Unnamed %282%29

រថយន្ដ​បើក​បុក​ម៉ូតូ​ត្រង់​ផ្លូវបំបែក​ជា​បួន​បណ្ដាលឱ្យ​បុរស​ជនជាតិ​បរទេស​ម្នាក់​រងរបួស​បាក់ជើង​ខាងស្ដាំ​(​មាន​វីដេអូ​)

    ភ្នំពេញ​ ៖ រថយន្ដ​កាមរី ​(​បា​ឡែ​ន​) ​មួយគ្រឿង​បើក​ក្នុង​ល្បឿន​លឿន​ដល់​ចំណុច​ផ្លូវបំបែក​ជា​បួន​មិន​ប្រយ័ត្ន​ជ្រុល​បុក​ម៉ូតូ​មួយគ្រឿង​ដែល​បើកបរ​ដោយ​បុរស​ជនជាតិ​បរទេស​ម្នាក់​បណ្ដាលឱ្យរ​ងរ​បួស​បាក់ជើង​ខាងស្ដាំ​ខ្ទេច ហើយ​រថយន្ដ​បាន​ព្យាយាម​បើក​គេចខ្លួន​តែ​ត្រូវ​សមត្ថកិច្ច​ដេញតាម​ឃាត់​ជាប់​។​

    គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១២ ​និង​១៥​នាទី រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​លេខ​៥១​កែង​ផ្លូវ​លេខ​២៩៤ ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ហើយ​រថយន្ដ​បង្ក​បាន​ព្យាយាម​បើក​គេចខ្លួន​រហូតដល់​ខាងក្រោយ​វត្ត​មហាមន្ត្រី​ទើប​កម្លាំង​សមត្ថកិច្ច​តាម​ឃាត់​ជាប់​។​

    ប៉ូលិស​និយាយថា រថយន្ដ​បង្ក​ម៉ាក កាម ​(​បា​ឡែ​ន) ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ​2AJ-2273 បើកបរ​ដោយ​បុរស​ម្នាក់​និង​រួម​ដំណើរ​ដោយ​នារី​២​នៅ​៣​នាក់​ក្នុង​រថយន្ដ​។ ចំណែក​ម៉ូតូ​ជនរងគ្រោះ​ម៉ាក រី​ប៊ែ​ល ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​ 1BE-8341 បើកបរ​ដោយ បុរស​ម្នាក់​ជា​ជនជាតិ​បរទេស​មិនទាន់​ស្គាល់ឈ្មោះ។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​ជនរងគ្រោះ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៥១ ទិសដៅ​ពី​ត្បូង​ទៅ​ជើង។ ​ពេលមកដល់​ចំណុចកើតហេតុ​ក៏ត្រូវ​រថយន្ដ​បង្ក​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​២៩៤ ទិសដៅ​ពី​កើ​តទៅ​លិច​បុក​ចំពាក់​កណ្ដាល​ម៉ូតូ​ពេញទំហឹង បណ្ដាលឱ្យ​បុរស​ជា​ម្ចាស់​ម៉ូតូ​រងរបួស​បាក់ជើង​ខាងស្ដាំ​។​

    ប្រភព​បាន​បន្តថា ក្រោយពី​បង្កហេតុ​រួច​រថយន្ដ​បាន​ព្យាយាម​បើក​គេចខ្លួន​ទាំង​ម៉ូតូ​អូស​ជាប់​ក្រោម​រថយន្ដ​រហូតមកដល់​ផ្លូវ​លេខ​៣២២​ទើប​ម៉ូតូ​ខ្ទាត​ចេញពី​រថយន្ដ។ ​បន្ទប់​មក​រថយន្ដ​បាន​បន្ថែម​ល្បឿន​រត់គេច​តែ​ត្រូវ​សមត្ថកិច្ច​ជិះ​ម៉ូតូ​ប្រដេញ​រហូតដល់​ខាងក្រោយ​វត្ត​មហាមន្ត្រី​ទើប​ឃាត់​បាន​ទាំង​ម្ចាស់​រថយន្ដ​និង​ម្ចាស់​តែម្ដង​។​ យ៉ាងណាក៏ដោយ​ប៉ូលិស​មិនទាន់​បញ្ជាក់​ពី​អត្តសញ្ញាណ​ពួកគេ​នៅឡើយ។​

    ក្រោយពី​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ដ​សង្គ្រោះ​មន្ទា​ន់​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ រីឯ​រថយន្ដ​បង្ក​និង​ម៉ូតូ​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌចំការមន ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​និតិ​វិធី​ច្បាប់​៕

មតិយោបល់