adverise with khmeread Unnamed

ក្លឹប​កីឡា​វាយ​កូន​ហ្គោល CGA ជ្រើសរើស​យុវជនឱ្យចូលរួម​ហ្វឹកហាត់ ដើម្បី​បណ្តុះ​ត្រៀម​ទុក​ស៊ី​ហ្គេម ២០២៣

    ភ្នំពេញ ៖ ក្លឹប​កីឡា​វាយ​កូន​ហ្គោល​មិនមែន​អាជីព​នៅ​កម្ពុជា Cambodian Golf Amateur ហៅ​កាត់ CGA បាន ប្រកាស​ដល់​យុវជន​នានា ដែលមាន​បំណង​ចង់​ហ្វឹកហាត់​អាចមក​ចុះឈ្មោះ​បាន​នៅ​ក្លឹប CGA ស្ថិតក្នុង City Golf សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ហើយ​គ្រោង​នឹង​ដំណើរការ​វគ្គ​បណ្តុះបណ្តាល​នេះ​ក្នុងអំឡុង ខែកញ្ញា​នេះ​។​

    លោក ស៊ឹម ស៊ូ​យុង ប្រធាន​ក្លឹប​កីឡា​វាយ​កូន​ហ្គោល​មិនមែន​អាជីព​នៅ​កម្ពុជា Cambodian Golf Amateur មានប្រសាសន៍ថា ក្លឹប CGA នឹង​បើក​វគ្គ​បណ្តុះបណ្តាល​ដល់​កីឡាករ​វ័យក្មេងៗ ដើម្បី​កសាង​បច្ចេក ទេស និង​កម្រិត​សមត្ថភាព​ឲ្យ​មាន​មូលដ្ឋានគ្រឹះ ប្រកបដោយ​ទេពកោសល្យ​ខ្ពស់ ប្រយោជន៍​ត្រៀម​ទទួល​ធ្វើជា ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ថ្នាក់​តំបន់​អាស៊ាន ស៊ី​ហ្គេម លើក​ទី​៣២ នា​ឆ្នាំ​២០២៣ ខាងមុខ​។ 

    ដូច្នេះហើយ​លោក​ប្រធាន​ក្លឹប​រូបនេះ​សូម​ឲ្យ​យុវជន​នានា និង​អាណាព្យាបាល ដែល​​មានកូនៗ​ចង់​ចូលរួម​ហ្វឹកហាត់​ទាំង​ទ្រឹស្តី និង​ការអនុវត្ត​បច្ចេកទេស​ដោយផ្ទាល់​នោះ អាច​​មក​ចុះឈ្មោះ​ចូលរួមបាន​។​

    លោក​អះអាងថា ក្នុង​រយៈពេល ៣​ខែ​ដំបូង ក្លឹប​នឹង​ផ្តល់ជូន​នូវ​ការហ្វឹកហាត់​ជូន​ដល់​ថ្នាល​យុវជន​ដោយ​ឥតគិតថ្លៃ​។ ប៉ុន្តែ​បន្ទាប់ពី​៣​ខែ ក្លឹប​នឹង តម្រូវ​ឲ្យ​អ្នកចូលរួម​បង់ថ្លៃ​តិចតួច អាច​ពី​១០​ដុល្លារ ទៅ​២០​ដុល្លារ ក្នុង​១​ខែៗ ដើម្បី​សម្រួល​ដល់​ការបង្រៀន​របស់ គ្រូបង្វឹក ដែល​អញ្ជើញ​មកពី​សហរដ្ឋអាមេរិក​។ វគ្គ​បណ្តុះបណ្តាល​នេះ​ជាការ​សាកល្បង​ដំបូង ដោយ​នៅពេល ខាងមុខ​ឯកឧត្តម​នឹង​បង្កើន​រយៈពេល តាម​ការចូលរួម​ជាក់ស្តែង​។​

    លោក ស៊ឹម ស៊ូ​យុង បន្តថា ការបង្កើត​ឲ្យ​មានការ​ហ្វឹកហាត់​នេះ គឺ​ក្នុង​គោលដៅ​បណ្តុះ​នូវ​ធនធាន កីឡាករ​វ័យក្មេង​ឲ្យ​មាន​សមត្ថភាព ឬ​ក្លាយជា​កីឡាករ​អាជីព​ពិតប្រាកដ ដើម្បី​ចូលរួម​ត្រៀម​ការប្រកួត​ក្នុង​ព្រឹត្តិ ការណ៍​អន្តរជាតិ​នានា ដោយ​នេះ​ជា​ស្មារតី​ទទួលខុសត្រូវ​មួយ​ក្នុងការ​រួមចំណែក​ជាមួយ​សហព័ន្ធ​កីឡា​វាយ​កូន ហ្គោល​កម្ពុជា ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​វិស័យ​កីឡា​វាយ​កូន​ហ្គោល​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ល្អ ប្រសើរឡើង​បន្ថែមទៀត​។​

    សូមបញ្ជាក់ថា ក្លឹប CGA តែងតែបាន​រៀបចំ​ការ​ប្រកួត​កីឡា​វាយ​កូន​ហ្គោល ដណ្តើមពាន​រង្វាន់​រប​ស់​ខ្លួន រៀងរាល់​៣​ខែម្តង ដោយ​ទទួលបាន​ការគាំទ្រ​ពី​កីឡាករ និង​ដៃគូ​ឧបត្ថម្ភ​ពី​បណ្តា​ក្រុមហ៊ុន​នានា ហើយ​ចំនួន​នៃ អ្នកចូលរួម​តែងតែមាន​ចំនួន​កើន​ឡើងជា​លំដាប់​៕​

adverise with khmeread

មតិយោបល់