adverise with khmeread 1

ឆ្នាំ២០១៥អាវុធហត្ថបង្រ្កាបបទល្មើស២៣០លើកឃាត់ខ្លួន៣៩៩នាក់

     ភ្នំពេញ ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​រាជធានី​ក្រោម​បទបញ្ជា​ផ្ទាល់​របស់លោក​ឧត្ដមសេនីយ៍ទោ​រ័ត្ន ស្រ៊ាង​មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះបង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​បាន​ចំនួន​២៣០​លើក​លើ​ករណី​កើតឡើង ២៩៨ លើក ដោយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣៩៩​នាក់​(​ស្រី​១៨​នាក់​) ក្នុង​៥៥​ករណី​ក្នុង​ឆ្នាំ​២០១៥ កន្លងទៅនេះ​។​
    យោងតាម​របាយការណ៍​របស់​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​នៃ​កង​រាជ អាវុធហត្ថ​រាជធានី​ចេញ​នៅ​ថ្ងៃទី​៦ ​មករា ​ឆ្នាំ​២០១៦​ចុះហត្ថលេខា​ដោយ​លោក​វរ​:​សេនីយ៍​ទោ​ម៊ាំ​ង សុខ​លុច បាន​បញ្ជាក់ថា ក្នុង​រយៈពេល​មួយឆ្នាំ​២០១៥​កន្លង​មកនេះ​ ការិយាល័យ​ជំនាញ​បាន​សហការ​ធ្វើការ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​បាន​ចំនួន​២៣០​លើក​លើ​បទល្មើស​កើតឡើង​សរុប​២៩៨​លើក​ស្មើនឹង​៥៥​ករណី ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣៩៩​នាក់​(​ស្រី​១៨​នាក់​)​។​
    របាយការណ៍​បន្តថា លទ្ធផល​ដែល​បង្ក្រាបបាន​ខាងលើនេះ អាវុធហត្ថ​បាន​បញ្ជូនទៅ​សាលាដំបូង​២៩៩​នាក់​ (​ស្រី​១២​នាក់​) ,​បញ្ជូនទៅ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​៨​នាក់ ​(​ប្រុស​) ,​បញ្ជូនទៅ​អង្គភាព​ផ្សេង​២​នាក់​និង​អប់រំ​ឲ្យ​ទៅផ្ទះ​វិញ​៥៤​នាក់​ ( ស្រី​៦​នាក់​)​។​ ក្នុងនោះ​កម្លាំង​អាវុធហត្ថ ដកហូត​ម៉ូតូ​៣៥​គ្រឿង​,​ រថយន្ត ១​គ្រឿង​, ទូរស័ព្ទ ១៨​គ្រឿង​,​ ចិញ្ចៀន​១​វង់​,​អាវុធខ្លី​៩​ដើម​,​ នាឡិកា​២, ​កាបូបដៃ​១១, ​កាំបិត ៨,​ ដាវ​២៤,​ តុ​ហ្គេម​១,​ ដង្កាប់​១,​ ដែក​ច្នៃ​កាច់​សោ​ម៉ូតូ​១,​ ដែក​ត្រចៀកទ្វារ​១​និង​ស្លាក​លេខ​ម៉ូតូ​២ ។​
     របាយការណ៍​បាន​បន្តថា លទ្ធផល​បង្ក្រាប​បទល្មើស​ឧក្រិដ្ឋ​បាន​១៩​លើក​ស្មើ​៨​ករណី​ក្នុងនោះ​ឃាត់ខ្លួន​៣៩​នាក់​ (​ប្រុស​)​ បញ្ជូនទៅ​តុលាការ​៣៩​នាក់​។​ប្លន់​ប្រដាប់អាវុធ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​បង្ក្រាប​៣​លើក​ឃាត់ខ្លួន​៩​នាក់​(​ប្រុស​)​បញ្ជូនទៅ​តុលាការ​៩​នាក់​។ ​បង្ក្រាប​ករណី​លួច​៨​លើក​ឃាត់ខ្លួន​និង​បញ្ជូនទៅ​តុលាការ​១៣​នាក់ (​ប្រុស​),​ ឃាតកម្ម​គិតទុក​ជាមុន​២​លើក​ឃាត់ខ្លួន​៣​នាក់​,​ ប៉ុនប៉ង​មនុស្សឃាត​១​លើក​ឃាត់ខ្លួន​៣​នាក់​,​ ប៉ុនប៉ង​ប្លន់​ឡាន​១​លើក​ឃាត់ខ្លួន​១​នាក់​,​ ប៉ុនប៉ង​កាប់​គ្នា​១​លើក​ឃាត់ខ្លួន​២​នាក់​,​ ប្លន់​ម៉ូតូ​២​លើក​ឃាត់ខ្លួន​៦​នាក់​និង​ដាក់​ថ្នាំ​យក​ម៉ូតូ​១​លើក​ឃាត់ខ្លួន ២​នាក់​។​
