adverise with khmeread 14384068 1120544478032426 1932387892 n

ប៉ូលិសខណ្ឌ​ព្រែក​ព្នៅឃាត់​ខ្លួនយោធា​២​នាក់

    ភ្នំពេញ​ ៖ មន្ត្រី​យោធា​២​នាក់ ត្រូវបាន​កម្លាំង​ល្បាត​អន្តរាគមន៍ និង​កម្លាំង​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ឃាត់ខ្លួន​ខណៈដែល​ទើបតែ​មកពី​ទិញ​ថ្នាំញៀន​យកទៅ​ជក់ ដោយ​សមត្ថកិច្ច​ដកហូត​ថ្នាំ​បាន​៣​កញ្ចប់ ម៉ូតូ​១​គ្រឿង នៅ​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ទល់មុខ​ស្ថានីយ៍​ប្រេង ឥន្ធនៈ​តេ​លា ស្ថិតក្នុង​ភូមិ​ឌួង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​។ 

    ប៉ូលិសនិយាយថា កម្លាំង​នគរបាល​ផ្នែក​អន្តរាគមន៍ តែងតែ​សហការ និង​កម្លាំង​ព្រហ្មទណ្ឌ ព្រមទាំង​កម្លាំង​តាម​បណ្ដា​ប៉ុស្ដិ៍​មូលដ្ឋាន ក្នុងភូមិ​សាស្ត្រ​ដើម្បី​យាមល្បាត ដោយ​អនុវត្តន៍​តាម​ការណែនាំ​ពី លោក​វរសេនីយ៍ឯក ឈិន គឹ​មធុ​យ អធិការនគរបាល​ខ​ណ្ឌ​ព្រែក​ព្នៅ ដែល​ជាក់ស្ដែង នៅ​យប់កើតហេតុ កម្លាំង​សមត្ថកិច្ច បាន​បន្តសកម្មភាព​ពួនស្ទាក់ និង​ចាប់បាន​ជនសង្ស័យ​២​នាក់ រកឃើញ​ថ្នាំញៀន​ប្រភេទ​ក្រាម​ស​ថ្លា ៣​កញ្ចប់ និង​ម៉ូតូ​មួយគ្រឿង ម៉ាក Nex ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1CD-3528​។​
 
    ប៉ូលិសបន្តថា ជនសង្ស័យ​ទាំង​២​នាក់​ជា​យោធា ដោយ​ទី​១-​ឈ្មោះ គង់ ទី អាយុ​២១​ឆ្នាំ ស្នាក់នៅ​ភូមិ​ស្រែ​កក់ ឃុំ​រលាំង​ចេក ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ និង​ទី​២-​ឈ្មោះ កែវ វណ្ណៈ អាយុ​១៩​ឆ្នាំ ស្នាក់នៅ​ភូមិ​វាល់វង់ ឃុំ​សេដ្ឋី ស្រុក​សា​ម្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​។​

​    ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​យោធា​ទាំង​២​នាក់ ត្រូវបាន​កម្លាំង​ជំនាញ​នាំយកទៅ​សួរនាំ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដើម្បី​ចាត់ការ​តាមច្បាប់​៕​

adverise with khmeread

មតិយោបល់