adverise with khmeread Unnamed %284%29

សន្តិសុខ​ម្នាក់​ផឹកស្រា​ស្រវឹង សង្ស័យ​ដើរ​ងងឹតមុខ​ធ្លាក់​ពីលើ​ផ្ទះជួល​ជាន់​ទី​២​ស្លាប់​ភ្លាម​

    ភ្នំពេញ​ ៖ បុរស​ម្នាក់​ជា​សន្តិសុខ​យាម​នៅ​ពេលយប់​ម្នាក់ បន្ទាប់ពី​ចប់​ម៉ោង​ការងារ លុះ​ព្រឹក​ឡើង​បាន​បបួល​មិត្តភក្តិ​មក​ទិញ​ស្រា​បៀរ​ផឹកស៊ី​នៅ​បន្ទប់​ជួល​របស់ខ្លួន។ ​ក្រោយមក​ស្រាប់តែ​ឃើញ​ធ្លាក់​ពីលើ​បន្ទប់​ជួល​ជាន់​ទី​២​ស្លាប់​តែម្តង រីឯ​មិត្តភក្តិ​មក​ផឹក​ជាមួយ​ក៏​បាត់​ខ្លួន​ទៀត​។​

    ហេតុការណ៍​នោះ បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១១ ​និង​១០​នាទី​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះល្វែង​ខាងក្រោយ​ផ្សារ​ជម្ពូ​វ័ន ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    តាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា បុរស​នោះ ឈ្មោះ សិត រតនា ហៅ​ឆាំ រតនា អាយុ​៣៦​ឆ្នាំ​ មុខរបរ​សន្តិសុខ​ក្រុមហ៊ុន ​SSY ស្នាក់នៅ​បន្ទប់​ជួល កើតហេតុ​ខាងលើ​មាន​ប្រពន្ធ​ឈ្មោះ វិត ទូច អាយុ​២៨​ឆ្នាំ ​មុខរបរ​រោងចក្រ កាត់ដេរ​។​

    ប្រភព​បន្តថា នៅ​មុនពេល​កើតហេតុ ខណៈពេល​ត្រឡប់​មកពី​យាម នៅ​រោងចក្រ​ពេលយប់​វិញ បុរស​នោះបាន នាំ​មិត្តភក្ដិ​ម្នាក់​ទៅជា​មួយ​ដែរ និង​បាននាំគ្នា​ទិញ​ស្រា​បៀរ​ទៅ​ផឹក​ជាមួយគ្នា​នៅ រាន​ហាលមុខ​បន្ទប់​ជាន់​ទី​២ ,​ចំណែក​ប្រពន្ធ​ទៅ​ធ្វើការ​រោងចក្រ​បាត់​។​

    លុះ​ក្រោយមក​មិនមាន​នរណាម្នាក់​បានដឹង​ថា មានរឿង​អ្វី​កើតឡើង នោះឡើយ ស្រាប់តែ​ឮស្នូរ​ធ្លាក់​មកក្រោម ហើយ​អ្នកជិតខាង​បាននាំគ្នារ​ត់ទៅ​មើល បានឃើញ​បុរស​នោះ​ដេក ស្លាប់​ផ្កាប់មុខ​នៅក្នុង​ថ្លុកឈាម ក្នុងស្ថានភាព​របួស​បែ​ក​ក្បាល​បាត់ទៅហើយ​។​

    ប្រភព​ដដែល​បាន​បន្តទៀតថា ក្រោយពេល​កើតហេតុ មិត្តភក្ដិ​ម្នាក់ដែល​ផឹកស៊ី​ជាមួយ​នោះបាន​គេចខ្លួនបាត់​ដោយ​មិនដឹងថា ការស្លាប់​របស់​ជនរ​ង​គ្រោះ​នេះ មាន​ការជាប់​ពាក់ព័ន្ធ​ជាមួយ​ នឹងជន​ម្នាក់​នោះ​ឬក៏​ជន​រងគ្រោះ​មាន​វិបត្តិ​ផ្លូវចិត្ត​ហើយ​លោត​សម្លាប់ខ្លួន​នោះឡើយ។​

    បន្ទាប់មក​ប្រពន្ធ​បាន​ចេញពី​រោងចក្រ​ដើរមក​បន្ទប់​ដើម្បី​មក​ហូបបាយ​ជុំគ្នា ក៏​ស្រាប់​ឃើញ​ប្តី​ដេកស្លាប់​ក្នុង​ថ្លុកឈាម​បាត់ទៅហើយ។ ចំណែក​ប៉ូលិស​មូលដ្ឋាន​បាន​ចុះទៅ​កាន់​ទីនោះ ធ្វើការ​ពិនិត្យ​កោសល្យវិច្ឆ័យ និង​កំពុងធ្វើការ​ស្រាវជ្រាវ រក​មូលហេតុ​ដែលនាំឱ្យ​ជនរងគ្រោះ​ធ្លាក់​ពីលើផ្ទះ​នោះ​ហើយ រីឯ​សព​ប្រគល់ឱ្យ​ប្រពន្ធ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

មតិយោបល់