adverise with khmeread 1

ម្នាក់​ស្លាប់ របួសធ្ងន់​ស្រាល​៤​នាក់​ដោយ​ម៉ូតូ​៣​គ្រឿង​បើក​បុក​និង​កៀរ​គ្នា​នៅ​ទឹកឈូ

    កំពត ៖ មនុស្ស​ម្នាក់​ស្លាប់, ២​នាក់​របួសធ្ងន់ និង​២​នាក់​ទៀត​របួសស្រាល ខណៈ ម៉ូតូ​០៣​គ្រឿង បើក​បុក និង​កៀរ​គ្នា នៅ​ម៉ោង​៤​ និង​៣០​នាទី​រសៀល ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៦ លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ កំពត​-​ភ្នំពេញ ចំណុច​មុខ​ក្លោងទ្វារ​វត្តភ្នំ​ស ស្ថិតក្នុង​ភូមិ​ព្រៃ​ឃ្មុំ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ  ខេត្តកំពត​។​

    ប៉ូលិស​មូលដ្ឋាន​បាន​ប្រាប់​ឱ្យដឹងថា ម៉ូតូ​បង្ក​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​២០១៣ ឡើង​តែម​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាកលេខ កំពត 1G-5556 បើកបរ​ដោយ ឈ្មោះ ​សូត ទើ​ម ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ច្រាប ឃុំ​ថ្មី ស្រុក​ទឹកឈូ ខេត្តកំពត បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ និង​អ្នករួមដំណើរ​០២​នាក់ ជិះ​ពីក្រោយ សុទ្ធ​ជា​ប្រុស អាយុ​ប្រហែល​២២​ឆ្នាំ រងរបួស​ធ្ងន់​ទាំង​២​នាក់​មាន​ទីលំនៅ ភូមិ ឃុំ ដូចគ្នា​អ្នកស្លាប់​ខាងលើ​ដែរ​។​

    ចំណែក អ្នកបើក​ម៉ូតូ​ម្នាក់ឯង ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះសីហនុ 1C-6276 បើកបរ​ដោយ​ឈ្មោះ ហាំ ប៊ុ​ន្ថា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ គ្មាន​រងរបួស​រស់នៅ​ភូមិ​វត្ត​ពោធិ៍ ឃុំ​ថ្មី ស្រុក​ទឹកឈូ ខេត្តកំពត និង​ម៉ូតូ​១​គ្រឿង​ទៀត ម៉ា​កវេ​វ ពណ៌​ទឹកសមុទ្រ អត់​ពាក់​ស្លាក​លេខ បើកបរ​ដោយ ឈ្មោះ​ លឹប ឌុល​ឡោះ ភេទ​ប្រុស អាយុ​២២​ឆ្នាំ របួសស្រាល និង​អ្នករួមដំណើរ ឈ្មោះ ​សាន់ ឧស្មាន់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ របួសស្រាល ទាំង​២​នាក់​ជា​ជនជាតិខ្មែរ​ឥស្លាម មាន​ទីលំនៅ​ក្នុងភូមិ ឃុំ ជាមួយ​ជនរងគ្រោះ​អ្នកស្លាប់​ខាងលើ​នេះដែរ​។​

    ប៉ូលិស​បន្តទៀតថា មុន​កើតហេតុ ម៉ូតូ​ខាង​បង្ក​ជិះ​ឌុប​គ្នា​០៣​នាក់ ក្នុង​ល្បឿន​លឿន បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។ លុះ​មកដល់​ជិត​ក​កន្លែងកើតហេតុ បាន​ជ្រុល​ទៅបុក​ម៉ូតូ​ហុងដា​២០១១ បើក​ពីមុខ​១​គ្រឿង​ទៀត ក្នុង​ទិស​ស្របគ្នា ធ្វើ​ឱ្យ​ម៉ូតូ​ជិះ​ពីមុខ​ដួល។ ​ប៉ុន្តែ​ម៉ូតូ​បង្ក​បាត់​ម្ចាស់ការ ក៏​ជ្រុល​ចង្កូត​កាច់​មក​ខាងឆ្វេង​ដៃ បណ្តាល​ឱ្យបុក​ប៉ះ​នឹង​ម៉ូតូ​វេ​វ​ដែល​​បើកប​ញ្ជ្រា​ស់ទិស​គ្នា ក្នុង​អាទិភាព​ប្រកាន់​ស្តាំ​របស់ខ្លួន ពី​លិចទៅ​កើត​នោះ ក៏​បណ្តាល​ឱ្យ​ខាង​ម៉ូតូ​បង្ក​សង់​ឡើង​តែម​ ២០១៦​ដួល ហើយ​បង្ក​ឱ្យ​ជួប​ឧប្បត្តិហេតុ កើត​គ្រោះថ្នាក់​ចរាចរណ៍​តែម្តង​។​

    បច្ចុប្បន្ន​ម៉ូតូ​ទាំង​០៤​គ្រឿង ត្រូវបាន​កម្លាំង​ប៉ូលិស​នាំយកទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត រង់ចាំ​ដោះស្រាយ​គ្នា នាពេល​ក្រោយ​៕

adverise with khmeread

មតិយោបល់