adverise with khmeread 72355.3

El-Hadji Diouf អះអាងថា Mario Balotelli បរាជ័យ​នៅ Liverpool ដោយ​សារភាព​ច្រណែន​របស់ Steven Gerrard

    ​El-Hadji Diouf បានធ្វើ​ការអះអាង​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​ថា Mario Balotelli បរាជ័យ​នៅ​ហង្ស​ក្រហម Liverpool ដោយសារតែ "​ភាព​ច្រណែន​" របស់​អតីត​ប្រធាន​ក្រុម Steven Gerrard​។​

​    ​ពេលវេលា​ដ៏​សោះកក្រោះ​បំផុត​របស់ Balotelli នៅលើ​ទឹកដី Anfield បាន​ឈានដល់​ផ្លូវបំបែក​នៅឯ​ចុង​ទីផ្សារ​ដោះដូរ​រដូវក្តៅ ពេលដែល​គាត់​ផ្ទេរ​ទៅកាន់​ក្លឹប​បារាំង Nice នៅលើ​កិច្ចព្រមព្រៀង​មិនមាន​តម្លៃ​ខ្លួន​មួយ​។​

​    ​អតីត​ខ្សែប្រយុទ្ធ​អន្តរជាតិ​អ៊ីតាលី​ដែល​ធ្លាប់​លេចធ្លោ​ខ្លាំង​រូបនេះ បាន​បង្កើត​ការចាប់ផ្តើម​ដ៏​ល្អឥតខ្ចោះ​មួយ​សម្រាប់​ក្លឹប​ថ្មី​របស់គាត់ ដោយ​អាច​ស្វែងរក​គ្រាប់​បាល់​បាន​ចំនួន​ពីរ​គ្រាប់​ក្នុងការ​បង្ហាញខ្លួន​ជា​លើកដំបូង​សម្រាប់​ក្លឹប​ក្នុង​លី​ក​កំពូល​បារាំង Ligue 1 កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ ក្នុង​លទ្ធផល​ជ័យជម្នះ ៣-២ ទៅលើ Marseille ។​

​    ​Diouf មិនបាន​ចាប់អារម្មណ៍​ដោយ​ការចាប់ផ្តើម​ដ៏​ល្អ​របស់ Balotelli យ៉ាងម៉េច​នោះឡើយ ហើយ​គាត់​ជឿជាក់ថា ប្រសិនបើ Gerrard មិនមាន​ឥទ្ធិពល​ច្រើន​លើសលប់​ពេក​ទេនោះ​នៅឯ Liverpool គាត់​នឹង​អាចមាន​ភាពជោគជ័យ​នៅ​ក្លឹប​មួយ​នេះ​។​

​    ​អតីត​តារាបាល់ទាត់​ហង្ស​ក្រហម​រូប និង​ធ្លាប់ជា​សត្រូវ​របស់ Gerrard នេះ​បានបញ្ជាក់​ទៅកាន់​កាសែត L'Equipe ថា "​ខ្ញុំ​បាន​ប្រាប់​គាត់​កុំ​ឱ្យទៅ Liverpool ។ វា​មិនមាន​ផល​ល្អ​ឡើយ​សម្រាប់​គាត់​។ Gerrard មិន​ធ្វើឱ្យ​គាត់​បញ្ចេញ​អស់​ទេពកោសល្យ​ទេ ហើយ​បន្ទាប់មក​និយាយ​តែ​ពី​រឿង​អវិជ្ជមាន​អំពី​គាត់​"​។​

​    ​គាត់​បាន​បន្តទៀតថា "Gerrard គឺជា​មនុស្ស​ច្រណែន​ម្នាក់ ដែល​មិន​ដូចជា​ច​រិ​ក​លក្ខណៈ​របស់​បុរស​ឡើយ​។ Mario គឺជា​មនុស្ស​ល្អ​ម្នាក់​ដែល​អ្នក​គួរតែ​ស្តាប់​។ គាត់​មិនមែនជា​មនុស្ស​ម្នាក់​ដែល​នឹង​បង្កឱ្យមាន​បញ្ហា​នៅក្នុង​បន្ទប់​ប្តូរ​សម្លៀកបំពាក់​ឡើយ​។ មានរឿង​ជាច្រើន​ដែល​គេ​និយាយ​បង្ខូច​គាត់​។ មនុស្ស​នាំគ្នា​និយាយ​រឿងរ៉ាវ​អំពី​គាត់ ប៉ុន្តែ​ជា​រឿង​សំរាម​ទាំងអស់​"៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់