adverise with khmeread 1

​អាហារ​មួយ​ចាន​របស់ Rio Ferdinand ធ្វើឱ្យ​សិង្ហ​បុរី និង​ឥណ្ឌូនេស៊ី​ផ្ទុះ​សង្គ្រាម​វប្បធម៌​ពេញ Twitter

​    ​អតីត​ខ្សែការពារ​ជម្រើសជាតិ​អង់គ្លេស​គឺ​លោក Rio Ferdinand បាន​បង្កឱ្យមាន​ជម្លោះ​ខាង​ម្ហូបអាហារ​ដោយ​មិន​ដឹងខ្លួន​បន្ទាប់ពី​គាត់​បាន​លើកឡើងថា មុខម្ហូប​ឈ្មោះ Nasi Goreng ជា​របស់​ជនជាតិ​សិង្ហ​បុរី ដោយ​ធ្វើឱ្យ​ជនជាតិ​ឥណ្ឌូនេស៊ី​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង និង​បាន​អះអាងថា​វា​ជា​ម្ហូប​របស់ខ្លួន​ទេ​។​

​    ​Ferdinand បាន​បង្កើត​កំហុស​អ​ចេតនា​នេះ​នៅពេលដែល​គាត់​បង្ហោះ​រូបភាព​អាហារ​ថ្ងៃត្រង់​នៅលើ Twitter ដោយ​សរសេរថា "​អាហារ​ថ្ងៃត្រង់ Nasi Goreng .. អាហារ​ក្នុងស្រុក​របស់​សិង្ហ​បុរី​" អំឡុង​ដំណើរ​កម្សាន្ត​ចុង​សប្តាហ៍​នៅ​សិង្ហ​បុរី​ដើម្បី​ទស្សនាការ​ប្រកួត Singapore Grand Prix​។​

​    ​Nasi Goreng ដែល​មានន័យ​ក្នុង​ភាសា​ឥណ្ឌូនេស៊ី​ថា "​បាយ​ឆា​" ជាទូទៅ​គេ​លាយ​បា​យស​ជាមួយ​ទឹកជ្រលក់ និង​គ្រឿងផ្សំ​ដទៃទៀត​ដូចជា​ម្ទេស បន្លែ និង​សាច់មាន់ ហើយ​ជារឿយៗ​គេ​តែង​ថែម​ពង​ទា​ចៀន​នៅ​ពីលើ​។​

​    ​ប៉ុន្តែ​ការលើកឡើង​ថា​វា​មិនមែនជា​អាហារ​របស់​ឥណ្ឌូនេស៊ី​បានធ្វើឱ្យ​អ្នករស់នៅ​ឥណ្ឌូនេស៊ី​ភ្ញាក់ផ្អើល​ជា​ពន់ពេក និង​បាន​ញ៉ាំងឱ្យមាន​សង្គ្រាម​អាហារ​ពេញ Twitter​។​

​    ​អ្នកខ្លះ​ទៀត​បាន​អញ្ជើញ​អតីត​ខ្សែការពារ​បិសាច​ក្រហម Manchester United រូបនេះ​ទៅ​ភ្លក្ស​បាយ​ឆា Nasi Goreng របស់​ឥណ្ឌូនេស៊ី​ពិតៗ​ទៀតផង​។​

​    ​ប្រតិកម្ម​ខឹងសម្បា​នេះ​បាន​កើតឡើង​ជាមួយ​អ្នកជិតខាង​សិង្ហ​បុរី និង​ម៉ាឡេស៊ី ដែលមាន​ប្រវត្តិសាស្ត្រ​ទំនាក់ទំនង​មិនល្អ​ជាមួយ​ទីក្រុង​ហ្សា​ការ​តា បាន​អះអាងថា បាយ​ឆា​នេះ​មាននៅ​ស្ទើរ​គ្រប់​ប្រទេស​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ មិនមែនជា​របកគំហើញ​របស់​ឥណ្ឌូនេស៊ី​ផ្តាច់មុខ​នោះទេ​។​

​    ​ទាំងនេះ​គ្រាន់តែ​ជាការ​ឈ្លោះប្រកែក​គ្នា​ថ្មី​មួយទៀត​អំពី​សម្បត្តិ​វប្បធម៌ និង​មុខម្ហូប​រវាង​អ្នកជិតខាង​ទាំងពីរ​។ កាលពី​ឆ្នាំ ២០០៩ មានការ​តវ៉ា​មួយ​បាន​ផ្ទុះឡើង​នៅក្រៅ​ស្ថានទូត​ម៉ាឡេស៊ី​ក្នុង​ទីក្រុង​ហ្សា​ការ​តា បន្ទាប់ពី​ទីក្រុង​គូ​ឡា​ឡាំ​ពួ​ត្រូវបាន​ចោទប្រកាន់ថា​ប្លន់​យក​វប្បធម៌​ឥណ្ឌូនេស៊ី នៅពេល​របាំ​មួយ​ពី​កោះ​បាលី​បាន​លេចឡើង​នៅលើ​ពាណិជ្ជកម្ម​ទេសចរណ៍រ​បស់​ម៉ាឡេស៊ី​។​

​    ​ទោះយ៉ាងណា រឿង​ទាំងនេះ​គ្រាន់តែ​ជាការ​យល់ច្រឡំ​ប៉ុណ្ណោះ ព្រោះ​ពាណិជ្ជកម្ម​នោះ​មិនមែនជា​របស់​រដ្ឋាភិបាល​ទេ ប៉ុន្តែ​ជា​ឈុត​ខ្លីៗ​នៃ​ភាពយន្ត​ឯកសារ​របស់​ទូរទស្សន៍​មួយ​ដែល​និយាយ​អំពី​ម៉ាឡេស៊ី​ប៉ុណ្ណោះ​៕

adverise with khmeread
ប្រភព៖ ABC

អ្នកនឹងចូលចិត្ត

មតិយោបល់