នេះរូបភាពបង្ហាញពីស្ថានភាពផ្លូវលិចទឹកចេញពណ៌ក្រហមជាមួយនឹងឈាម បន្ទាប់បុណ្យបូជាសត្វប្រចាំឆ្នាំហៅថា Eid ul Adha ក្នុងប្រទេសបង់ក្លាដែស។ នេះបើតាមវេបសាយ Metro ចេញផ្សាយកាលពីថ្ងៃពុធ ទី១៤ កញ្ញា។
ឈាមហូរហៀរពេញផ្លូវក្នុងទីក្រុង Dhaka ប្រទេសបង់ក្លាដែស បន្ទាប់ពីគោ ពពែ ចៀម និង សត្វអូដ្ឋរាប់សិបក្បាលត្រូវបានសម្លាប់ បន្ទាប់ពីការថ្វាយបង្គំបែបសាសនាមូស្លីមនៅព្រឹកក្នុងឱកាសពិធីបុណ្យ Eid ul Adha។
ចំណែកឯសាច់វិញជាធម្មតាត្រូវបានយកទៅឱ្យអ្នកក្រខ្សត់ ក៏ដូចជាយកទៅប្រើសម្រាប់អបអរពិធីបុណ្យរយៈពេលបីថ្ងៃនេះ ដែលសម្គាល់ពីបំណងប្រាថ្នារបស់ព្យាការី Abraham ដែលបូជាជីវិតកូនប្រុសរបស់ខ្លួនដើម្បីព្រះអាឡា។
ប៉ុន្ដែដោយសារភ្លៀងខ្លាំងបណ្ដាលឱ្យប្រព័ន្ធបង្ហូរលូ និងឈាមរួមបញ្ចូលគ្នាបង្កើតទៅជាទឹកពណ៌ក្រហមពេញផ្លូវរបស់ទីក្រុង Dhaka ។ ទឹកនេះនៅលើផ្លូវរយៈពេល ២ ទៅ ៣ ម៉ោងទម្រាំវាហូរបាត់អស់។
បន្ទាប់ពីឃើញទិដ្ឋភាពបែបនេះ ក៏មានការរិះគន់ពីអ្នកលេងអ៊ីនធឺណេតផងដែរ ដោយសារពិធីបុណ្យនេះមើលទៅសាហាវឃោឃៅពេកណាស់៕
ប្រភព៖ Metro