     ចំណែក​បទល្មើស​ម​ជ្ឈឹ​ម​បង្ក្រាបបាន​២១១​លើក​ស្មើនឹង​៨៧​ករណី​ឃាត់ខ្លួន​៣៦០​នាក់​(​ស្រី​១០​នាក់​)​បញ្ជូនទៅ​តុលាការ ២៥៦​នាក់ បញ្ជូនទៅ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​៨​នាក់​(​ប្រុស​), ​បញ្ជូនទៅ​អង្គភាព​ផ្សេង​២​នាក់​ (​ប្រុស​) ​និង​អប់រំ​ឲ្យ​ទៅផ្ទះ​វិញ​៥៤​នាក់​(​ស្រី​៦​នាក់​)​។​លួច​គាស់​ទ្វារ​រថយន្ត​២៦​លើក​ឃាត់ខ្លួន ៤៥​នាក់​,​ ចោរលួច​ទ្រព្យសម្បត្តិ​៥៩​លើក​ឃាត់ខ្លួន​៥០​នាក់​, ​ប៉ង​លួច​៣​លើក​ឃាត់ ខ្លួន​១០​នាក់​,​ ហិង្សា​ដោយ​ចេតនា​២៥​លើក​ឃាត់ខ្លួន​៣៥​នាក់​,​ឆក់​កាបូប​និង​ទូរស័ព្ទ ៣២​លើក​ឃាត់ខ្លួន​៤៤​នាក់​,​ប្រើប្រាស់​អាវុធ​ខុសច្បាប់​៥​លើក​ឃាត់ខ្លួន​១៦​នាក់​, ឆបោក​៤​លើក​ឃាត់ខ្លួន​១៥​នាក់​(​ស្រី​១​នាក់​),​ រំលោភ​លើ​សេចក្តីទុកចិត្ត​៤​លើក​ឃាត់ខ្លួន​៨​នាក់​,​ ប៉ង​លួច​៤​លើក​ឃាត់ខ្លួន​១៧​នាក់​(​ស្រី​),​ លួច​ផង​ប្រើ​គ្រឿងញៀន​ផង​២​លើក​ឃាត់ខ្លួន​១៣​នាក់​(​ស្រី​), ​ល្បែង​១១​លើក​ឃាត់ខ្លួន​៣៣​នាក់​បញ្ជូនទៅ​តុលាការ​១២​នាក់​អប់រំ​២១​នាក់​,​ លួច​គ្រឿង​ម៉ូតូ​៨​លើក​ឃាត់​១៦​នាក់​,​ ក្មេង​ទំនើង ១​លើក​ឃាត់​៤​នាក់​បញ្ជូនទៅ​តុលាការ​,​បំផ្លាញ​ដោយ​ចេតនា​១​លើក​ឃាត់​ម្នាក់​, ទទួលផល​ចោរកម្ម​២​លើក​ឃាត់​២​នាក់​, ​ទំនាស់​១​លើក​ឃាត់​ម្នាក់​,​ ផ្ទុះអាវុធ​ឲ្យ​របួស ៣​លើក​ឃាត់​៦​នាក់​(​ប្រុស​), ​បាញ់បោះ​សេរី​៨​លើក​ឃាត់​១១​នាក់​,​ ចាយលុយ​ក្លែង ក្លាយ​១​លើក​ឃាត់​ម្នាក់​និង​ក្លែង​ឯកសណ្ឋាន​យោធា​២​នាក់​។​
    ចំណែក​ការងារ​សហការ​វិញ​មានការ​ងារ​អនុវត្ត​ដីកា​២​លើក​ឃាត់​២​នាក់​, ទទួលផល​ចោរកម្ម​ឃាត់​២​នាក់​,​ ទំនាស់​ពាក្យសម្តី​ឃាត់​ម្នាក់​,​ ក្មេង​ទំនើង​ឃាត់​ម្នាក់​,​ បាញ់បោះ​សេរី​៦​លើក​ឃាត់​៩​នាក់​, ​ដាក់​ថ្នាំ​បំពុល​ឆ្កែ​ឃាត់​ម្នាក់​,​ ប៉ង​ដុត​ផ្ទះ​ឃាត់​ម្នាក់​និង​បន្លំ​ត្បូង​ពេជ្រ​ឃាត់​ម្នាក់ ។​
    ក្រៅពីនោះ​អាវុធហត្ថ​បានទទួល​ពាក្យបណ្តឹង​ចំនួន​២០៣​ក្នុងនោះ​មាន​បទឧក្រិដ្ឋ ១៥​បណ្តឹង​និង​ប​ទម​ជ្ឈឹ​ម​១៨៨​បណ្តឹង​អនុវត្ត​រួច​បាន​១៩០​ករណី​នៅសល់​១៣ ករណី​កំពុង​អនុវត្ត​បន្ត ៕​

adverise with khmeread

មតិយោបល់