កីឡាករ Luis Suárez អាចនឹងទទួលពិន័យដោយសារការបង្ករឿងរបស់កីឡាកររូបនេះ បន្ទាប់ពីបានស្រែកដាក់កីឡាកររបស់ក្រុម Espanyol នៅផ្លូវដើរចូលបន្ទប់ផ្លាស់សម្លៀកបំពាក់នៅទឹកដី Camp Nou កាលពីថ្ងៃពុធក្នុងការប្រកួត Copa del Rey ដែលលោកអាជ្ញាកណ្តាល Martínez Munuera បានធ្វើការកត់ត្រាទុកនៅក្នុងរបាយការណ៍ការប្រកួតរបស់គាត់។
ច្បាប់បានចែងថា ការផ្តន្ទាទោសសម្រាប់បទល្មើសបែបនេះ អាចនឹងទទួលបានការផ្អាកពីមួយទៅបីប្រកួត។ របាយការណ៍នេះនឹងធ្លាក់ទៅលើដៃគណៈកម្មាធិការប្រកួតប្រជែងរបស់សហព័ន្ធបាល់ទាត់អេស្ប៉ាញ ដើម្បីបើកការស៊ើបអង្កេតហេតុការណ៍នេះ និងចាត់វិធានការដែល Suárez សមនឹងទទួលបាន។
កីឡាករ Suárez ពីមុនក៏ធ្លាប់ទទួលបានពិន័យរយៈពេលយូរផងដែរដោយសារការប្រកាន់ជាតិសាសន៍កាលពីលោកនៅលេងឱ្យក្រុម Liverpool និងធ្លាប់ជាប់ពិន័យរយៈពេលបួនខែដោយសារខាំកីឡាករ Giorgio Chiellini កាលពីឆ្នាំ ២០១៤ ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកក្នុងប្រទេសប្រេស៊ីល។ ទោះជាយ៉ាងណាក៏ដោយ រូបគេបានរៀបចំចរិករបស់ខ្លួនបានល្អបន្ទាប់ពីផ្លាស់មកប្រទេសអេស្ប៉ាញ ហើយនេះគឺជាលើកទីមួយហើយដែលរួបគេស្ថិតនៅក្នុងបញ្ហាជាថ្មីម្តងទៀតនៅទឹកដីអេស្ប៉ាញ៕
