មន្ត្រី​យោធា​កំពូល​អង់គ្លេស​និយាយថា ប្រសិនបើ​ផ្ទុះ​សង្គ្រាម រុស្ស៊ី​នឹង​កម្ទេច​ចក្រភព​អង់គ្លេស​រាប​ដល់​ដី​ភ្លាម​

    ​មន្ត្រី​យោធា​កំពូល​អង់គ្លេស​មួយរូប​ទៀត​បាន​ចេញមក​ព្រលះ​ខ្លាំងៗ​ថា ចក្រភព​អង់គ្លេស​នឹង​ខ្ទេច​ក្រោម​អំណាច​យោធា​រុស្ស៊ី ព្រោះ​អង់គ្លេស​បាត់បង់​សមត្ថភាព​ប្រយុទ្ធ​ក្នុង​សង្គ្រាម​ធម្មតា​ទៅហើយ​។​

​    ​អតីត​នាយអគ្គសេនាធិការ​យោធា លោក Sir Mike Jackson បាន​ចេញមក​និយាយ​បន្ថែម​ពីលើ​ការវាយតម្លៃ​អំពី​សមត្ថភាព​យោធា​អង់គ្លេស ដែល​ថ្លែង​ដោយ​អតីត​សហសេវិក​របស់ខ្លួន គឺ​លោក ឧ​ត្ត​ម​សេនីយ៍ Sir Richard Barrons ដែល​កាលពី​ថ្ងៃ​សៅរ៍​ទី ១៧ ខែកញ្ញា​បានចាត់ទុក​យោធា​អង់គ្លេស​ថា "​ទន់ខ្សោយ​"​។ 

​    ​លោក Sir Mike Jackson បាន​រិះគន់​ខ្លាំងៗ​ថា ក្រសួងការពារជាតិ​អង់គ្លេស​មិនបាន​បញ្ចេញ​លុយ​គ្រប់គ្រាន់​ចូលមក​កងកម្លាំងប្រដាប់អាវុធ ដោយ​និយាយថា​ប្រទេស​នេះ​កំពុង​ត្រូវការ​ចាំបាច់​ដើម្បី​ពង្រឹង​អំណាច​ការពារ និង​វាយ​ប្រយុទ្ធ​របស់ខ្លួន​។ 

​    ​លោក​បាន​ព្រលះ​ខ្លាំងៗ​ថា "​ខ្ញុំ​យល់ស្រប​ទាំងស្រុង​ជាមួយ Sir Richard​។ គាត់​គឺជា​មន្ត្រី​ផ្កាយ​បួន ដែលមាន​តំណែង​កំពូល​នៅ​ក្រសួងការពារជាតិ​។ ការ​នេះ​បាន​ប្រាប់​ខ្ញុំ​ថា អ្វីដែល​គាត់​និយាយ​គួរតែ​យកចិត្តទុកដាក់​ឱ្យបាន​ខ្លាំង​"​។ 

​     "​ក្រសួង​និយាយថា ថវិកា​ការពារជាតិ​កំពុង​បង្កើន​...​រឹមៗ​។ ក្រសួង​ក៏​អះអាង​ដែរ​ថា អង់គ្លេស​ឆាប់ៗ​នេះ​នឹងមាន​ទ័ព នាវា និង​យន្តហោះ​ច្រើន ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ហេតុការណ៍​នានា​។ យើង​ត្រូវការ​ទ័ព នាវា និង​យន្តហោះ​ច្រើន​ទៀត ខ័​ណ្ឌ​ចប់​"​។ 

​    ​លោក​បន្តថា "​មាន​សម្ភារៈ​ថ្មីៗ​មួយចំនួន​បាន​មកដល់​កងទ័ពជើងទឹក​និង​ជើងគោក ប៉ុន្តែ​បរិមាណ​គឺ​នៅមាន​ចំនួន​តិចតួច​ណាស់ ខណៈដែល​កងទ័ព​មាន​ចំនួន​តិចជាង​ពេល​ខ្ញុំ​ចាក​ចេញពី​ជួរ​កងទ័ព​តាំងពី ១០ ឆ្នាំមុន ដល់​ទៅ ២០​ភាគរយ​។ ការជ្រើសរើស​កម្លាំង​ទ័ព​ថ្មី​ហាក់​មិន​ទទួលបាន​ជោគជ័យ​ធំ​ទេ​។ ហើយ​រឿងនេះ​កើតឡើង​ចំពេល​ដែល​យើង​កំពុង​ប្រឈម​រុស្ស៊ី​ដ៏​ខ្លាំងក្លា​។ ខ្ញុំ​ក៏​សូម​សង្កត់ធ្ងន់​អំពី​កង្វះ​ការគិតគូ​បែប​យុទ្ធសាស្ត្រ​ផងដែរ​។ រដ្ឋាភិបាល​អង់គ្លេស​ពុំបាន​ធ្វើ​ផែនការ​យោធា​អ្វី​បន្តិច​ឡើយ​"​។ 

​    ​កាលពី​ថ្ងៃ​សៅរ៍ ទី​១៧ កញ្ញា អនុស្សរណៈ​លេច​ធ្លាយ​មួយ​មកកាន់​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​អង់គ្លេស លោក Sir Michael Fallon បាន​បង្ហាញថា អតីតមន្ត្រី​យោធា​កំពូល លោក​ឧ​ត្ត​ម​សេនីយ៍ Sir Richard បាន​ពណ៌នា​យោធា​អង់គ្លេស​ថា "​ទន់ខ្សោយ​" និង​ថា​គ្មាន​ផ្លូវ​ណា​អាច​ការពារ​ចក្រភព​អង់គ្លេស​បានទេ ប្រសិនបើ​លោក Vladimir Putin បើក​ការវាយលុក​ទ្រង់ទ្រាយ​ធំ​។ 

​    ​លោក​អះអាងថា ការទម្លាក់​គ្រាប់បែក​របស់​រុស្ស៊ី​នឹង​កម្ទេច​ចក្រភព​អង់គ្លេស​មិនយូរ​នោះឡើយ ព្រោះ​នាវា​របស់​កងទ័ពជើងទឹក និង​យន្តហោះ​របស់​កងទ័ព​ជើង​អាកាស​អង់គ្លេស​នៅ​ខ្វះខាត​ការផ្គត់ផ្គង់​គ្រាប់ សម្ភារៈ​រ៉ា​ដា មី​ស៊ី​ល និង​ប្រព័ន្ធគ្រប់គ្រង​ការបាញ់​សព្វបែបយ៉ាង​៕

​ប្រភព​៖ express

1 adverise with khmeread

មតិយោបល់