Unnamed %281%29

ផ្ទុះ​កូដកម្ម​នៅ​រោងចក្រ​ ឃ្វី​កស៊ូ តវ៉ា​រឿង​ថៅកែ​ព្យួរការងារ​ឱ្យ​លុយ​តែ​៧០​ដុល្លារ​១​ឆ្នាំ

    ភ្នំពេញ ៖ កម្មករ កម្មការិនី​រោងចក្រ​កាត់ដេរ ឃ្វី​ក​ស៊ូ ខេ​ម​បូ​ឌា អិ​ល​ធី​ឌី​ជាង​១០០​នាក់​បាននាំគ្នា​ធ្វើ​កូដកម្ម​នៅ​ព្រឹក ថ្ងៃទី​១៣ ​កញ្ញា ​ឆ្នាំ២០១៦ ​ម្សិលមិញ​នៅ​ចំណុច​មុខ រោងចក្រ​ដែលមាន​ទីតាំង នៅក្នុង​សួន​វឌ្ឍនៈ​ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ។​

    កម្មករ​ដែល​មក​ចូលរួម​ធ្វើក​ម្មករ កម្មការិនី​ចំនួន​១១៤​លើ​កម្មករ​សរុប​១៣៥​នាក់​បន្តធ្វើ​កូដកម្ម​នៅមុខ​រោងចក្រ​មិន​ចូលធ្វើការ​ដដែល ដោយ​មូលហេតុ​ថៅកែ​រោងចក្រ​បាន​ព្យួរការងារ​កម្មករ​ដោយ​បើក​ប្រាក់ខែ​ជូន​កម្មករ​ត្រឹមតែ​ចំនួន​៧០​ដុល្លារ​ក្នុង​មួយឆ្នាំ ដើម្បី​បញ្ចប់​កិច្ចសន្យាការងារ​គោលបំណង​កម្មករ​ពេលនេះ​ចង់ឱ្យ​ភាគី​ក្រុមហ៊ុន​ធ្វើលិខិត​ជា​លាយលក្ខណ៍អក្សរ​ដឹងឮ​ដោយ​ក្រសួង​ការងារ។​

    កម្មករ​បន្តថា បំណង​នេះ​គឺ​ចង់​បញ្ជាក់ថា​តើ​ក្រុមហ៊ុន​បន្តធ្វើ​ការ​ឬ​បិទទ្វារ ព្រោះ​ពីមុន​រោងចក្រ​នេះ​ពីមុន​មាន​កម្មករ​សរុប​ចំនួន​១៣០០​នាក់។​ តែ​មកដល់ពេលនេះ​កម្មករ​បាន​ឈប់​អស់ហើយ​នៅសល់តែ​កម្មករ​ចំនួន​១៣៥​នាក់​ដោយ​មិន​ព្រម​ទទួលយក​ប្រាក់​ចំនួន​៧០​ដុល្លារ​ក្នុង​មួយឆ្នាំ​ព្រោះ​ពួកគាត់​ទើបតែ​ធ្វើការ​បាន​រយ​:​ពេល​តែ​២​ទៅ​៣​ឆ្នាំ​ដោយ​គិតថា​បាន​អត្ថប្រយោជន៍​តិចពេក​ចង់​ទាមទារ​តាមច្បាប់​ការងារ​។​

    សូមបញ្ជាក់ថា កូដកម្ម​នេះ​ដឹកនាំ​ដោយ​សហព័ន្ធ​ចំនួន​៣​គឺ ១-​ស​ព័ន្ធ​សហជីព​សេដ្ឋ​ច្ច​កម្មករ​កម្ពុ​ជាមាន​លោក​សៀង ណា​រិ​ទ្ធ​ជា​ប្រធាន, ២- ស​ព័ន្ធ​សហជីព​មិត្តភាព​កម្មករ​​ប្រធាន​ភួង លក្ខិណា​, និង៣- ស​ព័ន្ធ​សហជីព​ក្តីសង្ឃឹម​កម្មករ ប្រធាន​ សេង ចំរើន​។​

    យ៉ាងណាក៏ដោយ​កូដកម្ម​នេះ​នៅ​ពុំទាន់​មាន​ដំណោះស្រាយ​នៅឡើយ ហើយ​កម្មករ​នឹងធ្វើ​កូដកម្ម​នា​ថ្ងៃទី​១៤​ កញ្ញា​នេះ​បន្តទៀត៕

មតិយោបល់