adverise with khmeread 1

មិនគួរ​ឱ្យ​ជឿ​! សុនខ​នេះ​កើត​មហារីក​ខួរក្បាល​តែ​ទ្រាំរ​ស់បាន ១៥ ឆ្នាំ​ដើម្បី​ឃើញ​ម្ចាស់​ស្រី​វា​រៀបការ​! ៩ ថ្ងៃក្រោយ​រៀបការ​មនុស្ស​មួយ​ផ្ទះ​នាំគ្នា​យំ​ទាំងអស់គ្នា​

    ​ប្រសិនបើ​លោកអ្នក​ចូលចិត្ត​សត្វ​ឆ្កែ នោះ​លោកអ្នក​ប្រហែល​ត្រូវការ​ក្រដាស​មួយ​សន្លឹក​ដើម្បី​ជូត​ទឹកភ្នែក​ដោយសារ​រឿង​មួយ​នេះ​។ រូបភាព​មួយ​សន្លឹក​របស់​សត្វ​ឆ្កែ​វ័យ ១៥ ឆ្នាំ​មួយ​ក្បាល​នេះ​បាន​ល្បី​ពេញ​បណ្តាញ​សង្គម​បន្ទាប់ពី​វា​រស់នៅ​បានយូរ​គួរសម​រហូតដល់​បានឃើញ​ម្ចាស់​វា​រៀបការ​។​

​    ​Charlie ត្រូវបាន​ប្រទះឃើញ​បោះបង់ចោល​នៅក្នុង​រទេះ​ដាក់​ទំនិញ​មួយ​នៅពេលដែល​វា​នៅ​ជា​កូន​ឆ្កែ​មួយ​ក្បាល ហើយ​នៅពេលនោះ វា​ពិតជា​សំណាង​ដែល​ត្រូវបាន​រកឃើញ​ដោយ​នារី​ជំទង់​ដ៏​គួរ​ស្រឡាញ់​ម្នាក់​ឈ្មោះ Kelly O'Connell​។ O’Connell បាន​ប្រាប់​វេ​ប​សាយ BuzzFeed News ថា នាង​បាន​ជួប​ឆ្កែ​ញី​មួយ​ក្បាល​នេះ​នៅពេល​នាង​មាន​វ័យ ១៩ ឆ្នាំ ដែល​នៅពេលនោះ​នាង​រស់នៅ​ជាមួយ​ឪពុកម្តាយ និង​នៅ​រៀន​នៅ​មហាវិទ្យាល័យ​នៅឡើយ​។ នាង​បាន​និយាយថា "​វា​ជា​ពេលវេលា​ដ៏​លំបាក​បំផុត​ក្នុង​ជីវិត​របស់ខ្ញុំ​ដែល​ប៉ង​យក​ឆ្កែ​មួយ​មក​ចិញ្ចឹម​"​។​

​    ​អ្នក​ទាំងពីរ​បាន​ផ្លាស់​ទៅ​រស់នៅ​រដ្ឋ Colorado ជា​កន្លែង​ដែល​នាង​បាន​ជួប​អនាគត​ប្តី​របស់ខ្លួន​។ ជាង​ថតរូប​មង្គលការ​ឈ្មោះ Jen Dziuvenis បាន​និយាយថា "​ពួកគេ​បាន​ជួបគ្នា​ក្នុង​គ្រា​ដែល​នាង​ហៀបនឹង​ចាក​ចេញទៅ​ស្កុ​តឡែ​ន​រយៈពេល ៥ ឆ្នាំ​ដើម្បី​ក្លាយជា​ពេទ្យសត្វ​។ គាត់​បាន​ប្រាប់​នាង​ឱ្យទៅ គាត់​នឹង​រង់ចាំ​នាង​។ ៥ ឆ្នាំ​ក្រោយមក អ្នក​ទាំងពីរ​បានក្លាយ​ជា​វេជ្ជបណ្ឌិត​ដូចគ្នា និង​បាន​ទៅ​រស់នៅក្នុង​រដ្ឋ Colorado ជាមួយ​គ្រួសារ​ធំ​មួយ​ដែលមាន​ក្មេងៗ​បីនាក់ ឆ្កែ ៥ ក្បាល និង​ឆ្មា​បួន​ប្រាំ​ក្បាល​"​។​

