adverise with khmeread Unnamed

បុរស​រត់​ម៉ូតូឌុប​ម្នាក់ ឌុប​ប៉ះចំ​ចោរ​ហៅ​ដឹក​ទៅ​កន្លែង​ស្ងាត់ យក​ដុំថ្ម​វាយ​ក្បាល​ប្លន់​យក​ម៉ូតូ​បានសម្រេច​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ជា​អ្នករត់ម៉ូតូឌុប​ម្នាក់​ប៉ះចំ​ថ្ងៃ​ស៊យ ឌុប​ចំ​ចោរ​២​នាក់​ហៅ​ជិះ​ទៅ​កន្លែង​ស្ងាត់​រួច​បាន​ប្រាប់​ឱ្យ​ឈប់ ហើយ​ចោរ​បាន​រើស​ដុំថ្ម​វាយ​ក្បាល ហូរឈាម​រងរបួស​ធ្ងន់ ហើយ​បាន​យក​ម៉ូតូ​មួយគ្រឿង​ទៅបាន​សម្រេច​គេច​បាត់។​

    អំពើ​ប្លន់​ដែល​សមត្ថកិច្ច​មិនអាច​ត្រួតត្រា​បាន​ខាងលើនេះ កើតឡើង​កាលពី​វេលា​ម៉ោង៨​ និង​៣០​នាទី​យប់​ថ្ងៃទី​១៥ កញ្ញា ២០១៦ នៅ​ចំណុច​ក្រោយ​វត្ត​ឫស្សី​សាញ់ ព្រំប្រទល់​២​ខណ្ឌ​ជាប់​គ្នា​គឺ​ខណ្ឌដង្កោ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ មិន​ច្បាស់​ថា​ជា​ទឹកដី​ខណ្ឌ​ណា​ឱ្យ​ប្រាកដ​នោះទេ  ព្រោះ​ជនរងគ្រោះ​នៅ​រវើរវាយ មិនទាន់​ស្រួលខ្លួន។​

    តាម​សម្តី​ពី​សាច់​ញ​តិ​ជនរងគ្រោះ​បានឱ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ ក្រិត ចេង អាយុ​២៧​ឆ្នាំ ​មុខរបរ​រត់​ឌុប ស្នាក់នៅ​ផ្ទះជួល​ជិត​ផ្សារ​ត្រពាំង​ថ្លឹង ស្ថិត​ភូមិ​ត្រពាំង​ថ្លឹង ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ រីឯ​ម៉ូតូ​បាត់បង់​ម៉ាក ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​០១៤ ​ឡើង​ស៊េរី​០១៦។​

    តាម​ប្រភពពី​ជនរងគ្រោះ​បាន​រៀបរាប់​ទាំង​រវើរវាយ ថា​នៅ​មុនពេល​កើតហេតុ គឺមាន​ជនសង្ស័យ​២​នាក់​បាន​ហៅ​គាត់​ឱ្យ​ឌុប​ពី​កាណាឌីយ៉ា ទៅ​វត្ត​ឫស្សី​សាញ់​ក្នុងតម្លៃ មួយ​ម៉ឺន​ប្រាំ​ពាន់​រៀល (១៥០០០​រៀល​)​។​

    លុះ​ខណៈ​មកដល់​ចំណុចកើតហេតុ ជនសង្ស័យ​បាន​ប្រាប់​ឱ្យ​គាត់​ឈប់ បន្ទាប់មក​ជនសង្ស័យ​ម្នាក់​បាន​ដើរទៅ​រើស​ដុំថ្ម រី​ជនសង្ស័យ​ធ្វើជា​និយាយ​បន្លប់​គាត់។ ​ភ្លាមនោះ​ជនសង្ស័យ​ដែល​រើស​ដុំថ្ម​បាន យកមក​វាយ​ក្បាល​គាត់​៣​ទៅ​៤​ដង​ធ្វើឱ្យ​គាត់​ងងឹតមុខ​ឈឹង បែកក្បាល​ហូរឈាម​ស្រោច រួច​ជនសង្ស័យ​ទាំង​២​នាក់​បាន​យក​ម៉ូតូ​របស់គាត់​ជិះ​ចេញទៅ​បាត់​តែម្តង។​

    ជនរងគ្រោះ​បាន​បន្តថា ក្រោយមក​គាត់​បាន​ដើរ​ទាំង​របួស ទៅរក​ផ្ទះ​ប្រជាពលរដ្ឋ​ដើម្បី​ឱ្យគេ​ជួយ​រួច​បាន​ប្រាប់​លេខ​ទូរស័ព្ទ​អ្នកផ្ទះ​ឱ្យមក​ទទួល​គាត់​ទៅ​មន្ទីរពេទ្យ​។​

    ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​សាច់ញាតិ​ដឹក​តាម​ម៉ូតូ​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯករាជ្យ​២។

    បន្ទាប់មក​សមត្ថកិច្ច​ទាំង​២​ខណ្ឌ​បាន​ចុះ​មកដល់​មន្ទីរពេទ្យ​ដើម្បី​សួរនាំ តែ​ដោយ​ជនរងគ្រោះ​មិនទាន់​និយាយបាន​ច្រើន​និង​និយាយ​ភ្លេចភ្លាំង ទើប​សមត្ថកិច្ច​បាន​ប្រាប់ថា ចាំ​ស្អែក​រង់ចាំ​ជនរងគ្រោះ​ស្រួលខ្លួន​សិន​ចាំ​នាំ​ជនរងគ្រោះ​ទៅ​កន្លែង​ដើម្បី​ពិនិត្យ​សួរនាំ​ឱ្យដឹងថា​ទឹកដី​របស់​ខណ្ឌ​មួយណា​ឱ្យ​ពិតប្រាកដ៕

 

adverise with khmeread

មតិយោបល់