adverise with khmeread Untitled 1

គ្រូពេទ្យ​ម្នាក់​ខំ​រត់​មក​សង្គ្រោះ​កូន​អ្នកជំងឺ តែ​បែរជា​រង​ការស្តីបន្ទោស​ឥត​សំចៃមាត់ ចុងក្រោយ​ស្ល​ត់​ចិត្ត​ពេល​ដឹង​ការពិត​របស់​គ្រូពេទ្យ​ម្នាក់​នោះ​

    ​គ្រូពេទ្យ​ម្នាក់​បានមក​មន្ទីរពេទ្យ​ទាំង​ប្រញាប់ប្រញាល់​បន្ទាប់ពី​ត្រូវបាន​តេ​មក​វះកាត់​ដ៏​ចាំបាច់​មួយ​។ គាត់​បាន​ឆ្លើយ​ទូរស័ព្ទ​តាម​ដែល​អាចធ្វើ​ទៅបាន ហើយ​បាន​ផ្លាស់ប្តូរ​ឈុត​វះកាត់ និង​រត់​តម្រង់​ទៅ​បន្ទប់វះកាត់​ភ្លាម​តែម្តង​។ គាត់​បានឃើញ​ឪពុក​របស់​ក្មេង​កំពុង​រង់ចាំ​គាត់​នៅក្នុង​សភាព​តក់ក្រហល់​ជាខ្លាំង​។​

​    ​នៅពេល​ឃើញ​គ្រូពេទ្យ ឪពុក​រូប​នោះបាន​ស្រែកថា "​ហេតុអ្វី​ក៏​លោក​ឯង​មក​យូរ​ម្ល៉េះ​? តើ​លោក​មិនដឹង​ទេ​ថា​ជីវិត​កូន​ខ្ញុំ​កំពុង​ស្ថិតក្នុង​គ្រោះថ្នាក់​? តើ​លោក​មិនមាន​ទំនួល​ខុសត្រូវ​បន្តិច​ទេ​ឬ​?

​    ​គ្រូពេទ្យ​រូបនោះ​ញញឹម​ហើយ​និយាយថា "​ឱ្យ​ខ្ញុំ​សុំទោស​ផង​! អំបាញ់មិញ​ខ្ញុំ​មិនបាន​នៅ​មន្ទីរពេទ្យ​នេះ​ទេ ហើយ​ខ្ញុំ​បានមក​ទីនេះ​ទាំង​ប្រញាប់​តាម​ដែល​អាចទៅរួច បន្ទាប់ពី​លើក​ទូរស័ព្ទ​និយាយ​។ ខ្ញុំ​សង្ឃឹមថា លោក​នឹង​ស្ងប់​អារម្មណ៍ ដូច្នេះ​ខ្ញុំ​អាចធ្វើ​ការងារ​របស់ខ្ញុំ​"​។​

​    ​ឪពុក​ដែល​ក្តៅក្រហាយ​រូបនោះ​បាន​តប​វិញ​ថា "​ស្ងប់​អារម្មណ៍​? ចុះបើ​កូនលោក​នៅក្នុង​បន្ទប់វះកាត់​នេះ តើ​លោក​នឹង​ស្ងប់​អារម្មណ៍​ដែរ​ទេ​? ប្រសិនបើ​កូនលោក​ស្លាប់​ខណៈ​រង់ចាំ​គ្រូពេទ្យ តើ​លោក​នឹងធ្វើ​ដូចម្តេច​?"​។  គ្រូពេទ្យ​រូបនោះ​ញញឹម​ម្តងទៀត ហើយ​ឆ្លើយតប​ថា "​យើង​នឹង​ព្យាយាម​ឱ្យ​អស់ពី​សមត្ថភាព​ហើយ​លោក​គួរតែ​បន់ស្រន់​ឱ្យ​កូន​របស់លោក​មាន​សុខភាព​ល្អ​"​។​

​    ​ឪពុក​នោះបាន​រអ៊ូ​ថា “​ឱ្យ​ដំបូន្មាន​គេ ពេល​យើង​គ្មាន​បារម្ភ​អ្វី​សោះ គឺ​ងាយស្រួល​ណាស់​”​។​

​    ​ការវះកាត់​នោះបាន​ចំណាយ​អស់​ជាច្រើន​ម៉ោង ហើយ​នៅពេល​គ្រូពេទ្យ​ចេញពី​បន្ទប់ គាត់​បាន​និយាយថា "​ល្អ​ណាស់​! កូន​របស់លោក​ត្រូវបាន​ជួយសង្គ្រោះ​ហើយ​"​។ ហើយដោយ​មិនបាន​រង់ចាំ​ការឆ្លើយតប​របស់​ឪពុក គ្រូពេទ្យ​រូបនេះ​បាន​រត់​ទាំង​ប្រញាប់ ដោយ​និយាយថា "​ប្រសិនបើ​លោក​មាន​សំណួរ​អ្វី​នោះ អាច​សួរ​គិលានុបដ្ឋាយិកា​បាន​"​។​

​    ​ឪពុក​រូប​នោះបាន​និយាយ​ទៅកាន់​គិលានុបដ្ឋាយិកា​បន្ទាប់ពី​គ្រូពេទ្យ​ខាងលើ​បាន​ចាកចេញ យ៉ាង​ដូច្នេះ​ថា "​ហេតុ​អី​គ្រូពេទ្យ​នេះ​វាយឫក​ម្ល៉េះ​? គាត់​មិនអាច​ចាំ​ប៉ុន្មាន​នាទី​ទេ​ឬ ដើម្បី​ទុកពេល​ឱ្យ​ខ្ញុំ​សួរ​អំពី​អា​ការៈកូន​របស់ខ្ញុំ​?"​។ គិលានុបដ្ឋាយិកា​បាន​ឆ្លើយតប​ទាំង​ទឹកភ្នែក​ស្រក់​ថា "​កូន​របស់គាត់​បាន​ស្លាប់​កាលពី​ម្សិលមិញ​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​។ គាត់​បាន​ស្ថិតនៅក្នុង​ពិធី​បញ្ចុះសព​នៅពេល​យើង​តេ​ហៅ​គាត់​ដើម្បី​វះកាត់​កូន​របស់លោក​។ ហើយ​ឥឡូវ​គាត់​បាន​ជួយសង្គ្រោះ​កូន​របស់លោក​ហើយ​។ គាត់​បាន​ចាកចេញ​ទាំង​ប្រញាប់​នេះ​ដើម្បី​បញ្ចប់​ពិធីបុណ្យ​របស់​កូន​គាត់​"​។​

​    ​*** កុំ​វិនិច្ឆ័យ​នរណាម្នាក់​ឱ្យសោះ ព្រោះ​អ្នក​មិនបាន​ដឹងថា​តើ​ជីវិត​របស់​ពួកគេ​យ៉ាងណា​នោះទេ ហើយក៏​មិនដឹងថា​តើ​ពួកគេ​បាន​ហែល​ឆ្លង​អ្វី​នោះដែរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់