adverise with khmeread Unnamed %282%29

ឪ​ក្មេក​ប្រើល្បិច​លួច​ម៉ូតូ​កូនប្រសារ​....​ក៏​ជាប់គុក​

    កណ្តាល ៖ បុរស​ម្នាក់​ជា​ឪពុកក្មេក​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​១៣​ កញ្ញា បន្ទាប់ពី​ប្រើល្បិច​លួច​ម៉ូតូ​កូនប្រសារ​យកទៅ​បញ្ចាំ​ថ្ងៃទី​១១ ​កញ្ញា​ ២០១៦​ វេលា​ម៉ោង​៧​យប់​កន្លងទៅ នៅ​ចំណុច​ភូមិ​តា​គល់​ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​សឿ ជី​ម​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ ជន​​ជាតិខ្មែរ​ មុខរបរ​កសិករ​មាន​ទី​លំនៅៗ​ភូមិ​តាំង​សំរោង ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​(​ត្រូវជា​កូនប្រសារ​)​។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ ភុំ ភន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅៗ​ភូមិ​តា​គល់ ឃុំ​ក្រាំង​យ៉ូ​វ​ ស្រុក​ស្អាង​ខេត្តកណ្តាល​ ត្រូវជា​ឪពុកក្មេក​ត្រូវបាន​ឃាត់ខ្លួន។ ​វត្ថុតាង​ចាប់យក  ម៉ូតូ​០១​គ្រឿង​ម៉ាក ហុងដា​សេ​125 ពណ៌​ខ្មៅ សេរី​ឆ្នាំ​2007​គ្មាន​ស្លាក​លេខ​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងែ​កើតហេតុ​ខាងលើ​ឈ្មោះ​ ភុំ ភន​(​ជនសង្ស័យ​) បាន​ប្រើ​ឧបាយកល ដោយ​បបួល​ឈ្មោះ ​សឿ ជី​ម​(​ដែលជា​កូនប្រសារ​) ដោយ​ប្រាប់ថា​ប្រពន្ធ​របស់ខ្លួន​(​សឿ ជី​ម​)​មាន​ណាត់​ប្រុស​នៅ​ចំណុច​ទួល​តា​ជា ដែល​ឃ្លាតឆ្ងាយ​ពី​ផ្ទះ​ប្រហែល​១៥០​ម៉ែត្រ​។ បន្ទាប់មក​ឈ្មោះ ​សឿ ជី​ម ​បាន​ជិះ​ម៉ូតូ​ទៅ​ទុក​កន្លែងកើតហេតុ​ខាងលើ រួច​ក៏​ដើរ​សំដៅ​តាម​ទៅ​លបលួច​មើល​ប្រពន្ធ។ ប៉ុន្តែ​មិនបាន​ឃើញ​ប្រពន្ធ​នៅ​ជា​ប្រុស​ណា​ទេ​រួចហើយ​ខ្លួន​ត្រឡប់​ទៅ​កន្លែង​ទុក​ម៉ូតូ​វិញ​ស្រាប់តែ​បាត់​ម៉ូតូ​របស់ខ្លួន​តែម្តង​។​

    លុះដល់​ថ្ងៃទី​១៣ ​កញ្ញា ​ឆ្នាំ​២០១៦​ វេលា​ម៉ោង​៨​ព្រឹក​ឈ្មោះ​ សឿ ជី​ម បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ក្រាំង​យ៉ូ​វ​។​ ពេល​ទទួល​បណ្តឹង​ភ្លាម​ក៏​ធ្វើការ​ស្រាវជ្រាវ​កំណត់​បាន​មុខសញ្ញា​ខាងលើ​មក​ធ្វើការ​សាកសួរ​។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច​ឈ្មោះ​ ភុំ ភន​ បាន​សារភាពថា ខ្លួន​បាន​លួច​ម៉ូតូ​ខាងលើ​យកទៅ​បញ្ចាំឱ្យ​គេ​មិន​ស្គាល់ឈ្មោះ​នៅ​ភូមិ​កំពុង​ទ្រា ឃុំ​ស្អាង​ភ្នំ​បាន​ប្រាក់​ចំនួន​៦០​ម៉ឺន​រៀល រីឯ​ប្រាក់​ខាងលើ​ខ្លួន​បាន​យកទៅ​ចាយ​អស់៕

adverise with khmeread

មតិយោបល់