adverise with khmeread 1

​ក្រោយ Pogba បរាជ័យ​ក្នុងការ​បង្ហាញ​សមត្ថភាព​របស់ខ្លួន ប្រិយមិត្ត​បិសាច​ក្រហម​ចាប់ផ្តើម​អង្វរក​ឱ្យ​ហៅ Schweinsteiger ត្រឡប់មកវិញ​

​    ​ក្រុម​អ្នកគាំទ្រ​ក្រុម​បិសាច​ក្រហម Manchester United បាន​អង្វរ​លោក Jose Mourinho ឱ្យ​ហៅ​កីឡាករ​ជើងចាស់ Bastian Schweinsteiger មកជួយ​ក្រុម​វិញ​បន្ទាប់ពី​ក្រុម​របស់​ពួកគេ​ចាញ់​បី​ប្រកួត​ជាប់​គ្នា​។​

​    ​បរាជ័យ​ក្រោម​ថ្វី​ជើង Watford កាលពីពេល​ថ្មីៗ​នេះ​បាន​កើតឡើង​ក្រោយ​បរាជ័យ​ផ្ទួនៗ​ក្រោម​ថ្វី​ជើង​ក្រុម​ខ្លាំង Feyenoord និង Manchester City ហើយ​លទ្ធផល​ចាញ់​ភាគច្រើន​គឺ​ស្ថិតនៅ​ខ្សែបម្រើ​ជាពិសេស Paul Pogba តែម្តង​ដែល​ត្រូវបាន​គេ​រិះគន់​ខ្លាំងជាងគេ​។​

​    ​មកទល់​ឥឡូវ លោក Mourinho បានដាក់ Pogba និង Fellaini ចាប់​ដៃគូ​គ្នា​នៅ Premier League ហើយ​លោក​ថែមទាំង​បានដាក់ Pogba លេង​ជាមួយ Feyenoord ដែលជា​ហេតុ​ធ្វើឱ្យ​រូបគេ​មានការ​នឿយហត់​។ លោក Paul Scholes បាន​លើកឡើងថា ក្រុម​ត្រូវតែមាន​អ្នក​ចែក​បាល់​ម្នាក់​អម​ជាមួយ Pogba (​មិនមែន Fellaini) ហើយ​ក្រុម​អ្នកគាំទ្រ​ជាច្រើន​បាន​រកឃើញ​ម្នាក់​នោះ​ហើយ​គឺ Bastian Schweinsteiger​។​

​    ​ប៉ុន្តែ​បញ្ហា​តែមួយ​នោះ​គឺ លោក Mourinho បាន​ដក​តារា World Cup រូបនេះ​ចេញពី​ជម្រើស​ដំបូង ហើយ​បាន​បញ្ជា​គាត់​ឱ្យ​លេង​ជាមួយ​ពួក​យុវជន​។ មានការ​រំពឹងទុក​ថា ប្រសិនបើ​គ្រូបង្វឹក​បិសាច​ក្រហម​ហៅ Bastian មកវិញ នោះ​ក្រុម​ទាំងមូល​នឹង​ផ្លាស់​មុខមាត់​ជាថ្មី​៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់