adverise with khmeread Unnamed %281%29

ឆក់​ទូរស័ព្ទ​បាន​ហើយ ឃើញ​សមត្ថកិច្ច​ភ័យពេក! ​ជិះ​ម៉ូតូ​បុក​បង្គោល​ភ្លើង​ជាប់​ខ្នោះ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​នារី​ម្នាក់​បានសម្រេច ខណៈ​ឃើញ​សមត្ថកិច្ច​ល្បាត ភ័យ​ជិះ​ម៉ូតូ​បក​ក្រោយ ធ្វើឱ្យមានការ​សង្ស័យ​កម្លាំង​ក៏បាន​ជិះ​ដេញតាម​ធ្វើឱ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​ជិះ​ម៉ូតូ​បុក​បង្គោល​ភ្លើង​ទើប​សមត្ថកិច្ច​ឃាត់​ជាប់។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៧​យប់​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៦ នៅតាម​បណ្ដោយ​ផ្លូវ​សុធារស ទល់មុខ​ X2 ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

    បើតាម​ប្រភពព័ត៌មាន​ពី​ប៉ូលិស​ប៉ុស្តិ៍​ទន្លេបាសាក់​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ​សុច ច័ន្ទ​បូ​រិ​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ផ្ទះ​លេខ​២១០៦ ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ជិះ​ម៉ូតូ​ម៉ា​កវី​ស្ទុន ពណ៌​ប្រផេះ គ្មាន​ស្លាក​លេខ​។​

    ប៉ូលិស​បន្តថា នៅ​មុនពេល​កើតហេតុ មាន​ជនរងគ្រោះ​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ និង​ជិះ​ម៉ូតូ​មិន​ចាំ​ស្លាក​លេខ បាន​ជិះ​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវ​សុធារស ទិសដៅ​ពី​ត្បួ​ង​ទៅ​ជើង​។​

    ខណៈ​មកដល់​ចំណុច​មុខ​ខារ៉ាអូខេ X2 ក៏បាន​លើក​ទូរ​ស័​ព្ទ​និយាយ ស្របពេលនោះ​ជនសង្ស័យ​ខាងលើ​បាន​ជិះ​ម៉ូតូ​មកពី​ក្រោយ​ក៏​ធ្វើ​សកម្មភាព​ឆក់​ទូរ​ស័​ព្ទ​បានសម្រេច​។​

    ប៉ូលិស​បន្តទៀតថា ក្រោយពី​ជនសង្ស័យ​បានធ្វើ​សកម្មភាព​ឆក់​បានសម្រេច​រួចហើយ ពេលនោះ​ជនរងគ្រោះ​ក៏បាន​ស្រែក​ឆោឡោឡើង​បង្កឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជួយ​ដេញ​ភ្លាមៗ​ផងដែរ ។​

    ដោយសារ​ជនសង្ស័យ​មានការ​ភ័យ​ស្លន់ស្លោ​ខណៈពេល​ឃើញ​សមត្ថកិច្ច​កំពុង​ល្បាត​ចំណុច​ខាងលើ​ទើប​រូបគេ​ក៏បាន​ជិះ​ម៉ូតូ​ជ្រុល​ចង្កូត​ទៅបុក​បង្គោល​ភ្លើង​ដែល​មិន​ឆ្ងាយ​ពី​កន្លែង​ធ្វើ​សកម្មភាព បណ្ដាល​ឱ្យ​ដួល​ច្រងាប់ច្រងិល រងរបួស​ស្រាល និង​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​និង​ប្រជាពលរដ្ឋ​ចាប់បាន​តែម្ដង​។​

    ជនរងគ្រោះ​ក៏បាន​យក​ទូរស័ព្ទ​របស់គាត់​ទៅវិញ តែ​មិនបាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​មាន​នោះទេ​។ ​ក្រោយមក​ប៉ូលិស​បាន​នាំយក​ជនសង្ស័យ ​និង​ម៉ូតូ​ដែល​ធ្វើ​សកម្មភាព​ទៅកាន់​ប៉ុស្តិ៍​ទន្លេបាសាក់​ដើម្បី​សួរនាំ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​កំពុង​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌចំការមន ដើម្បី​រង់ចាំ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

 

adverise with khmeread

មតិយោបល់