adverise with khmeread Unnamed

បញ្ហា​ទឹក​លិច​ទីក្រុង​នៅតែ​ចោទ​បញ្ហា​?

    ភ្នំពេញ ៖ ក្រោយ​ភ្លៀង​មួយ​មេ​ធំ នា​យប់មិញ​ថ្ងៃទី​១៧​ ខែកញ្ញា រហូតមកទល់​ម៉ោង​ប្រមាណ​១១​ និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៦​នេះ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ ដែល​រស់នៅ​សង្កាត់​បឹងទំពុន សង្កាត់​ចាក់អង្រែ​ក្រោម និង​សង្កាត់​ចាក់អង្រែ​លើ ខណ្ឌមានជ័យ បាន​ដេក​ត្រាំ​ទឹក​មួយ​យប់ ខណៈដែល​គេ​មើលឃើញថា ស្ថា​នី​យ៍​បូមទឹក​ហាក់ ដូចជា​មិន​ដំណើរការ​សោះ។​

    យោងតាម​សេចក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ​ដែល​រង​ការលិចលង់ បានឱ្យដឹងថា រហូតមកទល់​ថ្ងៃនេះ វេលា​ម៉ោងជាង ១២​ថ្ងៃ​ត្រង់នេះ ទៅហើយ ផ្ទះ​របស់​ពួកគាត់​នៅតែ​លិចលង់ ដោយសារ​ទឹកភ្លៀង​កាលពី​យប់មិញ ដែល​ភាគច្រើន​នៅ​ម្តុំ ប្រឡាយ​បឹងត្របែក ម្ដុំ​ចាក់អង្រែ​ក្រោម និង​ម្តុំ​បឹងទំពន់​តែម្តង​។​

    ប្រជាពលរដ្ឋ​ទាំងនោះ ក៏បាន​ចោទ​ជា​សំណួរ​ថា "​តើ​ស្ថា​នី​យ៍​បូមទឹក​បឹងត្របែក និង​ស្ថា​នី​យ៍​បូមទឹក​បឹងទំពន់​ដំណើរការ​ឬ​អត់​? បានជា​រហូតមកទល់​ពេលនេះ​ហើយ ការលិចលង់​នៅតែ​មិនទាន់​ស្រក​ទៀត​"។​

    ម្យ៉ាងទៀត​អាច​ប្រហែល​មកពី ទីតាំង​មួយចំនួន​ត្រូវបាន គេ​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ ចាក់ដី​លុប​បឹង ក៏​ថា​បាន​។ ជាមួយគ្នា​នោះដែរ បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​រង់​ការប៉ះពាល់ សូម​អំពាវនាវ​ដល់​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​មេត្តា ជួយ​អន្តរា​គម​ធ្វើយ៉ាងណា បូ​ប​ទឹក​រំដោះ​ទៅ​កន្លែង​ផ្សេង ឱ្យ​បាន​ឆាប់រហ័ស​ផង​។​

    ពាក់ព័ន្ធ​ការលិចលង់​ទឹក​នេះ ប្រជាពលរដ្ឋ​ខ្លះ​បានឱ្យដឹងថា មកពី​កន្លែង​បឹង​ខ្លះ​នៅ​ខណ្ឌមានជ័យ​ត្រូវបាន​អាជ្ញាធរ​អនុ​ញ្ញា​តឱ្យឈ្មួញ​ចាក់ដី​លុប ធ្វើជា​សំណង់​រឹងមាំ ហើយ​បញ្ហា​នេះ​សំណង់​នេះ ត្រូវបាន​មន្ត្រី សាលាខណ្ឌ​មានជ័យ​លួច​ទម្លាយ​ថា គឺ​នាយក​រដ្ឋបាល​សាលាខណ្ឌ ដែលជា​អតីត​ប្រធាន​ផ្សារ​ច្បារអំពៅ ហួយ វីរៈ ជា​អ្នកដើរ​កាង​។​

    ជុំវិញ​ការលើកឡើង​ខាងលើនេះ ខ្មែរ​រីដ​មិនអាច​ទំនាក់ទំនង​បំភ្លឺ​ពី​លោក​ហួយ វីរៈ​បានឡើយ ហើយ​ខ្មែរ​រីដ​រង់ចាំ​ការបំភ្លឺ​ជានិច្ច៕
 

adverise with khmeread

មតិយោបល់