adverise with khmeread Take a nap every day

មូលហេតុដែលអ្នកគួរអនុញ្ញាតឲ្យបុគ្គលិកគេងមួយស្រឡេតរៀងរាល់ថ្ងៃ

ការគេងមួយស្រឡេតអាចផ្តល់អត្ថប្រយោជន៍ច្រើនណាស់។ ទោះបីជាវាមានន័យស្មើនឹងការគ្មានសកម្មភាពរយៈពេលមួយម៉ោងក៏ដោយ​ ក៏ប៉ុន្តែការគេងមួយស្រឡេតសម្រាប់បុគ្គលិកនឹងជួយបង្កើននូវផលិតភាពជារួមរបស់ក្រុមហ៊ុន ដោយធ្វើឲ្យបុគ្គលិកកាន់តែពេញចិត្តពេញថ្លើម និងនាំមកនូវអត្ថប្រយោជន៍បន្ថែមជាច្រើន។ សូមបន្តអានដើម្បីដឹងថាហេតុអ្វីបានជាការគេងមួយស្រឡេតជាប្រចាំសម្រាប់បុគ្គលិករបស់អ្នកអាចនាំក្រុមហ៊ុនរបស់អ្នកបោះជំហានទៅមុខមួយកម្រិតទៀត។ 

១- មនុស្សដែលមានការងារច្រើនពុំសូវគេងបានគ្រប់គ្រាន់ទេ
សូមចាប់ផ្តើមដំបូងជាមួយនឹងហេតុផលដ៏គួរឲ្យអាណិតអាសូរដើម្បីអនុញ្ញាតឲ្យបុគ្គលិករបស់អ្នកបានគេងមួយស្រឡេត។ ឱកាសដែលអាចបំផុតគឺថាបុគ្គលិករបស់អ្នកមិនបានគេងគ្រប់គ្រាន់ដូចដែលពួកគេត្រូវការនោះទេ។ យោងតាមការស្ទង់មតិមួយក្នុងឆ្នាំ ២០១១ ដោយមូលនិធិ National Sleep Foundation ប្រជាជនអាមេរិក ៤៣ ភាគរយអះអាងថា ពួកគេគេងមិនគ្រប់គ្រាន់ទេ។ នេះគឺព្រោះតែកិច្ចការជាច្រើនគរនៅលើតុ ហើយមិនអាចគេងលក់បានទេដោយសារតែស្ត្រេស៍។ សូម្បីលេបថ្នាំងងុយគេង និងប្រើវិធីសាស្ត្រឆ្លាតវៃបំផុតដើម្បីឲ្យឆាប់ងុយគេង ក៏មនុស្សមួយចំនួននៅតែមិនអាចគេងលក់បានដែរ។ ដូច្នេះវាសំខាន់ណាស់ដែលត្រូវផ្តល់ពេលឲ្យពួកគេសម្រាកអំឡុងម៉ោងការងារ។ ត្រឹមតែក្តីអាណិតអាសូរមួយមុខគត់នេះគឺជាហេតុផលដ៏រឹងមាំបំផុតដើម្បីអនុញ្ញាតឲ្យបុគ្គលិករបស់អ្នកគេងមួយសន្ទុះ។ 

២- បុគ្គលិកកម្រចំណាយពេលទាំងស្រុងធ្វើកិច្ចការរបស់ខ្លួនក្នុងថ្ងៃធ្វើការនីមួយៗណាស់
ការស្រាវជ្រាវជាច្រើនបានបង្ហាញថា បុគ្គលិកតែងចំណាយពេលធ្វើការភាគច្រើនរបស់ពួកគេទៅលើអ៊ីនធឺណេត ឬរឿងផ្សេងទៀត ដែលមិនជាប់ទាក់ទងនឹងការងាររបស់ពួកគេនោះទេ។ ប្រសិនបើពេលវេលាដែលពួកគេចំណាយលើរឿងមិនពាក់ព័ន្ធនឹងការងារត្រូវបានចំណាយលើការគេងមួយស្រឡេតវិញ នោះអ្នកនឹងទទួលបានអត្ថប្រយោជន៍រឹតតែច្រើន។ 

៣- អ្នកកំពុងលះបង់ពេលវេលាតិចតួចដើម្បីធ្វើឲ្យពេលវេលាជាច្រើនទៀតកាន់តែមានផលិតភាពខ្ពស់
នៅពេលមនុស្សបានសម្រាក ពួកគេនឹងកាន់តែមានផលិតភាពការងារ។ ទាំងការស្រាវជ្រាវ និងសុភវិនិច្ឆ័យបានបង្ហាញថា ថាមពលដែលផ្តល់ឲ្យដោយការគេងមួយស្រឡេតគឺមានតម្លៃជាងពេលវេលាដែលពួកគេបានចំណាយគេងពេលយប់ទៅទៀត។ 

