adverise with khmeread 1

គ្រូពេទ្យ​យួន​អត់​ច្បាប់​ព្យាបាល​ជនបរទេស​ស្លាប់!​ ដោយ​ការវះកាត់​នៅ​កៀនស្វាយ​

    កណ្តាល ៖ គ្រូពេទ្យ​យួន​បើក​ព្យាបាល​អ្នកជំងឺ​គ្មាន​ច្បាប់​អនុញ្ញាតិ​ម្នាក់​បាន​ព្យាបាល​លើ​ស្ត្រី​វៀតណាម​ម្នាក់​បណ្តាលឱ្យ​ស្លាប់​នា​ថ្ងៃទី​១៦ ​កញ្ញា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង​២ ​និង​៥០នាទី នៅ​ចំណុច​ផ្ទះ​ឈ្មោះ លី មិន ភេទ​ប្រុស​ អាយុ​៦២​ឆ្នាំ ជនជាតិ​យួន មុខរបរ គ្រូពេទ្យ​ព្យាបាល​នៅផ្ទះ (​គ្មាន​ច្បាប់​) ក្នុងភូមិ​ស្រែអំពិល ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល ត្រូវ​ប៉ូលិស​ឃាត់ខ្លួន។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ ឈ្មោះ ង៉ូ ធី​ភឿង ភេទ​ស្រី ​អាយុ​៦០​ឆ្នាំ​ ជនជាតិ​វៀតណាម មាន​ទីលំនៅ​ប្រទេស​វៀតណាម កាន់​លិខិតឆ្លងដែន​លេខ​B.4773626 ចូល​កម្ពុជា​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០១៦ តាម​ច្រកទ្វារ ត្រពាំង​ក្រៀល ខេត្តស្ទឹងត្រែង ​(​ស្លាប់​)។

    ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ ពេលវេលា​ដូចខាងលើ ជនរងគ្រោះ បានមក​សំរាក​ព្យាបាល​ជំងឺ​នៅ​ចំណុចកើតហេតុ​ខាងលើ ហើយ​បាន​ស្លាប់។ ប៉ូលិស​ទទួលបាន​ព័ត៌មាន បាន​តាមរយៈ​លោក​មេភូមិ​ថា មាន​អ្នក​មក​សុំបូជា សព​មនុស្ស​ស្លាប់។​

    បន្ទាប់មក កម្លាំង​ជំនាញ​ខេត្ត ស្រុកប៉ុស្តិ សហការ​ជាមួយ អាជ្ញាធរ​មូលដ្ឋាន និង​គ្រូ​​ពេទ្យ​បានធ្វើ​កោសល្យវិ​ច្ច័​យ ពិនិត្យ​សាកសព​។​

    ប៉ូលិស​បាន​សន្និដ្ឋាន​ប​ឋ​ម​ថា​ជនរងគ្រោះ​ស្លាប់ ដោយសារ​ការវះកាត់ មាន​ស្នាម​នៅក្រោម​ក្លៀក​ខាងស្ដាំ​មាន​ប្រវែង ៤.៥​ស​.​ម និង ជំរៅ ១០​ស​.​ម។​ ក្នុងករណីនេះ​ប៉ូលិស​កំពុង​បន្តធ្វើ​ការស្រាវជ្រាវ​ស៊ើ​ប​អង្កេត​បន្ត ហើយ​បាន​នាំខ្លួន​ឈ្មោះ លី មិន ភេទ​ប្រុស ​អាយុ​៦២​ឆ្នាំ​មុខរបរ គ្រូពេទ្យ​ព្យាបាល​នៅផ្ទះ (​គ្មាន​ច្បាប់​) មក​ធ្វើការ​សាកសួរ​បំភ្លឺ​អំពី​មូលហេតុ និង​ស្ថានភាព អ្នកជំងឺ មុនពេល​ស្លាប់ និង សាកសួរ​ព័ត៌មាន​ពី​សាច់ញាតិ ក្រុមគ្រួសារ៕


 

adverise with khmeread

មតិយោបល់