adverise with khmeread Unnamed

NOCC​ ចាត់ទុកថា​វគ្គ​រដ្ឋបាល​កីឡា​សម្រាប់​អ្នកសារព័ត៌មាន និង​អ្នក​អត្ថាធិប្បាយ​កីឡា​នឹង​រួមគ្នា​អភិវឌ្ឍន៍​កីឡា​កាន់តែ​ល្អប្រសើរ​

    ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​គណៈកម្មាធិកា​រ​ជាតិ អូឡាំពិក​កម្ពុជា NOCC បាន​ចាត់ទុកថា វគ្គ​បណ្តុះបណ្តាល​រដ្ឋបាល កីឡា​ស្តីពី​សារពត៌មាន និង​អ្នក​អត្ថាធិប្បាយ​កីឡា ដែល​បានបញ្ចប់​កាលពី​ម្សិលមិញ​នោះ​នឹង​បានរួម​ចំណែក ជាមួយគ្នា​កាន់តែ​ល្អ​ប្រសើរឡើង​បន្ថែមទៀត បន្ទាប់​គ្រូឧទ្ទេស​ជំនាញ​កីឡា​ជាច្រើនរូប​បានមក​ចែករំលែក​នូវ​បទ ពិសោធន៍​នានា​អស់​រយៈពេល​២​ថ្ងៃ​ពេញ​រួចមកហើយ​នោះ​។​

    ថ្លែង​នៅក្នុង​ឱកាស​វគ្គ​បណ្តុះបណ្តាល​នេះ​,​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា​មានប្រសាសន៍​ថា លទ្ធផល​ដែល​ទទួលបាន​នាពេលនេះ គឺ​ធំធេង ដែល​សិក្ខាកាម​ទាំងអស់​បាន យល់ដឹង​កាន់តែ​ល្អ​ជាង​មុន នូវ​បច្ចេកទេស​កីឡា ជាពិសេស​យើង​បាន​រកឃើញ​ពាក្យពេចន៍​កីឡា​ជាច្រើន ដែលប្រែ​សម្រួល​ពី​ភាសាបរទេស​មកជា​ខេមរៈភាសា ដើម្បី​ឱ្យ​ការសរសេរ​អត្ថបទ​ព័ត៌មាន​កីឡា និង​ការអត្ថាធិប្បាយ កីឡា​របស់​ពិធីករ នៅតាម​បណ្តា​ស្ថានីយទូរទស្សន៍​នានា​ឯកភាពគ្នា​ជាបឋម​មួយ​រួមគ្នា​មួយ មុន​ពេលដែល​ស្ថាប័ន កីឡា​ជំនាញ​ពាក់ព័ន្ធ​នានា​នឹង​រៀបចំ​បង្កើត​ឱ្យ​សន្ទានុក្រម​បច្ចេក​ស័ព្ទ​កីឡា​ជា​ផ្លូវការ នាពេលខាងមុខ​។ 

    ទាក់ទង នឹង​ការរៀបចំ​សន្ទានុក្រម​កីឡា​នេះ គឺ​នឹងត្រូវ​រៀបចំ​ចងក្រង ហើយ​ស្នើសុំ​ទៅ​រាជបណ្ឌិតសភា​កម្ពុជា ដើម្បីឱ្យ អ្នកជំនាញ​ខាង​ភាសា​ខ្មែរ​របស់​ជាតិ​បាន​ពិនិត្យមើល និង​ពិភា​ក្សា​ឱ្យ​កើតចេញ​ជា​ពាក្យ​បច្ចេកទេស​កីឡា​ជា ភាសា​ខ្មែរ​។ 

    លោក​អគ្គលេខាធិការ​ស្នើ​សុំ​ឱ្យ​អ្នកសរសេរ​អត្ថបទ និង​អ្នក​អត្ថាធិប្បាយ​កីឡា​មកពី​គ្រប់​អង្គភាព ទាំងអស់​នៅ​កម្ពុជា​ប្រើប្រាស់​ពាក្យពេចន៍​ជា​ភាសា​ខ្មែរ និង​ប្រើពាក្យ​សាមញ្ញ ដើម្បីឱ្យ​មហាជន​ទូទៅ​ងាយ​អានងាយ​ស្តាប់ និង​ងាយ​យល់​។​

    លោក ចាន់ សំណព្វ អនុប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ដែល​អញ្ជើញ​ជា​គ្រូឧទ្ទេស​ក្នុង​វគ្គប​ណ្តុះ បណ្តាល​នេះដែរ​មានប្រសាសន៍ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ឯកឧត្តម​មើលឃើញថា វិស័យ​កីឡា កម្ពុជា​មានការ​រីកចម្រើន​គួរឱ្យ​កត់សម្គាល់។​ ​ទន្ទឹមនឹងនេះ​អ្នកសារព័ត៌​មាន និង​អ្នក​អត្ថាធិប្បាយ​កីឡា​ទាំងអស់​ក៏ ដើរតួ​យ៉ាងសំខាន់​ផងដែរ ក្នុងការ​ផ្សព្វផ្សាយ​ពី​កី​ឡា​ឱ្យបាន​ត្រឹមត្រូវ​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ហើយក៏​ជា​អ្នក រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​ឱ្យ​កាន់តែ​ប្រសើរឡើង​ទៀតផង​។​
 
    សូមបញ្ជាក់ថា វគ្គ​បណ្តុះបណ្តាល​រដ្ឋបាល​កីឡា​ស្តីពី​សារព័ត៌មាន និង​អ្នក​អត្ថាធិប្បាយ​កីឡា​នេះ​ត្រូវ​រៀបចំឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា នៅ​ទីស្នាក់ការ​ផ្ទាល់​របស់ខ្លួន រយៈពេល​ពីរ​ថ្ងៃ​ពេញ ដោយមាន​សិក្ខាកាម​ចូល​ជិត ១០០​នាក់​៕​

adverise with khmeread

មតិយោបល់