adverise with khmeread Unnamed

មេ​កីឡា​ប្រាប់​ដល់​អ្នកសារព័ត៌មាន និង​អ្នក​អត្ថាធិប្បាយ​កីឡា​ពី​ពាក្យ​គន្លឹះ​សំខាន់ៗ​ក្នុង​កីឡា​

    ភ្នំពេញ ៖ នៅ​ថ្ងៃ​អង្គារ​នេះ​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា និង​គ្រូ ឧទ្ទេស​មួយរូប ក្នុងចំណោម​គ្រូឧទ្ទេស​ជាច្រើនរូប​ទៀត ប្រចាំ​វគ្គ​បណ្តុះបណ្តាល​រដ្ឋបាល​កីឡា ស្តីពី​សារព័ត៌មាន និង​អ្នក​អត្ថាធិប្បាយ​កីឡា​បានលើកឡើង​ពី​ចំណុច​សំខាន់ៗ ដែលជា​ពាក្យ​គន្លឹះ​ក្នុង​វិស័យ​កីឡា​ជូន​ដល់​សិក្ខាកាម ដែល​មកពី​អង្គការ​សារព័ត៌មាន​នានា ផ្នែក​កីឡា និង​អ្នកពាក់ព័ន្ធ​មួយចំនួនទៀត មកពី​បណ្តា​សហព័ន្ធ​ជាតិ ជាច្រើន​ទៀតផង​ដែរ​។​

    គ្រូឧទ្ទេស​រូបនេះ​បានឱ្យដឹងថា កីឡា​ត្រូវបាន​បែង​ចែកជា​៥​ប្រភេទ​ធំៗ គឺ​ទី​១ ការលេង​កីឡា​ដើម្បី សុខភាព ដោយ​ការហ្វឹកហាត់​របស់​អ្នកលេង​កីឡា​មិន​កំណត់​ពេលវេលា​ឡើយ​,  ទី​២ គឺ​កីឡា​មហាជន ដែល ផ្តល់ជូន​ដល់​អ្នកលេង​កីឡា​បាន​រឹតចំណង​សាមគ្គីភាព មិត្តភាព និង​ចំណូលចិត្ត​, ​ទី​៣ គឺ​កីឡា​ជំនាញ ដែល មានការ​ប្រកួត និង​ការហ្វឹកហាត់​ច្បាស់លាស់​និង ទី​៤ គឺ​កីឡា​កម្រិត​ខ្ពស់ ដែល​គេ​សំដៅ​ទៅលើ​ការកំណត់​ច្បាស់ លាស់​មួយ​ក្នុងការ​ហ្វឹកហាត់ ការគ្រប់គ្រង ការប្រមូលផ្តុំ​ដូចជា​ក្រុម​ជម្រើសជាតិ​ជាដើម ។​

    ប្រភេទ​កីឡា​ទី​៤ នេះ​ជា​កីឡា​អូឡាំពិក ដែល​ផ្តល់​តម្លៃ​នៃ​ការអប់រំ​មនុស្ស ការគោរព​គ្នា​ទៅវិញទៅមក មិត្តភាព ឧត្តមភាព​នៃ​ការ ប្រកួត ដែល​ត្រូវ​ប្រជែង​ដោយ​ស្មើភាព​គ្នា​។  

    ចំណែកឯ​ប្រភេទ​កីឡា​ទី​៥ គឺជា​ប្រភេទ​កីឡា​កម្រិត​អាជីព ដែល ស្វែងរក​ផលប្រយោជន៍ ប៉ុន្តែ​វា​លែង​ជា​ប្រភេទ​កីឡា ក្នុង​ចលនា​អូឡាំពិក​ឡើយ​។ ក្រៅពីនេះ​គ្រូឧទ្ទេស​ក៏បាន បង្ហាញ​នូវ​បទពិសោធន៍​, បច្ចេកទេស​, ក្រមសីលធម៌ និង​គោលការណ៍ Fair Play ផងដែរ​។​

