adverise with khmeread Unnamed

សមាគម​កីឡា​វាយ​សី​ខេត្ត​មណ្ឌល​គី​រី​ឈ្នះ​មេដាយ​៣​វិញ្ញាសា​

    ភ្នំពេញ ៖ ការប្រកួត​វាយ​សី​ពានរង្វាន់​លោក​លី កុសល ប្រធាន​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា លើក​ទី​៣ ប្រចាំ ឆ្នាំ​២០១៦ បានប្រកាស​បិទ​ការប្រកួត​ជា​ផ្លូវការ​ហើយ កាលពីដើម​សប្តាហ៍​នេះ ដោយ​សមាគម​កីឡា​វាយ​សី​ខេត្ត មណ្ឌល​គី​រី​បានឈ្នះ​មេដាយមាស​ចំនួន​២​វិញ្ញាសា និង​មេដាយប្រាក់​១​វិញ្ញាសា ក្នុងចំណោម​ក្លឹប និង​សមាគម ដែល​ចូលរួម​សរុប​ចំនួន​១៤​។​

    លោក ធាន ម៉ាជ តំណាង​លោក​ឧក​ញ្ញ៉ា អ៊ឹង ស៊ី​តាត​វីរៈ ប្រធាន​សមាគម​កីឡា​វាយ​សី​ខេត្ត​មណ្ឌល​គី​រី មានប្រសាសន៍ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា សមាគម​កីឡា​វាយ​សី​ខេត្ត​មណ្ឌល​គី​រី​ទើបនឹង​ត្រូវបាន​បង្កើត​ឡើង កាលពី​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៥​កន្លងទៅ​ថ្មីៗ​នេះ​ប៉ុណ្ណោះ។ សមាគម​របស់លោក​តែងតែបាន​ចូលរួម​ប្រកួត ក្នុង​ព្រឹត្តិការណ៍ នានា​មិនដែល​ខាន​ឡើយ ជាពិសេស​គឺ​តែងតែ​ដណ្តើមបាន​មេដាយ​ជា​រៀងរាល់​លើក​។ 

    កាលពី​លើក​ទី​១ ក្រុម​កីឡាករ កីឡាការិនី​របស់​ក្លឹប​មួយ​នេះ​បានឈ្នះ​មេដាយមាស​១​គ្រឿង លើ​វិញ្ញាសា​អាយុ​៥០​ឆ្នាំ ឡើង និង​៤០​ឆ្នាំ​ឡើង​មេដាយមាស​១​គ្រឿង​ដែរ ក្នុង​ព្រឹត្តិការណ៍​ដណ្តើមពាន​រង្វាន់ និង​អបអរ​ទិវា​ជ័យជម្នះ ៧​មករា ដែល​បាន​ធ្វើឡើង​នៅ​ខេត្ត​កុះ​កុង​។
 
    កាលពី​ពានរង្វាន់​ប្រធាន​សហព័ន្ធ​កីឡា​វាយ​សី​លោក​លី​កុសល លើក​ទី​២ សមាគម​កីឡា​វាយ​សី​ខេត្ត​មណ្ឌល​គី​រី​ដណ្តើម បាន​មេដាយមាស​ចំនួន​៣​គ្រឿង ក្នុងនោះ​មាន​វិញ្ញាសា វ័យចាស់​អាយុ​៥០​ឆ្នាំ​ឡើង​, ៤០​ឆ្នាំ​ឡើង និង​វិញ្ញាសា​នារី​។​

    លោក ធាន ម៉ាជ មានប្រសាសន៍​បន្ថែមថា សម្រាប់​ព្រឹត្តិការណ៍​លើក​ទី​៣​នេះ ក្លឹប​របស់លោក​ឈ្នះ មេដាយមាស ២​គ្រឿង និង​មេដាយប្រាក់​១​គ្រឿង ដែល​មេដាយមាស​១​គ្រឿង​ប្រកួត​លើ​វិញ្ញាសា​វ័យ​៥០​ឆ្នាំ​ឡើង ដែល​ប្រកួត​ដោយ​កីឡាករ ធាន ម៉ាច​, វិញ្ញាសា​នារី និង​មេដាយប្រាក់​ប្រកួត​លើ​វិញ្ញាសា​វ័យ​៤០​ឆ្នាំ​ឡើង​។​

    លោក​អះអាងថា ការខិតខំ​របស់​កីឡាករ កីឡាការិនី ក្រោម​ការជួយឧបត្ថម្ភ​ទាំង​ស្មារតី និង​ថវិកា​ពី​លោក ឧក​ញ្ញ៉ា អ៊ឹង ស៊ី​តាត​វីរៈ ប្រធាន​សមាគម​តែង​ធ្វើ​ឲ្យ​ក្លឹប​របស់លោក​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់ ហើយ នៅ​ឆ្នាំក្រោយៗ​ទៀត។​

    លោក​ក៏ដូចជា​កីឡាករ​ទាំងអស់​បាន​ប្តេជ្ញាចិត្ត​ខ្ពស់ ក្នុងការ​សម្រួច​ឆន្ទៈ​របស់ខ្លួន សម្រាប់ ការហ្វឹកហាត់ និង​ប្រកួត​ដណ្តើម​មេដាយមាស​ឲ្យ​បាន​កាន់តែច្រើន​បន្ថែមទៀត​។ សមាគម​កីឡា​វាយ​សី​ខេត្ត មណ្ឌល​គី​រី​ក៏បាន​ត្រៀម​កីឡាការិនី​ចូល​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ National Games លើក​ទី​១ នា​ចុងឆ្នាំ ២០១៦​នេះដែរ​។​

    លោក ជាម សុភា អគ្គលេខាធិការរង​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​បាន​ឲ្យ​ដឹងថា ប្រាក់រង្វាន់​លើ​វិញ្ញាសា​វាយ​ទោល គឺ​លេខ​១ ទទួលបាន ១,៥ លាន​រៀល​, លេខ​២ បាន ១ លាន​រៀល និង​លេខ ៣ បាន ៦០ ម៉ឺន​រៀល​។ ចំណែកឯ ប្រាក់រង្វាន់​អ្នកឈ្នះ​វិញ្ញាសា​វាយ​គូ​លេខ​១ បាន ២ លាន​រៀល​, លេខ​២ បាន ១,៥ លាន​រៀល និង​លេខ​៣ បាន ៦​សែន​រៀល​៕​

adverise with khmeread

មតិយោបល់