ភ្នំពេញ ៖ ប្រភពព័ត៌មានមិនផ្លូវការបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី២០ កញ្ញានិងព្រឹកថ្ងៃទី២១ កញ្ញានេះកម្លាំងប៉ូលិសនាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនមនុស្សប្រុស.ស្រីមួយក្រុមសង្ស័យពាក់ព័ន្ធករណីបំផ្ទុះគ្រាប់បែកនៅតាមផ្លូវក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមនកាលពីដើមខែកន្លងទៅ។
ប្រភពបន្តថា មនុស្សប្រុស.ស្រីប្រមាណជិតដប់នាក់ ត្រូវបានកម្លាំងប៉ូលិសនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនក្នុងបុរីចំការមនខណ្ឌចំការមន នាំឡើងរថយន្តចេញទៅ។
លុះដល់នាយកដ្នានព្រហ្មទណ្ឌរាប់ឃើញចំនួន១០នាក់ សង្ស័យថា ជាប់ពាក់ពន្ធក្នុងការបំផ្ទុះគ្រាប់បែក។ ខណៈពេលព័ត៌មាននេះលេចឮភ្លាមឡើង លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់តាមសង្គមហ្វេសប៊ុកថា សមត្ថកិច្ចបានចាប់ខ្លួនមនុស្ស៥នាក់ ពាក់ព័ន្ធនិងករណីបំផ្ទុះគ្រាប់បែក នៅលើដងផ្លូវ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន កាលពីយប់ថ្ងៃទី៦ កញ្ញា ២០១៦កន្លងទៅ។
អ្នកនាំពាក្យបានបញ្ជាក់បន្ថែមថា ការចាប់ខ្លួនមនុស្ស៥នាក់នេះ បានធ្វើឡើងរយៈពេល២ថ្ងៃ គឺនៅថ្ងៃម្សិលមិញទី២០ និង២១ កញ្ញា ហើយពេលនេះពួកគេកំពុង ឃាត់ខ្លួននៅអគ្គស្នងការដ្ឋានប៉ូលិសជាតិដើម្បីសួរនាំបន្ត។
បើតាមលោក ខៀវ សុភ័គ បានអះអាងថា ក្រោយចាប់ខ្លួនសមត្ថកិច្ចបានសាកសួរពួកគេទៅដឹងថា ករណីបោកគ្រាប់បែកនេះគឺជារឿងគំនុំស្នេហា ជាមួយនារីរងគ្រោះជនជាតិវៀតណាម ប៉ុន្តែមិនមែនជារឿងភេវរកម្មទេ។
សូមបញ្ជាក់ថានៅវេលាម៉ោង៧ និង៤០នាទីយប់ថ្ងៃទី៦ កញ្ញា ២០១៦ មានករណីភ្ញាក់ផ្អើលមួយ នៅតាមបណ្តោយផ្លូវលេខ១៦៣ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ដោយមានការបំផ្ទុះគ្រាប់បែក១គ្រាប់ បណ្តាលឱ្យមនុស្ស៤នាក់រងរបួស និងរថយន្ត៤គ្រឿងរួមទាំងទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅក្បែរនោះខូចខាតផងដែរ។
តាមកាមេរ៉ា វីដេអូបានបង្ហាញថា ជនដៃដល់ដែលបំផ្ទុះគ្រាប់បែកនោះបានជិះម៉ូតូយកទៅទម្លាក់លើផ្លូវ១៦៣ ហើយរថយន្តឡិចស៊ីស១គ្រឿងដែលកំពុងបើកតាមផ្លូវនោះក៏ផ្ទុះចំដោយចៃដន្យតែម្តងទៅ។
ក្រោយពីមានការបំផ្ទុះគ្រាប់បែកនោះសមត្ថកិច្ចគ្រប់ជំនាញ បាន និងបង្កើតគណៈកម្មការឆែកឆេរលើមេរ៉ាវីដេអូសុវត្តិភាព ហើយបានបើកការស៊ើបអង្កេត និងស្រាវជ្រាវយ៉ាងស្ងៀមស្ងាត់បំផុត រហូតមកដល់ពេលនេះទើបមានលេចឮព័ត៌មានមិនទាន់ផ្លូវការថា ក្រុមអ្នកបំផ្ទុះគ្រាប់បែកនៅតាមផ្លូវ១៦៣ សង្កាត់បឹងកេងកង៣ ត្រូវឃាត់បានប្រមាណ១០នាក់។
ទោះជាមានព័ត៌មានយ៉ាងនេះក្តីមន្ត្រីប៉ូលិស ព្រហ្មទណ្ឌម្នាក់ ដែលដឹកនាំកម្លាំងធ្វើកិច្ចការងារនេះបានបញ្ជាក់តាមទូរស័ព្ទថា "សុំមិនទាន់និយាយបានទេ ព្រោះសមត្ថកិច្ចកំពុងធ្វើការសាកសួរ ហើយក៏បិទទូរស័ព្ទទៅវិញទៅ"។ ហើយមន្ត្រីរូបនោះបានឆ្លើយមុនបិទទូរស័ព្ទថា "មានមែនប៉ុន្តែមិនទាន់ច្បាស់លាស់នៅឡើយទេ"៕