៤- អ្នកមិនចាំបាច់ត្រូវបន្លាយពេលវេលាកំណត់នោះទេ
ទោះបីបុគ្គលិករបស់អ្នកបានចំណាយពេលគេងមួយសន្ទុះក៏ដោយ ក៏អ្នកមិនគួរមានអារម្មណ៍ថាមានកាតព្វកិច្ចមួយត្រូវបន្លាយពេលវេលាកំណត់ដើម្បីសម្រេចកិច្ចការទាំងឡាយឲ្យបាននោះដែរ។ គំនិតសំខាន់នៅពីក្រោយការគេងមួយស្រឡេតគឺថា អ្នកកំពុងបង្កើនផលិតភាពការងារជារួមរួចជាស្រេចទៅហើយ។ ដោយសារតែអត្ថប្រយោជន៍នៃការគេងថ្ងៃ គេអាចមានហេតុផលគ្រប់យ៉ាងក្នុងការជឿថា ពួកគេនឹងអាចសម្រេចកិច្ចការបានយ៉ាងឆាប់រហ័សសូម្បីមានពេលវេលាតិចតួចក៏ដោយ។ 

៥- អ្នកនឹងអាចកំណត់ឃើញបុគ្គលិកខ្ជិលយ៉ាងឆាប់រហ័ស
បុគ្គលិកខ្ជិលតែងតែលួចគេងជានិច្ចមិនថាច្បាប់ក្រុមហ៊ុនអនុញ្ញាតឲ្យឬក៏អត់នោះទេ។ ឱកាសគឺថាពួកគេអាចដេកយ៉ាងសេរីគ្មានកោតក្រែងនរណាទាំងអស់អំឡុងម៉ោងធ្វើការ។ នេះមានន័យថាអ្នកនឹងមានឱកាសខ្ពស់ក្នុងការចាប់បុគ្គលិកណាដែលគេងនៅពេលពួកគេមិនមានការអនុញ្ញាតឲ្យគេង។ ប្រការនេះអនុញ្ញាតឲ្យអ្នកអាចបណ្តេញពួកគេ ឬស្វែងរកនរណាផ្សេងដែលមានការតាំងចិត្តធ្វើការខ្ពស់ជាងនេះមកជំនួស។ 

៦- ការគេងមួយស្រឡេតនឹងធ្វើឲ្យបុគ្គលិករីករាយជាងមុន
ភាពរីករាយគឺជាគ្រឿងជម្រុញទឹកចិត្តដ៏សំខាន់។ ផលិតភាពការងារនឹងធ្លាក់ចុះនៅពេលបុគ្គលិកមានអារម្មណ៍ធុញថប់និងបាក់ទឹកចិត្ត។ ការមានអារម្មណ៍រីករាយជាងធម្មតាមានន័យថា ពួកគេអាចធ្វើការងារបានល្អជាងពេលធម្មតា។ មនុស្សដែលសម្រាកបានល្អប្រសើរគឺតែងតែជាមនុស្សដែលមានអារម្មណ៍រីករាយ ហើយអ្នកនឹងទទួលបានអត្ថប្រយោជន៍ដ៏អស្ចារ្យពីអារម្មណ៍រីករាយរបស់បុគ្គលិក។ 

៧- ក្រុមហ៊ុនជោគជ័យភាគច្រើនអនុញ្ញាតឲ្យបុគ្គលិកគេងមួយស្រឡេត
ក្រុមហ៊ុន Google បានផ្តល់កៅអីគេងពិសេសផ្ទាល់ខ្លួនឲ្យបុគ្គលិករបស់ខ្លួនបានគេងមួយស្រឡេតជារៀងរាល់ថ្ងៃ។ កៅអីគេងពិសេសនោះមានឈ្មោះថា EnergyPods ដែលគេឧស្សាហ៍ឃើញប្រើនៅអង្គការអវកាស NASA។ កៅអីនេះជួយទប់ស្កាត់ការរំខាននានា និងជួយឲ្យបុគ្គលិកគេងក្នុងជំហរមួយដ៏ល្អឥតខ្ចោះ ដូចនេះចរន្តឈាមនឹងហូរបានល្អពេញរាងកាយ។ អ្នកមិនចាំបាច់ធ្វើអស្ចារ្យដល់ថ្នាក់នឹងពេកទេ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺថាក្រុមហ៊ុនធំដូចជា Google បានប្តេជ្ញាចិត្តខ្លាំងណាស់ចំពោះទស្សនៈក្នុងការផ្តល់ពេលឲ្យបុគ្គលិកបានគេងមួយសន្ទុះ។   

៨- អ្នកក៏ត្រូវគេងមួយស្រឡេតដូចគ្នាដែរ!
ក្នុងនាមជានិយោជក អ្នកក៏ប្រហែលជាខំប្រឹងធ្វើការខ្លាំងក្លាណាស់ដែរ។ អ៊ីចឹង ប្រសិនបើគ្រប់គ្នាបានគេងមួយស្រឡេតហើយនោះ អ្នកក៏ត្រូវគេងមួយស្រឡេតដូចគ្នាផងដែរ! នេះគឺជាហេតុផលមួយទៀត ដែលថាការគេងមួយស្រឡេតគឺល្អសម្រាប់អាជីវកម្ម៕ 

adverise with khmeread

មតិយោបល់