មូលហេតុដែលនិយោជិតគួរត្រូវបានចាត់ទុកដូចអតិថិជនល្អបំផុតរបស់ក្រុមហ៊ុន

យើងទាំងអស់គ្នាច្បាស់ជាធ្លាប់ឭហើយនូវប្រយោគមួយដែលនិយាយថា "អតិថិជនតែងតែត្រូវជានិច្ច"។ ទស្សនៈនៅពីក្រោយប្រយោគនេះគឺសាមញ្ញណាស់។ អាជីវកម្មមួយអាចជោគជ័យបាន ទាល់តែពួកគេអាចរក្សាបានអតិថិជនរបស់ខ្លួន។ ទោះយ៉ាងណា ក្នុងដំណើរការបំពេញចិត្តអតិថិជនឲ្យខាងតែបាន ក្រុមហ៊ុនជាច្រើនមិនដែលមានក្តីបារម្ភនោះទេក្នុងការបើកទ្វារចំហរសម្រាប់ឲ្យបុគ្គលិកថ្នាក់ទាប ដែលកម្រចំណាយពេលធ្វើការឲ្យបានច្រើនជាង ១ ឬ ២ឆ្នាំ ដើរចេញពីក្រុមហ៊ុនខ្លួន។ ប្រសិនបើអាជីវកម្មមួយចង់បានភាពជោគជ័យពិតប្រាកដ អាជីវកម្មនោះត្រូវតែចាត់ទុកបុគ្គលិករបស់ខ្លួនតាមវិធីដូចគ្នាដែលខ្លួនចាត់ទុកអតិថិជនដូច្នោះដែរ ដោយត្រូវបង្កើតឲ្យបាននូវទំនាក់ទំនងដែលមានផលប្រយោជន៍ទៅវិញទៅមកដ៏យូរអង្វែង។ 

- ការ​ជ្រើសរើស​បុគ្គលិក
នៅពេលមនុស្សម្នាក់ចាប់ផ្តើមដើរទិញទំនិញនៅហាងមួយ វាច្បាស់ជាមានគ្រឿងលើកទឹកចិត្តមួយចំនួន ដែលធ្វើឲ្យគាត់សម្រេចចិត្តជ្រើសរើសហាងនោះជាជាងហាងដទៃ។ មូលហេតុគឺអាចហួសពីទំនិញដែលគាត់កំពុងស្វែងរកទិញទៅទៀត។ មូលហេតុអ្វីទៅដែលធ្វើឲ្យគាត់ទៅហាង Target ជំនួសឲ្យហាង Walmart? ចម្លើយគឺច្បាស់មកពីបុគ្គលិកនៅ Target រួសរាយ និងបំពេញបំណងពួកគាត់បានល្អជាងបុគ្គលិកនៅហាង Walmart។ អ្នកគ្រប់គ្រងទាំងឡាយត្រូវតែគិតអំពីអ្វីដែលបានញែកដាច់រវាងក្រុមហ៊ុនរបស់ខ្លួនពីក្រុមហ៊ុនដទៃ និងត្រូវចេះបង្ហាញលក្ខណៈពិសេសរបស់ខ្លួនឲ្យអតិថិជនចាប់អារម្មណ៍។ តាមរយៈការធ្វើឲ្យបុគ្គលិក និងអតិថិជនមានអារម្មណ៍ដូចខ្លួនឯងជាផ្នែកនៃអ្វីមួយរបស់ក្រុមហ៊ុន នោះក្រុមហ៊ុនទាំងឡាយនឹងធានាបានថា ពួកគេនឹងមានអតិថិជនអស់មួយជីវិត។ 

តាមវិធីស្រដៀងគ្នានេះដែរ ក្រុមហ៊ុនគួរតែធ្វើឲ្យច្បាស់លាស់ថាហេតុអ្វីបានជាធ្វើការឲ្យខ្លួននឹងមានភាពរីករាយនិងការតបស្នងច្រើនជាងធ្វើការឲ្យក្រុមហ៊ុនគូប្រជែង។ គោលបំណង និងគំរូអាជីវកម្មរបស់ក្រុមហ៊ុនគួរតែមានតម្លាភាពពេញលេញក្នុងបំណងទាក់ទាញបុគ្គលិក ដែលសក្តិសមបំផុតក្នុងអាជីវកម្មរបស់ខ្លួន។ ក្រុមហ៊ុនទាំងឡាយក៏គួរតែបង្កើតនូវអារម្មណ៍ដូចជាសហគមន៍ និងគ្រួសារមួយក្នុងចំណោមបុគ្គលិករបស់ខ្លួន ដូច្នេះទើបបុគ្គលិករីករាយនឹងមកធ្វើការ និងបំពេញតួនាទីអស់ពីសមត្ថភាពរៀងរាល់ថ្ងៃ។ ការបង្កើតឡើងនូវព្រឹត្តិការណ៍សហគមន៍បុគ្គលិក និងការប្រកួតប្រជែងមិត្តភាពក្នុងចំណោមបុគ្គលិក ក៏ដូចជាការបង្កើតខ្សែបណ្តាញទំនាក់ទំនងបើកទូលាយរវាងមនុស្សគ្រប់គ្នាដែលពាក់ព័ន្ធក្នុងក្រុមហ៊ុននឹងធ្វើឲ្យមានទំនាក់ទំនងស្និទ្ធស្នាលយូរអង្វែងរវាងនិយោជក និងនិយោជិតផងដែរ។ 

