adverise with khmeread Unnamed %281%29

ឃាត់ម៉ូតូអត់ស្លាកលេខមួយគ្រឿង, ម្ចាស់ម៉ូតូខឹងចុះមកនិយាយផ្ចាញ់ផ្ចាល់ជាមួយប៉ូលិសអាងមានគ្នាធ្វើការនៅ"អង្គភាព​តម្រួត​បទបញ្ជា"

    ភ្នំពេញ ៖ បុរស​ម្នាក់​ក្នុងចំណោម​គ្នីគ្នា​បីនាក់​អាង​ខ្លួន​ធ្វើការ​តម្រួត​បទបញ្ជា​មក​រំខាន​ហើយ​មក​ប្រើ​សម្ដី​ផ្ចាញ់ផ្ចាល់​សមត្ថកិច្ច​ទាំង​ខ្លួន​ជិះ​ម៉ូតូ​អត់​ស្លាក​លេខ​ថែមទៀត ត្រូវបាន​សមត្ថកិច្ច​នាំ​យក​ម៉ូតូ​និង​ម្ចាស់​ម៉ូតូ​មក​ប៉ុស្ដិ៍​ដើម្បី​ធ្វើការ​ឃាត់​ពីបទ​ម៉ូតូ​គ្មាន​ស្លាក​លេខ​។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៩ ​និង​១០​នាទី​យប់​ថ្ងៃទី​២០ ​ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុច​គល់ស្ពាន​អាកាស​៧​មករា ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។​

    តាម​ប្រភពព័ត៌មាន​ពី​កម្លាំង​អន្តរាគមន៍​ខណ្ឌ​សែន​សុខ​បានឱ្យដឹង ដំបូង​កម្លាំង​អន្តរាគមន៍​កំពុងតែ​ជិះ​ម៉ូតូ​ដើរល្បាត​តាម​បណ្ដោយ​ផ្លូ​វ​សហ​ពន្ធ​រុស្ស៊ី​ពី​កើ​តទៅ​លិច​។ ​លុះ​មកដល់​ចំណុចកើតហេតុ​កម្លាំង​ខាងលើ​បាន​ឃាត់​ម៉ូតូ​មួយគ្រឿង​ដើម្បី​ឆែកឆេរ​។​

    ខណៈពេលដែល​កម្លាំង​កំពុង​រវល់​ត្រួតពិនិត្យ​ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្កូ​បពី​ព​ណ៌​ក្រហម​គ្មាន​ស្លាក​លេខ​ជិះ​គ្នា​បីនាក់​ហើយ​បានមក​និយាយ​សួរនាំ​សមត្ថកិច្ច​ធ្វើឱ្យ​រំខាន​ដល់​សមត្ថកិច្ច​កំពុងតែធ្វើការ​។​

    ក្រោយមក​សមត្ថកិច្ច​បា​ន​ដេញ​ឱ្យ​បុរស​ខាងលើ​ជិះ​ចេញ​ទៅអោយ​ឆ្ងាយ​ព្រោះ​វា​មិនមែនជា​ការងារ​របស់​ពួកគេ​នោះទេ​ហើយ​ពេលនោះ​សមត្ថកិច្ច​ឃើញ​ម៉ូតូ​ខាងលើ​គ្មាន​ស្លាក​លេខ​ក៏បាន​សួរ​ម្ចាស់​ម៉ូតូ​ថា​ចុះ​ម៉ូតូ​របស់លោក​គ្មាន​ស្លាក​លេខ​ចឹ​ង​ហើយ​ស្រាប់​តែមាន​បុរស​ម្នាក់​ក្នុងចំណោម​បីនាក់​នោះបាន​និយាយ​ផ្ចាញ់ផ្ចាល​ទៅ​សមត្ថកិច្ច​ថា ​"​បើ​អត់​ស្លាក​លេខ​ចឹ​ង​ចង់​ចាប់​ក៏​ចាប់​ទៅ​"​។​

    នេះ​ជាស​ម្ដី​ដែល​ឌឺដង​ដល់​សមត្ថកិច្ច​ដែល​ធ្វើឱ្យ​សមត្ថកិច្ច​បាន​ឃាត់​ម៉ូតូ​មួយគ្រឿង​នោះ​គោលបំណង​យកទៅ​សាកសួរ​នៅ​ប៉ុស្ដិ៍​ទឹកថ្លា​។ ​ខណៈពេលដែល​សមត្ថកិច្ច​ព្យាយាម​នាំយក​ម៉ូតូ​មួយគ្រឿង​ដែល​អត់​ស្លាក​លេខ​នោះ​យកទៅ​ក៏មាន​បុរស​ម្នាក់​បានចេញ​មក​អាង​ អួតខ្លួន​ឯង​ថា  "​ធ្វើការ​នៅ​អង្គភាព​តម្រួត​បទបញ្ជា​"។ ​ហើយ​មក​កាង​ម៉ូតូ​ដែល​អត់​មាន​ស្លាក​លេខ​ខាងលើ​នោះ​តែ​សមត្ថកិច្ច​ខាងលើ​គឺ​មិនអាច​លើកលែង​បានឡើយ​ព្រោះ​ដើម្បី​ឱ្យមាន​ភាពស្មើគ្នា​រវាង​ប្រជាពលរដ្ឋ​ធម្មតា ​និង​កងកម្លាំង​មានន័យថា​ទោះជា​ម្ចាស់​ម៉ូតូ​ធ្វើការ​នៅក្នុង​ស្ថាប័នរដ្ឋ​មួយណា​ឬ​អង្គភាព​មួយណា​ក៏ដោយ​ឱ្យតែ​ធ្វើ​ខុសច្បាប់​ត្រូវតែ​ប្រឈមមុខ​និង​ការទទួល​ពិន័យ​ដូច​តែ​គ្នា​។​

    ក្រោយមក​សមត្ថកិច្ច​បា​ន​បញ្ជូន​អ្នក​ទាំងបី​នឹង​ម៉ូតូ​យកទៅ​ប៉ុស្ដិ៍​ខាងលើ​ដើម្បី​សាកសួរ​និង​ធ្វើ​កំណត់ហេតុ ហើយ​បើតាម​ការ​ប្រាប់​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា​បុរស​បីនាក់​ជិះ​ម៉ូ​​តូ​ខាងលើ​មានឈ្មោះ ឈឹម ផល្លា អាយុ​២១ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់នៅ​ភូមិ​បូរី​១០០​ខ្នង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ, ​ទី​ពីរ​មានឈ្មោះ វ៉ាន់ រ៉ា​វ៉ាន់​ហៅ អា​ណូ អាយុ​២១​ឆ្នាំ មុខរបរ​លក់​គ្រឿងក្រអូប ស្នាក់នៅ​ភូមិ​បូរី​១០០​ខ្នង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​ទី​បី​ឈ្មោះ លន់ សុខ អាយុ​២៣​ឆ្នាំ មុខរបរ​ប៉ូលិស​តម្រួត​បទបញ្ជា ស្នាក់​នៅក្នុង​ក្រសួងមហាផ្ទៃ។​

    ក្រោយពី​ធ្វើ​កំណត់ហេតុ​រួចមក​ម៉ូតូ​ខាងលើ​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​រងចាំ​ម្ចាស់​ម៉ូតូ​យក​ឯកសារ​មក​បញ្ចាក់​ពី​ម៉ូតូ​ខាងលើ៕​

 

adverise with khmeread

មតិយោបល់