adverise with khmeread 1

នៅចាំ​បុរស​លី​សព​ប្រពន្ធ​នេះ​ទេ​? សាច់រឿង​របស់គាត់​រឹតតែ​អស្ចារ្យ​ក្រោយ​ព្រះអង្គម្ចាស់​បា​រ៉ែ​ន​ចេញមុខ​ជួយ​ម៉ឺនៗ​ដុល្លារ ខណៈដែល​ឥណ្ឌា​ស្ងាត់​ជ្រាប​

    ​នៅពេល​រូបភាព​របស់លោក Dana Majhi លី​សាកសព​ប្រពន្ធ​ល្បី​ពេញ​បណ្តាញ​ផ្សព្វផ្សាយ មហាជន​បាននាំគ្នា​រិះគន់​មន្ទីរពេទ្យ​ឥណ្ឌា​យ៉ាង​ចាស់ដៃ ដោយសារ​អត់​ចិត្ត​អត់​ថ្លើម សុខចិត្ត​ទុកឱ្យ​បុរស​នេះ​លី​សាកសព​ប្រពន្ធ​ដើរ​អស់ ១០ គីឡូម៉ែត្រ ទម្រាំ​យក​រថយន្ត​មកជួយ​ដឹក​សព​ទៅ​ស្រុកកំណើត ដែល​នៅសល់​ប្រមាណ ៦០ គីឡូម៉ែត្រ​ទៀត​។​

​    ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​ចុះផ្សាយ​បង្ហាញ​រាល់​ការឈឺចាប់​របស់លោក Majhi ហើយ​ប្រជាជន​ទូទាំង​ឥណ្ឌា និង​ពិភពលោក​ទាំងមូល​បាន​ជ្រាប​យ៉ាងច្បាស់​អំពី​សាច់រឿង​ដ៏​កម្សត់​របស់​បុរស​រូប​នេះ​។ ឥឡូវនេះ លោក Majhi បានទទួល​ប្រាក់​ជំនួយ​ពី​នាយករដ្ឋមន្ត្រី​បា​រ៉ែ​ន គឺ​ព្រះអង្គម្ចាស់ Khalifa Bin Salman Al Khalifa ចំនួន ១៣.៣០០ ដុល្លារ​តាម​ការសន្យា​របស់​ទ្រង់​។ លោក Majhi បានទទួល​ប្រាក់​នេះ​ពី​ស្ថានទូត​បា​រ៉ែ​ន​ប្រចាំ​ទីក្រុង Delhi កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ១៥ ខែកញ្ញា​។ 

​    ​នាយករដ្ឋមន្ត្រី​បា​រ៉ែ​ន ដែលជា​សមាជិកគ្រួសារ​រាជវង្ស​មាន​បំផុត​មួយ​ក្នុង​ពិភពលោក មាន​ព្រះ​ហឫទ័យ​ក្តុកក្តួល​ជាខ្លាំង បន្ទាប់ពី​ទ្រង់​បាន​ទត​ឃើញ​ការលំបាក​របស់​បុរស​ឥណ្ឌា​រូបនេះ​។ 

​    ​លោក Majhi សប្បាយចិត្ត​ជាខ្លាំង ដែល​បានទទួល​ប្រាក់​ទាំងអស់នេះ ហើយ​លោក​និយាយថា លោក​អាច​លៃលក​ប្រាក់​នេះ​ល្មម​សម្រាប់​ឱ្យ​កូនស្រី​ទាំងបី​រៀបការ​។ (​ប្រពៃណី​ឥណ្ឌា​គឺ​ខាង​ស្រី​ត្រូវ​ដណ្តឹង​ខាង​ប្រុស​)​។ 

​    ​បណ្តាញ​ផ្សព្វផ្សាយ​ឥណ្ឌា​បាន​ជួយ​រួមចំណែក​យ៉ាងច្រើន​ដល់​ការ​សម្រាល​ការលំបាក​របស់លោក Majhi នៅពេល​ការផ្សព្វផ្សាយ​ពី​សកម្មភាព​លី​សព​ប្រពន្ធ​ចម្ងាយ ១០ គីឡូម៉ែត្រ​ត្រូវបាន​ដឹងឮ​ទូទាំងប្រទេស​។ អាជ្ញាធរ​ពេទ្យ​ដែល​បដិសេធ​ដឹក​សាកសព ភ្លាមនោះ​បានសម្រេច​បញ្ជូន​រថយន្ត​ចេញទៅ​ដឹក​សព​នោះ​យ៉ាង​ប្រញាប់ ក្នុងពេល​រង​សម្ពាធ​រិះគន់​និង​កំហឹង​របស់​ប្រជាជន​ទូទាំងប្រទេស​។ មន្ទីរពេទ្យ​នោះ​គឺ​ស្ថិតនៅក្នុង​ទីក្រុង Bhawanipatna រដ្ឋ Odisha​។ ហើយ​គ្រា​ដែល​ឡានពេទ្យ​ចេញមក​ដឹក​នោះ បុរស​ជា​ប្តី​បាន​លី​សាកសព​ដើរ​អស់ ១០ គីឡូម៉ែត្រ​រួចទៅហើយ និង​នៅសល់ ៦០ គីឡូម៉ែត្រ​ទៀត​ទើប​ដល់ផ្ទះ​របស់គាត់​នៅក្នុង​ភូមិ​មួយ​ក្នុង​រដ្ឋ​ដដែល​។​

​    ​រឿងនេះ​មិនទាន់​អាម៉ាស​ខ្លាំង​សម្រាប់​ប្រទេស​ឥណ្ឌា​ឡើយ​ទេ អ្វីដែល​អាម៉ាស​បំផុត​គឺ​នាយករដ្ឋមន្ត្រី​ស្រុក​បា​រ៉ែ​ន មកជួយ​ប្រជាជន​ស្រុក​ឥណ្ឌា​។ ប្រជាជន​ឥណ្ឌា​ទូទាំងប្រទេស​មាន​អារម្មណ៍​ខ្មាស់​គេ​ពេញ​ពិភពលោក នៅពេល​ទទួលដំណឹង​ថា ព្រះអង្គម្ចាស់​ប្រទេស​ដទៃ​ចេញមុខ​មកជួយ​បុរស​ឥណ្ឌា​រូបនេះ ខណៈដែល​ប្រទេស​សាមីខ្លួន​ធ្វើជា​មិនដឹងមិនឮ​ឬ​អើពើ​ជួយ​លោក Majhi បន្តិច​នោះឡើយ​៕

adverise with khmeread
ប្រភព៖ indianexpress

មតិយោបល់