adverise with khmeread 1

បាក់​ច្រាំងទន្លេ​២​កន្លែង​នៅ​ស្រុក​ក្រូចឆ្មារ​...​ផ្ទះ​៣​ខ្នង​កំពុង​ប្រឈម​ធ្លាក់ចូល​ទន្លេ​

    ក្រចេះ ៖ ច្រាំងទន្លេ​២​កន្លែង​បាក់​ចូលក្នុង​ទន្លេ​នៅ​ឃុំ​ក្រូចឆ្មារ ស្រុក​ក្រូចឆ្មារ បណ្តាល​ឱ្យដាច់​ផ្លូវ​ក្នុងភូមិ ហើយ​ផ្ទះ​ប្រជាពលរដ្ឋ​៣​ខ្នង​កំពុង​ប្រឈម​នឹង​ការបាក់​ចូលក្នុង​ទន្លេ ហើយ​ត្រូវបាន​កម្លាំង​ប៉ូលិស​ខេត្ត ​និង​ប៉ូលិស​ស្រុក​ទៅ​ជួយ​រុះរើ។​

    ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ពៅ ស្នងការ​ប៉ូលិស​ខេត្ត បាន​ចាត់​តាំ​កម្លាំង​អន្តរាគមន៍ និង​កម្លាំង​ប្រចាំការ​របស់​អធិការដ្ឋាន​ស្រុក​ក្រូចឆ្មារ ចុះជួយ​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ប្រឈម​ពេល​ទឹកទន្លេ​ឡើង​ខ្លាំង បណ្តាលឱ្យ​បាក់​ច្រាំងទន្លេ ព្រឹក​ថ្ងៃទី​១៥​កញ្ញា​ឆ្នាំ​២០១៦ ចំនួន​ពីរ​កន្លែង​កន្លងទៅនេះ។​

    ប៉ូលិស​បានឱ្យដឹងថា ទីតាំង​ទី​១.​បាក់​ច្រាំង​ប្រវែង​៣០​ម៉ែត្រ ជម្រៅ ប្រហែល​១៥​ម៉ែត្រ ស្ថិតនៅ​ភូមិ​ក្រូចឆ្មារ​ក្រោម ឃុំ​ក្រូចឆ្មារ កំពុង​រំកិល​ផ្ទះមួយ​ខ្នង​ធ្វើ​ពី​ឈើ​ប្រក់​ក្បឿង ទំហំ​៧​ម៉ែត្រ​គុណ​១៣​ម៉ែត្រ​របស់​ឈ្មោះ ​ហ៊ុន ហឿន ភេទ​ប្រុស អាយុ៤៣​ឆ្នាំ និង​ត្រៀម​រំកិល​មួយ​ខ្នង​ទៀត​ធ្វើ​ពី​ឈើ​ប្រក់​ក្បឿង ទំហំ​៧​ម៉ែត្រ គុណ​១២​ម៉ែត្រ របស់​ឈ្មោះ ប្រុ​ញ សុខ​ជា ភេទ​ស្រី អាយុ៧២​ឆ្នាំ​។​

    ទីតាំង​ទី ២.​បាក់​ច្រាំង​ប្រវែង​៣៥​ម៉ែត្រ ជម្រៅ​ប្រហែល​៤​ម៉ែត្រ ស្ថិតនៅ​ភូមិ​ខ្សាច់​ប្រឆេះ​លើ ឃុំ​ក្រូចឆ្មារ កំពុង​រុះរើ​ផ្ទះមួយ​ខ្នង​ធ្វើ​ពី​ឈើ​ប្រក់​ក្បឿង ទំហំ​៧​ម៉ែត្រ គុណ​១០​ម៉ែត្រ របស់​ឈ្មោះ ស៊ន សុខ​ប្រាំង ភេទ​ប្រុស អាយុ៤៣​ឆ្នាំ​។​

    បច្ចុប្បន្ន​កម្លាំង​ប៉ូលិស​កំពុង​ជួយ​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​គេច​ចេញពី​គ្រោះធម្មជាតិ​នៅ​រដូវ​ទឹក​ដំឡើង​ឆ្នាំនេះ៕

adverise with khmeread

មតិយោបល់