adverise with khmeread Unnamed %281%29

​រដ្ឋមន្ត្រី​អប់រំ​ជំរុញ​ឱ្យ​សមាគម​កា​រ៉ា​តេ​ដូ​បណ្តុះ​ថ្នាល​យុវជន​សម្រាប់​ស៊ី​ហ្គេម ២០២៣ នៅ​កម្ពុជា​

    ភ្នំពេញ ៖ លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ជំរុញ​ឱ្យ​សមាគម​កា​រ៉ា​តេ​ដូ​បណ្តុះ បណ្តាល​យុវជន​ឱ្យបាន​កាន់តែ​សម្បូរបែប​ប្រកបដោយ​គុណភាព​ខ្ពស់ ដើម្បី​ត្រៀមខ្លួនឱ្យ​បាន​កាន់តែ​ល្អ សម្រាប់ការរៀបចំ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ថ្នាក់​តំបន់​អាស៊ាន ស៊ី​ហ្គេម លើក​ទី​៣២ នា​ឆ្នាំ​២០២៣ ខាងមុខ​។ 

    ការជំរុញ​របស់​រដ្ឋ​មន្ត្រី​អប់រំ​បែបនេះ​បានធ្វើ​ឡើង​នៅក្នុង​ពិធី​រៀបចំ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៣​ឆ្នាំ​របស់​សមាគម កា​រ៉ា​តេ​ដូ កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ម្សិល​មិញ។​

    លោក​រដ្ឋមន្ត្រី​រូបនេះ​បាន​សម្តែង​ការគាំទ្រ​យ៉ាងខ្លាំង និង​លើកទឹកចិត្ត​ជូន​ដល់​សមាគម​កា​រ៉ា​តេ​ដូ ដែល មាន​លោក ឡា​ច ច័ន្ទ​សុវណ្ណ ប្រធាន ដែល​អស់​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក សមាគម​មួយ​នេះ​បាន​ខិតខំ បណ្តុះបណ្តាល​ថ្នាល​យុវជន​ជាច្រើនរូប និង​រៀបចំ​ការប្រកួត​ព្រឹត្តិការណ៍​ជាច្រើនលើក ក្នុង​១​ឆ្នាំៗ​។ 

    លោក​បាន​បន្ថែមថា ទោះបីជា​យើង​បាន​ប្រឹងប្រែង​យ៉ាងខ្លាំង នាពេល​កន្លងមក​ក្តី ប៉ុន្តែ​វា​នៅតែ​មិន​គ្រប់គ្រាន់​សម្រាប់​ជាតិ នៅឡើយ​ទេ។ ​ដូច្នេះហើយ​លោក​សូមឱ្យ​លោក ឡា​ច ច័ន្ទ​សុវណ្ណ បន្ត​កិច្ចការ​នេះ​ឱ្យ​បាន​កាន់តែ​ខ្លាំងក្លា បន្ថែមទៀត ក្នុង​គោលដៅ​ឈានទៅ​ប្រកួត​ដណ្តើម​មេដាយមាស ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម នាពេលខាងមុខ​។​

    លោក ឡា​ច ច័ន្ទ​សុវណ្ណ ប្រធាន​សមាគម​កា​រ៉ា​តេ​ដូ មានប្រសាសន៍ថា ក្នុង​រយៈ​ជាង៣០​ឆ្នាំនេះ លោក​បាន​តស៊ូ​ក្នុង​ជីវិត​ជា​កីឡាករ​របស់លោក ក្នុងស្ថានភាព​ដ៏​លំបាក់​គ្រប់បែបយ៉ាង ដើម្បី​ជ្រោង​វិស័យ​កីឡា​កា​រ៉ា​តេ​ដូ នៅ​កម្ពុជា ដែល​រក្សាបាន​នូវ​មូលដ្ឋានគ្រឹះ បច្ចេកទេស និង​ធនធាន​កីឡាករ កីឡាការិនី កាន់តែ​ប្រសើរឡើង​ពី​១​ឆ្នាំ ទៅមួយ​ឆ្នាំ ហើយ​សម្រេចបាន​នូវ​លទ្ធិ​ផល​ជា​ផ្លែផ្កា ជា​បន្តបន្ទាប់​ផងដែរ​។ 

    ជាក់ស្តែង​នៅ​ឆ្នាំ ២០០៥ លោក​បាន​បង្កើត​សាលា​គុន និង​បញ្ជូន​កីឡាករ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន រយៈពេល ១​ឆ្នាំ ហើយ​បាន​ប្រកួត​ជើងឯក ចំនួន​៨​លើក ទទួលបាន​មេដាយមាស និង​ពានរង្វាន់​ចំនួន ៧​លើក​។ កាលពី​ឆ្នាំ ២០១៤ ស៊ី​ហ្គេម នៅ​មី​យ៉ាន់​ម៉ា កម្ពុជា ឈ្នះ​មេដាយសំរិទ្ធ ៣​គ្រឿង​។ ក្រៅពីនេះ​សមាគម​របស់លោក ក៏​ទទួលបាន​នូវ​ស​មិ​ទ្ឋ​ផល​ជាច្រើន​ទៀតផង​ដែរ​។ 

    សូមបញ្ជាក់ថា ទិវា​ខូ​ប​អនុស្សាវរីយ៍ ៣៣​ឆ្នាំនេះ ក៏មាន​ការចូលរួម​សម្តែង​ក្បាច់​កាតា សម្តែង​ក្បាច់ ប្រយុទ្ធ​ពី​កីឡាករ កីឡាការិនី ជាច្រើនរូប​ផងដែរ​៕

adverise with khmeread

មតិយោបល់