14383436 1122623151157892 710347496 n

លួច​កាបូប​លុយ​តាំងពី​ដើមខែ​...​ទើបនឹង​ចាប់ខ្លួនបាន​

    ភ្នំពេញ ៖ បុរស​ម្នាក់​ពាក់ព័ន្ធ​ករណី​លួច​លុយ និង​បុ​ង​ចាក់​សាំង​កាលពី​ដើមខែ​នេះ​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ៣៦៩ ភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ ត្រូវបាន​ម្ចាស់​លុយ​ប្រទះឃើញ​ចាប់ខ្លួន​ប្រគល់ឱ្យ​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ​កាលពី​វេលា​ម៉ោង​១០​ និង២០​នាទី​ព្រឹក​ថ្ងៃទី​១៧ ​កញ្ញា ​ឆ្នាំ​២០១៦​ដើម្បី​ចាត់ការ​តាមច្បាប់។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ហួត បូ​ណា ភេទ​ស្រី អាយុ៣៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់​សាំង ស្នាក់​នៅផ្ទះ កើតហេតុ។

    ចំណែក​ជនសង្ស័យ​ឃាត់ខ្លួន​ឈ្មោះ កែវ សុភា ហៅ ស្វិត ភេទ​ប្រុស អាយុ៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ទឹកកក ស្នាក់នៅ​ភូមិ​ព្រែក​ថ្មី​១ សង្កាត់​ព្រែក​ថ្មី ខណ្ឌច្បារអំពៅ។​

    ប៉ូលិស​បន្តថា កាលពី​ថ្ងៃទី០១​ កញ្ញា​ ឆ្នាំ​២០១៦ ម៉ោង​៩​ និង​៣០​នាទី ជនរងគ្រោះ​បាន​ទុក​លុយ ២០ ម៉ឺន​រៀល និង​បុ​ង​ចាក់​សាំង ១៣១​លីត្រ នៅលើ​ទូ​ក្នុងផ្ទះ​កើតហេតុ តែ​មិនបាន​បិទទ្វារ​ផ្ទះ​ទេ រួច​ក៏​ចេញ ទៅ​លក់​សាំង​នៅមុខ​ផ្ទះ។ ស្រាប់តែ​ជន សង្ស័យ​បាន​បន្លំ​ចូលទៅ​លួច​យក រួច​ចូល​ពួន​ក្រោម​គ្រែ ក៏​ត្រូវបាន​ជនរងគ្រោះ​មក​ទាន់ រួច​ជនសង្ស័យ​ក៏​រត់គេចខ្លួន។​

    ពេលនោះ​ជនរងគ្រោះ​បាន​ស្ទុះ​ទៅ ចាប់​ជនសង្ស័យ​ដណ្តើមបាន​លុយ ២០​ម៉ឺន​រៀល និង​បុ​ង​ចាក់​សាំង​១៣១​លីត្រ​មកវិញ រួម​នឹង​កាបូប ក្រវាត់​ចង្កេះ​របស់​ជនសង្ស័យ ក្នុង​កាបូប​មាន ៖ ទូរស័ព្ទ ដៃ​០១​គ្រឿង ម៉ាក ​Sony ពណ៌​ស លេខ​ស៊ី​​ម ០១៦ ៦០ ៥៤ ៣៣, លុយ​ខ្មែរ ៣៦.០០០​រៀល និង​លុយ​ដុល្លារ​ក្លែងក្លាយ ២០០​ដុល្លារ រីឯ ជនសង្ស័យ​បាន រត់គេចខ្លួន​បាត់​។​

    ប៉ូលិស​បន្តទៀតថា លុះដល់​ថ្ងៃទី១៧ ​កញ្ញា​ ២០១៦ ម៉ោង​១០ ​និង​២០​នាទី ជនរងគ្រោះ​ឃើញ​ជនសង្ស័យ​នៅ​ភូមិ​ព្រែក​ថ្មី​១ សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ ក៏​ឃាត់ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច​ចាត់ការ​តាមច្បាប់​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការតាម​នីតិវិធី៕

មតិយោបល់