    ការរៀបចំ​វគ្គ​បណ្តុះបណ្តាល​រដ្ឋបាល​កីឡា​ស្តីពី​សារព័ត៌មាន និង​អត្ថាធិប្បាយ​កីឡា​នេះ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ផែនការមេ​ស៊ី​ហ្គេម លើក​ទី​៣២ នា​ឆ្នាំ​២០២៣ ខាងមុខ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បានកំណត់ និង​ដើម្បី​ជួយ​លើកស្ទួយ​វិស័យ​កីឡា​កម្ពុជា​ឱ្យមាន​ការរីកចម្រើន ជាពិសេស​ឱ្យ​ស្របតាម​គោលការណ៍​អន្តរជាតិ និង​និយាម​កីឡា​ពិភពលោក​។ 

    វគ្គប​ណ្តុះ​បណ្ត​ល​ស្តីពី​របៀប​ប្រើប្រាស់​ពាក្យពេចន៍​បច្ចេកទេស​កីឡា​ប្រកបដោយ​វិជ្ជា ជីវ​សារពត៌មាន​នេះ ដោយ​ផ្តោត​សំខាន់​ទៅលើ​សារពត៌មាន និង ​MC កីឡា​របស់​សហព័ន្ធ​កីឡា​ជាតិ​កម្ពុជា ព្រោះ​បច្ចុប្បន្ន​ធនធាន​នេះ​នៅមាន​ការខ្វះខាត​នៅឡើយ​។ លើសពីនេះ ក៏​ផ្តោត​សំខាន់​ទៅលើ​អ្នក​ប្រកប​អាជីព​សារ​ព័ន្ធ​ក៏ដូចជា​អត្ថាធិប្បាយ​កីឡា​ប្រចាំ​អង្គភាព​សារព័ត៌មាន​ផ្សេងៗ​ទៀង​ផង​។​

    សូមបញ្ជាក់ថា វគ្គ​សិក្សា​នេះ​មាន​សិក្ខាកាម​ជិត​១០០​នាក់​បាន​ចូលរួម ក្រោម​ការចូលរួម​ចែករំលែក​នូវ បទពិសោធន៍ និង​បច្ចេកទេស​ពី​លោក​វេជ្ជបណ្ឌិត ស្តើង ជា ប្រធាន​គណៈកម្មការ​ជំនាញ​វេជ្ជសាស្ត្រ​អម​គណៈ ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា ដោយបាន​ធ្វើ​បទ​បង្ហាញ​ពី​បញ្ហា​សារធាតុ​ហាមឃាត់​ក្នុង​កីឡា ដូ​ប៉ា ឬ​ដូ​ពីង​, លោកស្រី ប្រាក់ សម្ផស្ស ឧទ្ទេសនាម​ពី​MC, លោក​វ៉ា​ត់ ចំរើន បង្ហាញ​ពី​ក្រមសីលធម៌ និង​​ Fair Play​។ 

    លោក ចាន់ សំណព្វ ដែលជា​អ្នកជំនាញ​អក្សរសាស្ត្រ មកពី​រាជបណ្ឌិតសភា​កម្ពុជា​នឹង​បង្ហាញ​ពី​ការប្រើប្រាស់​ពាក្យ និង​សំណេរ​ខ្មែរ ហើយ​លោក ជា ច័ន្ទ​បរិបូ​ណ៍​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​បង្ហាញ​ពី​តម្លាភាព​នៃ​ការ​អត្ថា ធិ​ប្បាយ​កីឡា​។ 

    ចំណែកឯ​លោក អ៊ឹង ចំរើន និពន្ធ​យក​សារពត៌មាន​អន​ឡាញ ថ្មីៗ ក៏បាន​ចូលរួម​ចែករំលែក បទពិសោធន៍​ក្នុងការ​និពន្ធ​ព័ត៌មាន​កីឡា​ជូន​ដល់​សិក្ខាកាម​ផងដែរ​៕​

adverise with khmeread

មតិយោបល់