adverise with khmeread Unnamed %282%29

ក្មេង​ទំនើង​មួយក្រុម​ដេញ​វាយ​នារី​៤​នាក់​ត្រូវ​សមត្ថកិច្ច​ឃើញ​ផ្ទុះអាវុធ​២​គ្រាប់​ចាប់បាន​២​នាក់​

    ភ្នំពេញ ៖ នារី​វ័យក្មេង​ចំនួន​៤​នាក់​ជិះ​ម៉ូតូ​ហុងដា​មួយគ្រឿង​ឌុប​គ្នា​ចេញពី​កន្លែង​ញ៉ាំ​អី​នៅ​ជិត​គល់ស្ពាន​កោះ​ពេជ្រ​បំណង​ទៅផ្ទះ​ត្រូវបាន​ក្មេង​ទំនើង​មួយក្រុម​មាន​គ្នា​ជាង​១០​នាក់​ជិះ​ម៉ូតូ​ជាច្រើន​គ្រឿង​បានមក​ក្បែរ​ហើយ​ធាក់​ផ្តួល​វាយ​ប្លន់​កាលពី​កាលពី​វេលា​ម៉ោង​១ ​និង​២០​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​១៥​ខែកញ្ញា​ឆ្នាំ​២០១៦  នៅ​ចំណុច​មុខ​សណ្ឋាគារ​ណាហ្គា​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ភ្លាមនោះ​ត្រូវបាន​កម្លាំង​ប៉ូលិស​ល្បាត​ប្រទះឃើញ​ក៏​ផ្ទុះអាវុធ​ចំនួន​២​គ្រាប់​និង​ឃាត់​បាន​២​នាក់​។​

    តាម​សំដី​ជនរងគ្រោះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​ពួកគេ​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រឹ​ម​មួយគ្រឿង បាន​ជិះ​ឌុប​គ្នា​មកពី​អង្គុយ​ញ៉ាំ​​អី​នៅ​សួន​ដែល​នៅ​គល់ស្ពាន​កោះ​ពេជ្រ​។​

    ពេល​ញ៉ាំ​​ចប់​ទើប​នាំគ្នា​ចេញមក​វិញ​ដោយ​បំណង​ត្រលប់​ទៅផ្ទះ​ខ​ណៈ​ជិះ​មកដល់​មុខ​ណាហ្គា​ស្រាប់​តែមាន​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​ជាង​១០​នាក់​ជិះ​ម៉ូតូ​ជាច្រើន​គ្រឿង​បានមក​ក្បែរ​ហើយ​បានធ្វើ​សកម្មភាព​ធាក់​ម៉ូតូ​កៀរ​ផ្តួល និង​វាយ​មកលើ​ពួកនាង។​

    ភ្លាមនោះ​ស្របពេល​កម្លាំង​សមត្ថកិច្ច​ល្បាត​បានឃើញ​ក៏​ដក​កាំភ្លើង​បាញ់​ចំនួន​២​គ្រាប់​ឡើងលើ​មេឃ​ធ្វើឱ្យ​ក្រុម​ជនសង្ស័យ​ភ័យ​ជិះ​ម៉ូតូ​រត់​តាំងពី​ចំណុចកើតហេតុ​រហូតដល់​ចំណុច​មុខ​វត្ត​កោះ តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស​ក៏​បុក​រនាំង​ដែក​បាក់​អស់​២​ផ្ទាំង​ហើយ​ដួល ទើប​កម្លាំង​ប៉ូលិស​ចាប់បាន​២​នាក់ និង​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រឹ​ម​ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1DB-5649។ ​ចំណែក​បក្ខពួក​ផ្សេងទៀត​រត់គេចខ្លួន​បាត់​។​

    ក្រោយពេល​កើតហេតុ​ជនសង្ស័យ​ទាំង​២​នាក់​រួមទាំង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​ប៉ុស្តិ៍​រដ្ឋបាល​ចតុមុខ​ធ្វើការ​សាកសួរ​៕


 

adverise with khmeread

មតិយោបល់