adverise with khmeread Unnamed %285%29

ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរ​ចុង​ឆ្នាំនេះ អត្ត​ព​លិ​ក​អន្តរជាតិ​អាច​កើន​ឡើងដល់​៧០​ប្រទេស​!

    ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង លើក​ទី​២១​នៅមុខ​ប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដែល​គ្រោង​ធ្វើឡើង​នា​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៦ ចុងឆ្នាំ​នេះ ត្រូវបាន​គណៈកម្មការ​អះអាងថា នៅ​ឆ្នាំ នេះ​អត្ត​ព​លិ​ក​អន្តរជាតិ​មកពី​បណ្តា​ប្រទេស​នានា​លើ​ពិភព​លោក​អាច​នឹង​កើនឡើង​ដល់​៧០​ប្រទេស ខណៈ​ការ ចុះឈ្មោះ​ជាក់ស្តែង​គិត​ត្រឹម​ថ្ងៃ​ពុធ​នេះ បាន​ចំនួន​ជាង​៣០០០​នាក់​ហើយ ក្នុងនោះ​អត្ត​ព​លិ​ក អន្តរជាតិ​មកពី​៥៦ ប្រទេស​។​

    ថ្លែង​នៅក្នុង​បទសម្ភាសន៍​ដោយឡែក​ជាមួយ​នៅ​ថ្ងៃ​ពុធ​នេះ​, លោក សែម ផល្លា ប្រធាន​ក្រុមហ៊ុន Cambodia Events Organizer ដែលជា​ក្រុមហ៊ុន​ជំនាញ​ខាង​រៀប ចំ​ព្រឹត្តិការណ៍ ម៉ា​រ៉ាង​តុង​នៅ​កម្ពុជា​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​មានប្រសាសន៍​ថា ក្នុងចំណោម​ជាង​៣០០០ នាក់​នេះ ប្រមាណ​៩០%​សុទ្ធសឹងតែ​ជា​ជនបរទេស​ដែល​មកពី​៥៦​ប្រទេស ហើយ​ទម្រាំ​ង​ដល់​ថ្ងៃ​បិទ​បញ្ជី​នៃ​ការ ចុះឈ្មោះ​កីឡាករ កីឡាការិនី​អន្តរជាតិ​អាច​នឹង​កើន​ឡើងដល់​៧០​ប្រទេស​។​

    លោក​អះអាងថា ការកើនឡើង បែបនេះ គឺ​ដោយសារ​មានការ​ចូលរួម​គាំទ្រ​ពី​សំណាក់​ជនបរទេស ក្នុងការ​មក​ចូលរួម​រត់ប្រណាំង​ដើម្បី​សុខភាព ល្អ​ហើយ​ថែមទាំង​បាន​ដើរលេង​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។ 

    ចំណែកឯ​ការចុះឈ្មោះ​រប​ស់​ប្រជាពលរដ្ឋ​ខ្មែរ នៅមានកម្រិត​ទាប​នៅឡើយ ដូច្នេះ​ប្រធាន​ក្រុមហ៊ុន​រូបនេះ សូម​ប្រកាស​ជាថ្មី​ម្តងទៀត ដោយ​ទទូច​សុំ​ឱ្យ​មហាជន​កម្ពុជា​ចុះឈ្មោះ​ចូលរួម​​ឱ្យ​បាន​ច្រើន​កុះករ និង​ទាន់ ពេលវេលា ដើម្បី​​ឱ្យ​គណៈកម្មការ​បច្ចេកទេស​ងាយស្រួល​រៀបចំ​ព្រឹត្តិការណ៍​អន្តរជាតិ​មួយ​នេះ​ឱ្យ​ដំណើរការ ដោយ​រលូនប្រកបដោយ​ជោគជ័យ​ថ្មីៗ​បន្ថែមទៀត​។​

    ទិវា​រត់ប្រណាំង​នេះ មាន​វិញ្ញាសា​ចំនួន​៣ គឺ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​ចម្ងាយ​២១​គីឡូម៉ែត្រ ដែលជា​ចម្ងាយ ស្តង់ដារ​អន្តរជាតិ ដោយ​ការចុះឈ្មោះ​បង់ថ្លៃ​គឺ​៤៥​ដុល្លារ សម្រាប់​ជនបរទេស និង​ខ្មែរ ១៥​ដុល្លារ​, រត់​១០​គីឡូ ម៉ែត្រ ត្រូវ​បង់ថ្លៃ​៤០​ដុល្លារ សម្រាប់​ជនបរទេស និង​១២​ដុល្លារ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ខណៈ​វិញ្ញាសា​រត់ កម្សាន្ត​លក្ខណៈ​គ្រួសារ ៣​គីឡូម៉ែត្រ គឺ​បរទេស​២០​ដុល្លារ និង​ខ្មែរ​តម្រូវ​ឲ្យ​បង់ប្រាក់​ត្រឹម​៥​ដុល្លារ​ប៉ុណ្ណោះ​។​

    សម្រាប់​ការចុះឈ្មោះ​អាច​ចុះឈ្មោះ​នៅ​ការិយាល័យ​ផ្ទះ​លេខ​៧៩C ផ្លូវ​១៥៥ សង្កាត់​ទួល​ទំពូង ខណ្ឌចំការមន រាជធានី​ភ្នំពេញ និង​នៅ​ខេត្តសៀមរាប នៅ​សណ្ឋាគារ Angkor Century​។ ការរត់​ប្រ​ណាំ​នេះ​នឹងត្រូវ​ចាប់ផ្តើម នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​៤​ធ្នូ វេលា​ម៉ោង​៦​ព្រឹក​។​

    លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា មានប្រសាសន៍​ដែរ​ថា ចំពោះ​គោលបំណង​សំខាន់ៗ​នៃ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​នេះ គឺធ្វើឡើង​ដើម្បី​ស្វែងរក​ថវិកា​ជួយ​ដល់​មន្ទីរ​រ​ពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​, មន្ទីរពេទ្យ​គន្ធបុប្ផា និង​បណ្តា​អង្គការ​នានា​មួយចំនួនទៀត ជាពិសេស​គឺ​រត់​ដើម្បី​បំផុសស្មារតី​ដល់​មនុស្សជាតិ​ជួយ​ការពារ​បរិស្ថាន​តំបន់​អង្គរ​ផងដែរ​។​

    សូមបញ្ជាក់ថា ទិវា​រត់ប្រណាំង​ប្រចាំឆ្នាំ​ខែធ្នូ រៀងរាល់ឆ្នាំ ពាក់កណ្តាល​ម៉ា​រ៉ា​តុង​នេះ​បាន​ក្លាយជា​ព្រឹត្តិ ការណ៍​ដ៏​ពេញនិយម​នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​មួយ​នេះ​បន្ទាប់ពី​ទិវា​នេះ​បាន​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​អស់​រយៈ ពេល​២១​ឆ្នាំកន្លងមក ជាមួយនឹង​ការស្វែងរក​មូល​និ​ធី​ពី​ការចុះឈ្មោះ​ហើយ​បាន​បរិច្ចាគ​ទៅកាន់​កិច្ចការ​មនុស្ស ធម៌​ជា​រៀងរាល់​លើក​រួចហើយនោះ​៕

adverise with khmeread

មតិយោបល់