- ការអភិវឌ្ឍន៍
ទំនាក់ទំនងអតិថិជនចាប់ផ្តើមភ្លាមនៅពេលពួកគេដើរចូលក្នុងហាងជាលើកដំបូង។ វាសំខាន់ណាស់ក្នុងការសាបព្រោះទំនាក់ទំនងវិជ្ជមានតាមវិធីផ្សេងៗដើម្បីធានាថា ពួកគេនឹងវិលត្រឡប់មកវិញម្តងហើយម្តងទៀត។ បណ្តាអាជីវកម្មនានាធ្វើបែបនេះតាមរយៈការផ្តល់ជូននូវការណែនាំ និងការជួយជ្រោមជ្រែងដល់អតិថិជន។ បុគ្គលិកនឹងឧស្សហ៍ចង្អុលបង្ហាញផលិតផលបន្ថែមផ្សេងទៀតដល់អតិថិជនបន្ទាប់ពីកត់សម្គាល់ឃើញការចាប់អារម្មណ៍ចង់ទិញរបស់ពួកគេ។ បុគ្គលិកទាំងនេះក៏ធ្វើឲ្យប្រាកដដែរថា អតិថិជនរកឃើញរាល់ទំនិញដែលពួកគេកំពុងស្វែងរកផងដែរ។ តាមរយៈការធ្វើដូច្នេះ ពួកគេនឹងធានាថាអតិថិជននឹងដើរមើលសព្វទំនិញក្នុងហាងរបស់ខ្លួន។

វិធីល្អបំផុតសម្រាប់ឲ្យថៅកែធានាបានថាបុគ្គលិករបស់ខ្លួនប្រកាន់ខ្ជាប់នឹងក្រុមហ៊ុនគឺត្រូវផ្តល់នូវឱកាសអភិវឌ្ឍន៍ការងារ ដែលផ្តោតលើការធ្វើឲ្យប្រសើរឡើងនូវជំនាញជាក់លាក់ដល់បុគ្គលិកឆ្នើម ពេញមួយអាជីពការងាររបស់ពួកគេ។ ការផ្តល់នូវការវាយតម្លៃការងារប្រចាំត្រីមាសអនុញ្ញាតឲ្យនិយោជកពិភាក្សាជាមួយបុគ្គលិករបស់ខ្លួននូវអ្វីដែលពួកគេបានធ្វើក្នុងប៉ុន្មានខែកន្លងមក និងអ្វីដែលពួកគេអាចផ្តោតក្នុងពេលអនាគតដើម្បីកែលម្អឲ្យរឹតតែប្រសើរឡើង។ តាមវិធីដូចគ្នាដែលបុគ្គលិកធានាឲ្យអតិថិជនដើររកមើលទំនិញសព្វហាង  ថៅកែៗក៏អាចធានាឲ្យបុគ្គលិករបស់ខ្លួនធ្វើការអស់ពីសមត្ថភាពដើម្បីក្រុមហ៊ុនផងដែរ ប្រសិនបើផ្តល់ជូនការអភិវឌ្ឍន៍អាជីពដល់បុគ្គលិក។ តាមរយៈការបញ្ជាក់ដល់បុគ្គលិកឲ្យបានច្បាស់ថា ការអភិវឌ្ឍន៍ការងាររបស់ពួកគេគឺមានសារៈសំខាន់បំផុតនោះ ពួកថៅកែនឹងបង្កើតបាននូវបរិយាកាសដែលពោរពេញទៅដោយបុគ្គលិកជោគជ័យ។ 

- ការរក្សាទុក
បន្ទាប់ពីក្រុមហ៊ុន "ទាក់បាន" អតិថិជនរបស់ខ្លួន ក្រុមហ៊ុនក៏ត្រូវរក្សាពួកគេផងដែរក្នុងបំណងធ្វើឲ្យប្រាកដថា អតិថិជននឹងមិនរត់រកហាងផ្សេង ហើយក្លាយជាចំណូលរបស់ក្រុមហ៊ុនប្រជែង។ ដើម្បីធ្វើបែបនេះបាន​ ក្រុមហ៊ុនត្រូវផ្តល់គ្រឿងលើកទឹកចិត្តយូរៗម្តង ដូចជា ប័ណ្ណឥណទានចេញដោយហាងទំនិញ ការបញ្ចុះតម្លៃ និងការផ្តល់ជូនពិសេស។ ក្រុមហ៊ុនទាំងឡាយក៏នឹងបន្តធ្វើឲ្យប្រសើរឡើងនូវសេវារបស់ខ្លួនតាមរយៈការផ្តល់ជាមតិរបស់អតិថិជន ជាទូទៅគឺក្នុងទម្រង់ជាការស្ទង់មតិនោះឯង។  

អាជីវកម្មទាំងឡាយអាចរក្សាបុគ្គលិកតាមវិធីស្រដៀងគ្នានេះផងដែរតាមរយៈការផ្តល់ជូននូវប្រាក់បន្ថែមលើកទឹកចិត្តសម្រាប់ការបំពេញការងារល្អ និងការបញ្ចុះតម្លៃលើផលិតផលមួយចំនួន។ ទោះយ៉ាងណា វិធីល្អបំផុតសម្រាប់ថៅកែៗដើម្បីរក្សាបុគ្គលិកគឺត្រូវធ្វើឲ្យប្រាកដថា ការរីកចម្រើនផ្នែកការងារក្នុងក្រុមហ៊ុនត្រូវបានធានាចំពោះអ្នកដែលខំប្រឹងធ្វើការ។ មិនថាបុគ្គលិករីករាយនឹងការងាររបស់ខ្លួនកម្រិតណានោះទេ ប្រសិនបើពួកគេគ្មានឱកាសរីកចម្រើនទៅមុខ មិនយូរមិនឆាប់ពួកគេច្បាស់ជាចាប់ផ្តើមស្វែងរកកន្លែងផ្សេងជាមិនខាន៕

-->
adverise with khmeread