កណ្តាល ៖ ជនសង្ស័យ២នាក់ត្រូវបាន ប៉ូលិសស្រុកស្អាងឃាត់ខ្លួនក្នុងករណីជួញដូរនូវសារធាតុញៀនខុសច្បាប់ (ម៉ាទឹកកក) នាថ្ងៃទី ១៩ កញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៨យប់នៅចំណុចភូមិកណ្តាល ឃុំក្រាំងយ៉ូវ ស្រុកស្អាង។
ប៉ូលិសនិយាយថា ជនសង្ស័យ០២នាក់ គឺទី១-ឈ្មោះ ថៃ ប៊ុនធល ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែក និងទី២-ឈ្មោះ ឡឹក ម៉េងហ៊ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សារដែក។ អ្នកទាំង០២នាក់ខាងលើមានទីលំនៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
វត្ថុតាងចាប់យកម្សៅក្រាមពណ៌ស សង្ស័យថាគ្រឿងញៀន (ម៉ាទឹកកក) ០១កញ្ចប់ធំ, ម៉ូតូ០១គ្រឿង ម៉ាក វ៉េវ ពណ៌ក្រហម គ្មានពាក់ស្លាកលេខ និងឧបកណ៍សម្រាប់វិចខ្ចប់ នឹងប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ប៉ូលិសបន្តថា នៅថ្ងៃកើតហេតុ កម្លាំងអន្តរាគមន៍ស្រុក បានល្បាតនៅចំណុចកើតហេតុខាងលើ បានប្រទះឃើញជនសង្ស័យជិះម៉ូតូ បានឃាត់ធ្វើការត្រួតពិនិត្យនឹងបានរកឃើញគ្រឿងញៀន០១កញ្ចប់ធំ ហើយក៏ឃាត់ខ្លួនជនសង្ស័យទាំង០២ខាងលើ រួមទាំងវត្ថុតាងបញ្ជូនមកអធិការដ្ឋានប៉ូលិកស្រុកស្អាងដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចឈ្មោះ ថៃ ប៊ុនធល បានសារភាពថា៖ ខ្លួនបានទិញថ្នាំញៀនប្រភេទម៉ាទឹកកកពីចំណុចម្តុំពេទ្យលោកសង្ឃ រាជធានីភ្នំពេញក្នុងតម្លៃ១០ម៉ឺនរៀល រួចហើយបានយកគ្រឿងញៀនខាងលើមកជួញដូរ ដោយជិះម៉ូតូជាមួយឈ្មោះ ឡឹក ម៉េងហ៊ នៅចំណុចភូមិកណ្តាល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យក្នុងលំនៅដ្ឋានរបស់ឈ្មោះ ថៃ ប៊ុនធល ដើម្បីស្វែងរកវត្ថុតាងដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានប្រទះឃើញវត្ថុតាងសំរាប់វ៉ិចខ្ចប់ និងប្រើប្រាប់គ្រឿងញៀនមួយចំនួន។ ករណីនេះ កំពុងបន្តចាត់ការតាមនីតិវិធី៕
