adverise with khmeread Unnamed %2813%29

បឹងកេត​អង្គរ​គ្រង​ម្ចាស់​ដំណែង​ជើងឯក​លី​គ​កំពូល​កម្ពុជា រដូវ​កាល ២០១៦

    ភ្នំពេញ ៖ ក្រុម​បឹងកេត​អង្គរ​បាន​គ្រង​ម្ចាស់​ដំណែង​ជើងឯក ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា រដូវ​កាល ២០១៦ បន្ទាប់ពីរកបាន​៣​ពិន្ទុ​បន្ថែម​ពី​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដោយ​លទ្ធផល ២​ទល់​១ សម្រាប់​ការប្រកួត​ចុង ក្រោយ​នា​សប្តាហ៍​សរុប​ទាំងអស់ ​ចំនួន​១៨​សប្តាហ៍ ជាមួយនឹង​ការប្រកាស​បិទ​ជា​ផ្លូវការ កាលពី​យប់​ចុង​សប្តាហ៍ កន្លងទៅ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​

    ក្រុម​បឹងកេត​អង្គរ ដែល​ក្លាយជា​ម្ចាស់​ជើងឯក​លើក​ទី​២​របស់ខ្លួន នា​ឆ្នាំ​២០១៦​នេះ បានបញ្ចប់​ជាមួយនឹង លទ្ធផល​ពិន្ទុសរុប​ពេញ​មួយ​រដូវ​កាល ចំនួន ៤៧​ពិន្ទុ ខណៈ​ក្រុម​ជើងឯក​រង បាន​ទៅលើ​ក្រសួងការពារជាតិ​ជាមួយ​នឹង​ពិន្ទុសរុប៤៦​ពិន្ទុ​។ ចំណែកឯ​ក្រុម​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅលើ​ក្រុម​ណាហ្គា​វើ​ល ដែលមាន​ពិន្ទុ​៣៥ ពិន្ទុ​។​

    សម្រាប់​ក្រុម​ជ័យលាភី ក្រុម​បឹងកេត​អង្គរ បានទទួល​ពានរង្វាន់​១ មេដាយមាស អមដោយ​ប្រាក់រង្វាន់ ចំនួន ៦០​លាន​រៀល​, ក្រុម​ជើងឯក​រង ក្រសួងការពារជាតិ មេដាយប្រាក់ អមដោយ​ប្រាក់រង្វាន់ ៤៦​លាន​រៀល ហើយ​ក្រុម​ណាហ្គា​វើ​ល ដែល​ដ​ណ្តើ​បាន​ចំណាត់ថ្នាក់​លេខ​៣​នោះ ទទួលបាន​មេដាយសំរិទ្ធ អមដោយ​ប្រាក់ រង្វាន់​៣៦​លាន​រៀល និង​ក្រុម​ចំណាត់ថ្នាក់​លេខ​៤ ព្រះខ័ន​រាជ​ស្វាយរៀង​ទទួលបាន​បាន ៣០​លាន​រៀល ខណៈ​ក្រុម Fair-Play បាន​ទៅលើ​ក្រុម​ក្រសួងការពារជាតិ ដោយ​ទទួលបាន​ទឹកប្រាក់ ៤​លាន​រៀល​ផងដែរ​។​

    ចំណែក​កីឡាករ ចាន់ វឌ្ឍនាកា របស់​បឹងកេត​អង្គរ​បាន​បន្ត​ឈ្នះ​ពាន​ជា​កីឡាករ​ល្អ​ប្រចាំឆ្នាំ​២០១៦ នេះ និង​ពាន​អ្នក​រកបាន​គ្រាប់​បាល់​ច្រើនជាងគេ ចំនួន​២២​គ្រាប់​ដោយបាន​ទឹកប្រាក់​សរុប ៣​លាន​រៀល​, រីឯ​កីឡាករ អ៊ុំ សេរី​រ័ត្ន ជា​អ្នកចាំទី​ល្អ ទឹកប្រាក់ ១​លាន​៥​សែន​រៀល ខណៈ​ពាន​គ្រូបង្វឹក​ល្អ​បាន​ទៅ​លោក ទេព ឡុង​រចនា មកពី​ក្លឹប​ក្រសួងការពារជាតិ ដែលមាន​ទឹកប្រាក់​លើក​ទឹកចិត្ត​ចំនួន ១​លាន​៥​សែន​រៀល​។

    សម្រាប់​ក្រុម​ជើងឯក បឹងកេត​អង្គរ ទទួលបាន​សិទ្ធិ​ទៅ​ចូលរួម​ការប្រកួត​ពាន​រង្វាន់ Toyota Mekong Club Championship នៅ​ចុង​ឆ្នាំនេះ ដោយ​ក្រុម​មួយ​នេះ​ត្រូវ​ឈរ​ចាំ​នៅ​វគ្គ ១/២ ផ្តាច់ព្រ័ត្រ ហើយ​ក៏មាន​ទឹកប្រាក់ ចំនួន ៣​ម៉ឺន​ដុល្លារ​អាមេរិក ក្នុង​ដៃ​រួចជាស្រេច​។ ក្រៅពីនេះ បឹងកេត​អង្ករ​ត្រូវ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ ចំនួន​២ ផ្សេងទៀត គឺ​ពានរង្វាន់ BTV Cup នៅ​ប្រទេស​វៀតណាម និង​ចូលរួម​ប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់​ក្លឹប លំដាប់​ទី​២ ទ្វីបអាស៊ី AFC Cup ២០១៦​ផងដែរ​។​

    សូមបញ្ជាក់ថា ក្នុងឱកាស​បិទ​ការប្រកួត​លី​គ​កំពូល​កម្ពុជា រដូវ​កាល​២០១៦​នេះ ឯកឧត្តម ស៊ាន បូរ៉ា​ត រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ កីឡាបាល់ទាត់​កម្ពុជា FFC បាន​អញ្ជើញ​ចូលរួម​បំពាក់​មេដាយ និង​ប្រគល់ជូន​ពានរង្វាន់​ដល់​ក្រុម​ជ័យលាភី ផងដែរ​៕​

adverise with khmeread

មតិយោបល់