adverise with khmeread Unnamed %281%29

ទៅ​មើល​ល​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​២០១៦

    ភ្នំពេញ ៖ ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម ជ្រើសរើស​ជើងឯក ប្រចាំឆ្នាំ​២០១៦ បានប្រកាស​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ ហើយ​កាលពី​ព្រឹក​មិញ នៅក្នុង​វិមាន​កីឡដ្ឋាន​ជាតិ ដោយមាន​កីឡាករ កីឡាការិនី​ចូលរួម​សរុប​ចំនួន​១២៣​នាក់ មកពី​បណ្តា​ក្លឹប​នានា​ន​ចំនួន​៧ ក្រោម​ការរៀបចំ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​បច្ចេកទេស​ពី​សហព័ន្ធ កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​។​

    មន្ត្រី​បច្ចេកទេស​បាន​ឱ្យ​ដឹងថា នៅ​ថ្ងៃ​បើកឆាក​នេះ គឺមាន​វិញ្ញាសា​ប្រកួត​សម្តែង​មេគុណ​នារី​ឯកត្តជន ដោយមាន​កីឡាការិនី​ចំនួន​៨​នាក់ ហើយ​កីឡាការិនី​ជ័យលាភី គឺ​ចំណាត់ថ្នាក់​លេខ​១ មេដាយមាស បាន​ទៅលើ កីឡាការិនី សឿ ចាន់​លក្ខិណា មកពី​ក្លឹប​ក្រសួងមហាផ្ទៃ​, ចំណាត់ថ្នាក់​លេខ​២ មេដាយប្រាក់ កីឡាការិនី សម សូ​នី​តា មកពី​ក្លឹប​សាកលវិទ្យាល័យ អាស៊ី​អឺរ៉ុប និង​លេខ​៣ សុខ សុ​ភី វិទ្យាល័យ​ជាស៊ីម សាមគ្គី​។ 

    ចំណែកឯ វិញ្ញាសា​ប្រយុទ្ធ​លើ​ទម្ងន់​៥០​គីឡូក្រាម​បុរស កីឡាករ ស៊ុន ច័ន្ទបូរី ក្លឹប​អាស៊ី​អឺរ៉ុប បាន​ប្រកួត​ជាមួយ ឡៅ ស័​ក្ត​ដា វិទ្យាល័យ​ជាស៊ីម​សាមគ្គី ខណៈ​គូប្រកួត​ជាច្រើន​ទៀត ក្នុង​វិញ្ញាសា​ដដែល​នេះ​បាន​ប្រកួត​វគ្គ​ជម្រុះ​បឋម ដើម្បី សម្រាំង​រក​កីឡាករ​ខ្លាំងៗ​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ផ្តាច់ព្រ័ត្រ​ជា​បន្តទៀត​។​

    ព្រឹត្តិការណ៍​ជើងឯក​កីឡា​វ៉ូ​វី​ណា​ម​នេះ មាន​កីឡា​កីឡាករ​ចំនួន​៨៧​នាក់ កីឡាការិនី ២៦​នាក់ សរុប​ចំនួន ១២៣​នាក់ មកពី​ក្លឹប​ចំនួន​៧ ក្នុងនោះ​រួមមាន​៖ ក្លឹប​វិទ្យាល័យ​ជាស៊ីម​សាមគ្គី​, អង្គការ​សង្គ្រោះ​កុមារ​កម្ពុជា​, ក្លឹប​ក្រុមហ៊ុន​រ័ត្ន​សុខន​, វិទ្យាល័យ​វត្ត​កោះ​, ក្រសួងមហាផ្ទៃ​, វិទ្យាល័យ​ផ្សារ​ដើមថ្កូវ និង​សមាគម​កីឡា​វ៉ូ​វី​ណា​ម សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​។​

    ដោយឡែក​លោក ពៅ ហុក គ្រូបង្វឹក​សមាគម​កីឡា​វ៉ូ​វី​ណា​ម សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​បានឱ្យដឹងថា កីឡាករ កីឡាការិនី​ក្លឹប​របស់លោក​មាន​ចំនួន​១៥​នាក់​។ នេះ​ជា​ឆ្នាំ​ទី​២ ដែល​អាស៊ី​អឺរ៉ុប​បាន​បញ្ជូន​កីឡាករ​របស់ ខ្លួន​មក​ចូលរួម​ប្រកួត ហើយ​លោក​រំពឹងថា ឆ្នាំនេះ​ក្លឹប​របស់លោក​នឹង​ដណ្តើមបាន​មេដាយមាស​កាន់តែច្រើន បន្ថែមទៀត ច្រើនជាង​កាលពី​ឆ្នាំ​២០១៥ កន្លងទៅ​។ 

    លោក​បន្ថែមថា ការចូលរួម​នេះ គឺ​ដោយមាន​ការចូលរួម គាំទ្រ និង​លើកទឹកចិត្ត​ពី​លោក ឌួង លាង ប្រធាន​ក្រុមប្រឹក្សាភិបាល​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប ហើយ​នៅ ពេល​កីឡាករ កីឡាការិនី​ឈ្នះ​មេដាយមាស ប្រាក់ ឬ​សំរិទ្ធ​នោះ​លោក​ប្រធាន​ក្រុមប្រឹក្សាភិបាល​នឹង​ផ្តល់ប្រាក់ រង្វាន់​លើកទឹកចិត្ត​ដោយឡែក​ជូន​ដល់​ពួកគេ​។​

    លោក បាន​រំលឹកថា ឆ្នាំមុន អាស៊ី​អឺរ៉ុប ឈ្នះ​មេដាយមាស​២​គ្រឿង​, មេដាយប្រាក់​៣​គ្រឿង និង​សំរិទ្ធ​ចំនួន ១​គ្រឿង ដែរ​៕​

adverise with khmeread

មតិយោបល់