adverise with khmeread Unnamed

សូមប្រុងប្រយ័ត្នទាំងអស់គ្នា! មួយថ្ងៃ​មាន​ពលរដ្ឋ​៣​នាក់​ត្រូវ​ពស់ពិសចឹក​នៅ​ថ្មពួក​

    បន្ទាយមានជ័យ ៖ នៅ​រដូវ​ទឹក​ឡើង មាន​សត្វ​អាសិរពិស​អាច​នឹង​ឡើង​រក​ទីទួល​ដើម្បី​ជ្រក ហើយ​មាន​សត្វ​មួយចំនួន​ក៏បាន​ឡើង​ជ្រក​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ  ដូចនេះ​សូម​បងប្អូន​មេត្តា​ប្រុងប្រយ័ត្ន ហើយ​កុំ​ភ្លេច​រក​ទិញ​ក្រូចសើច​ដាក់​ក្នុងផ្ទះ​ដើម្បី​កុំឱ្យ​សត្វ​ទាំងនោះ​ចូល​ផ្ទះ​បាន​។​

    ជាក់ស្តែង​ក្នុង​១​ថ្ងៃ​សោះ​មាន​ប្រជាពលរដ្ឋ​៣​នាក់​នៅ​ស្រុក​ថ្មពួក​ត្រូវបាន​ពស់​ពិស​ចឹក​ជា​បន្តបន្ទាប់​តែ​សំណាងល្អ​ពេទ្យជួយសង្គ្រោះ​ទាន់ពេលវេលា​កាលពី​ល្ងាច​ថ្ងៃ​១៣ ខែកញ្ញា ឆ្នាំ​២០១៦ កន្លងទៅនេះ​នៅ​ចំណុច​ផ្សេងៗ​ពីគ្នា ក្នុងភូមិ​បន្ទាយឆ្មា​ជើង ឃុំ​បន្ទាយឆ្មា ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​

    លោក​វរៈសេនីយ៍ត្រី ដុំ ចិត្រ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ថ្មពួក​បានឱ្យដឹងថា ករណី​ទី​១​កើតឡើង​នៅវេលា​ម៉ោង​១០​ថ្ងៃត្រង់ ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច ភូមិ​បន្ទាយឆ្មា​ជើ​ង ឃុំ​បន្ទាយឆ្មា ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ជនរងគ្រោះ​មានឈ្មោះ ឡោម ញ៉ិ​ប ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​បន្ទាយឆ្មា​ជើ​ង ឃុំ​បន្ទាយឆ្មា ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​

    ករណី​ទី​២​កើតឡើង​នៅវេលា​ម៉ោង​២​រសៀល​ថ្ងៃទី​១៣ ខែកញ្ញា ​ឆ្នាំ​២០១៦ នៅ​ចំណុច ភូមិ​តា​អុង​លិច ឃុំ​តា​អុង​លិច ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ជនរងគ្រោះ​មានឈ្មោះ ​ទុំ ខឿន ភេទ​ប្រុស យុ​២៩​ឆ្នាំ រស់នៅ​ភូមិ​តា​អុង​លិច ឃុំ តា​អុង​លិច ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។​ 

    ករណី​ទី​៣​នៅវេលា​ម៉ោង​១​ថ្ងៃត្រង់ ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ភូមិ​ស្រែ​ល្អ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ជនរងគ្រោះ​មានឈ្មោះ វុន​ស្រី អាយុ១៦​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ស្រែ​ល្អ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​

    លោក ​ដុំ ចិត្រ បានបញ្ជាក់​ទៀតថា ជនរងគ្រោះ​ទាំង​៣​នាក់​នោះ​ក្រោយពី​ត្រូវ​ពស់​ចឹក​ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ​ដឹក​មក​មន្ទីរ​ទេ​ព្យ​បង្អែក​ស្រុក​ថ្មពួក​ដើម្បី​សង្គ្រោះ​ជីវិត​ភ្លាមៗ​ផងដែរ​។​

    លោក​វេជ្ជបណ្ឌិត ញ៉ែម ភី​រម្យ ប្រធាន​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មពួក​បានឱ្យដឹងថា អ្នក​ជំងឺដែល​ត្រូវ​ពស់​ចឹក​នោះ​ពេល​បញ្ជូន​មកដល់​មន្ទីរ​ពេទ្យ ហើយ​ទទួល​សេវា​សង្គ្រោះ​យ៉ាង​យកចិត្តទុកដាក់​បំផុត​ពី​លោកគ្រូ​ពេទ្យ ព្រោះថ្នាំ​ពស់​ចឹក​នេះ​មាន​ស្រេច​សម្រាប់​ចាក់ឱ្យ​អ្នក​ជំងឺ។​

    លោក​វេជ្ជបណ្ឌិត​បានបញ្ជាក់​ទៀតថា ក្រោយពេល​ចាក់​ហើយ​អ្នក​ជម្ងឺ​មាន​សភាព​ធូរស្រាល​ដូចដើម​វិញ​ហើយ​។ លោក​មិន​ប្រហែស​ដូច​ឆ្នាំមុនៗ​នោះទេ ព្រោះ​ជីវិត​មនុស្ស​មានតម្លៃ​ណាស់​បើទោះបី​ថ្នាំ​នេះ​មានតម្លៃ​ថ្លៃ​យ៉ាងណា​ក៏ដោយ ក៏ត្រូវ​ចាក់ឱ្យ​អ្នក​ជំងឺ​ដែរ នេះ​ជា​កាតព្វកិច្ច​របស់​គ្រូពេទ្យ៕​

adverise with khmeread

មតិយោបល់