​    ​ឆ្កែ​ទាំង​ប្រាំ​នោះ រាប់ទាំង Charlie បាន​ចូលរួម​ក្នុង​ពិធីមង្គលការ​អ្នក​ទាំងពីរ​កាលពី​ពីរ​សប្តាហ៍​មុននេះ​។ O’Connell បាន​និយាយថា Charlie មានជីវិត​ដ៏​បរិបូណ៌​មួយ ហើយ​ឥឡូវ​មាន​អាយុ ១៥ ឆ្នាំ​និង​បានរស់នៅ​ជាមួយ​មនុស្ស​ដែល​វា​ស្រឡាញ់​។ ប៉ុន្តែ​វា​បាន​តស៊ូ​ជាមួយ​ជំងឺ​ដុំ​សាច់​ដុះ​ក្នុង​ខួរក្បាល​ជា​យូរ​មកហើយ​ដើម្បី​រង់ចាំ​ឃើញ​ម្ចាស់​វា​បាន​រៀបការ​។​

​    ​O’Connell បាន​បន្តថា Charlie បាន​ដើរ​ជាមួយ​ក្មេងៗ​មុននឹង​ពិធីមង្គលការ​ចាប់ផ្តើម ហើយ​វា​បាន​ប្រើ​ថាមពល​របស់​វា​ទាំងអស់​ដើម្បី​ដើរ​។ នាង​បាន​បន្តថា "​វា​មិនមាន​បញ្ហា​អ្វី​ឡើយ​ពេល​ដើរ​ចុះ​ពី​វេទិកា ប៉ុន្តែ​នៅពេល​ដើរមក​វិញ វា​មិន​អាចធ្វើ​បានឡើយ​"​។ នៅពេលនោះ​ហើយ​ដែល​បងស្រី​កូនក្រមុំ​បាន​និយាយថា "​ខ្ញុំ​នឹងមិន​ទុក​វា​ចោល​នោះទេ​" ហើយ​នាង​ក៏បាន​បី​វា​។​

​    ​Charlie មាន​ទម្ងន់ ៣៦ គីឡូក្រាម និង​នៅពេល​វា​ឈរ​មាន​កំពស់ ១,៥៨ ម៉ែត្រ​។​

​    ​បន្ទាប់ពី Charlie ត្រូវបាន​នាំមក​វេទិកា​សម្រាប់​អាពាហ៍ពិពាហ៍​វិញ ដោយមាន​ការជួយជ្រោមជ្រែង​ពី​បងស្រី​កូនក្រមុំ មនុស្ស​រាល់គ្នា​បានមក​ជិត​វា​ហើយក៏​ចាប់ផ្តើម​យំ​។​

​    ​បើ​យោងតាម O'Connell បានឱ្យដឹងថា ប្រាំបួន​ថ្ងៃក្រោយ​ពិធីមង្គលការ Charlie បាន​ស្លាប់​ដោយ​ស្ងប់​សុខ​នៅផ្ទះ​របស់​ពួកគេ នៅ​ចំ​កន្លែង​អាំងភ្លើង ហើយ​វា​ត្រូវបាន​ឡោមព័ទ្ធ​ដោយ​គ្រួសារ​របស់​វា​។ O'Connell បាន​និយាយថា "​វា​ជា​ពេលវេលា​ដ៏​អព្ភូតហេតុ​។ វា​ជា​រយៈពេល ១៥ ឆ្នាំ​ដ៏​អព្ភូតហេតុ​។ ច្បាស់​ណាស់​នេះ​ជា​រឿង​អព្ភូតហេតុ​"៕

adverise with khmeread
ប្រភព៖ buzzfeed news

អ្នកនឹងចូលចិត្ត

មតិយោបល់