adverise with khmeread Roberto firmino neymar

Roberto Firmino ទទូច​ឱ្យ​លោក Klopp ប្រែក្លាយ​រូបគេ​ឱ្យទៅជា Neymar របស់ Liverpool

    ​Roberto Firmino ជឿជាក់ថា Jurgen Klopp អាច​កែប្រែ​មុខមាត់​របស់គាត់​ទៅជា​តា​រា​បាល់ទាត់​កំពូល​ម្នា​ក់បាន​។​

​    ​ខ្សែប្រយុទ្ធ​ក្រុម​ហង្ស​ក្រហម Liverpool រូបនេះ ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ចាប់តាំងពី​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​អាល្លឺម៉ង់​បានធ្វើ​ដំណើរ​មកដល់​ទឹកដី Anfield ហើយ​គាត់​បាន​បន្ត​មាន​ពន្លឺ​ដ៏​ត្រចះត្រចង់​នៅ​ការចាប់ផ្តើម​រដូវ​កាល​ថ្មី ជាមួយនឹង​គ្រាប់​បាល់​ចំនួន​ពីរ​គ្រាប់​ក្នុងការ​ប្រកួត​ជ័យជម្នះ ៤-១ ទៅលើ​ម្ចាស់​ជើងឯក​លី​ក Leicester កាលពី​ចុង​សប្តាហ៍​មុន​។​

​    ​អាជីព​ជា​អ្នកចាត់ការ​ទូទៅ​របស់ Klopp គួរឱ្យកត់សម្គាល់​ខ្លាំង​បំផុត​ពេលដែល​គាត់​ចំណាយ​ពេលវេលា​ជាមួយ Borussia Dortmund ដែល​យើង​អាច​ឃើញ​នូវ​សមិទ្ធផល​របស់គាត់​ដែល​បាន​បង្កើត​នូវ​កីឡាករ​កំពូលៗ​ជាច្រើន ហើយ​បានធ្វើឱ្យ​ពួកគេ​ក្លាយជា​កំពូល​តារាបាល់ទាត់​តម្លៃ​ខ្លួន​ថ្លៃៗ​ថែមទៀត​។​

​    ​Klopp ត្រូវបាន​គេ​ឱ្យ​តម្លៃ​ខ្ពស់​ក្នុងការ​បង្កើន​សម្ថ​ភាព​លេង​របស់​កីឡាករ​កំពូលៗ​របស់​ពិភពលោក​ដូចជា ម្ចាស់​ជើងឯក​ពានរង្វាន់​ពិភពលោក Mats Hummels និង Mario Gotze ខ្សែប្រយុទ្ធ​ស្លាប Marco Reus និង​ម៉ាស៊ីន​ផលិត​គ្រាប់​បាល់​របស់ Bayern Munich កីឡាករ Robert Lewandowski ។​

​    ​បច្ចុប្បន្ន Firmino ជឿជាក់ថា គាត់​នឹង​អាចធ្វើ​រឿង​ស្រដៀង​គ្នា​នេះ​សម្រាប់​គាត់​ផងដែរ ហើយនឹង​អាច​បញ្ជូន​គាត់​ទៅកាន់​កម្រិត​ថ្មី​មួយទៀត ប៉ុន្តែ​តារាបាល់ទាត់​អន្តរជាតិ​ប្រេ​ស៊ី​ល​រូបនេះ​ដឹង​ច្បាស់​ណាស់​ថា អ្វីៗ​គឺ​អាស្រ័យ​លើ​ខ្លួន​គាត់​តែប៉ុណ្ណោះ​។​

​    ​Firmino បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ Daily Mail ថា "​ខ្ញុំ​បាន​លេង​ប៉ះ​ជាមួយ​ក្រុម​របស់គាត់​អស់​រយៈពេល​បួន​ឆ្នាំកន្លះ​"​។​

​    ​គាត់​បន្តទៀតថា "​ខ្ញុំ​ដឹង​អ្វីដែល​គាត់​ចង់បាន​ពី​កីឡាករ​។ ពេលដែល​ខ្ញុំ​បាន​ឮថា​គាត់​នឹង​ក្លាយទៅជា​អ្នកចាត់ការ Liverpool ខ្ញុំ​ពិតជា​រីករាយ​បំផុត​។ ខ្ញុំ​មិនអាច​មាន​អ្វី​រីករាយ​ជាង​នេះ​នោះឡើយ​។ ខ្ញុំ​បានដឹង​ពីអ្វី​ដែល​គាត់​នឹង​នាំយកមក​ទីនេះ​។ គាត់​បាន​នាំយកមក​នូវ​ទម្រង់​នៃ​ការងារ និង​ទម្រង់​នៅ​អាល្លឺម៉ង់ ហើយ​ក្រុម​បាន​ប្រែប្រួល​ទៅរក​វា​។ មិត្តភាព​របស់​យើង​គឺ​ច្បាស់លាស់​។ មិនមាន​អ្វី​នៅ​ពីក្រោយ​វា​នោះឡើយ​។ គាត់​គឺជា​មនុស្ស​ពិសេស​ម្នាក់​។ ប្រសិនបើ​អ្នកធ្វើ​អ្វីដែល​គាត់​សុំឱ្យ​អ្នកធ្វើ អ្នក​នឹងមិន​អនុញ្ញាតឱ្យ​គាត់​អន់ចិត្ត​នោះឡើយ​"​។​

​    ​"​តើ​គាត់​នឹង​អាចធ្វើឱ្យ​ខ្ញុំ​ក្លាយទៅជា Neymar របស់ Liverpool? អ្វីៗ​ទាំងអស់​គឺ​អាស្រ័យ​លើ​ខ្ញុំ​"៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់