម្រិត​​វិទ្យុ​សកម្ម និងត្រូវបានគេ ដាក់​ឈ្មោះថា “គ្រាប់បែកណឺតត្រុង” ត្រូវបានគេបង្កើត​ឡើង​ដោយ​ប្រើប្រាស់​គោល​ការណ៍​ឧណ្ហបរមាណូ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ​គេមិនទាន់​ប្រើ​ប្រាស់​​គ្រាប់បែក​ប្រភេទ​នេះ​ជាទូទៅនៅឡើយទេ៕

មតិយោបល់