adverise with khmeread 14445357 1066048750176706 730097727 n

អ្នកជំនាញ​កសិកម្ម ៖ ត្រូវ​ជំរុញឱ្យមាន​គោលការណ៍​កត្តា​សំខាន់ ៣ ​ទើប​ស្រូវ​អង្ករ​មានតម្លៃ​

    ភ្នំពេញ ៖ អ្នកជំនាញ​កសិកម្ម​មួយរូប​បានផ្តល់​ជា​គំនិត​ថា "ចង់ឱ្យ​តម្លៃ​ស្រូវ​-​អង្ករ​របស់​ប្រជាកសិករ​បាន​ថ្លៃ​ខ្ពស់​ត្រូវមាន​កត្តា​សំខាន់​ចំនួន​៣ គឺ​ទី​១-​កត្តា​ប្រជាកសិករ​ត្រូវ​ផលិត​ស្រូវ​ជា​ប្រព័ន្ធ​ពូជ​តែមួយ​-​ថ្ងៃ​តែមួយ, ទី​២-​កត្តា​ផ្តល់​ផល​ល្អ​ដល់​រោង​ម៉ាស៊ីន​ស្រូវ​ដែលមាន​ម៉ាស៊ីន​ស​ម្ងួ​ត​តាម​ស្តង់ដារ​កំណត់ និង​ទី​៣-​កត្តា​ឃ្លាំង​ស្តុក​ស្រូវ​សម្រាប់​បញ្ចេញ​លក់​ពេល​ស្រូវ​-​អង្ករ​ឡើងថ្លៃ, ​ពោលគឺ​កសិករ​និង​ម្ចាស់​ម៉ាស៊ីន​ស្រូវ​ត្រូវ​ចេះ​យល់​គ្នា"។​

    លោក​ឧកញ៉ា ឌី ប៉ូ  អគ្គនាយក​ក្រុមហ៊ុន អេង ឌី​ប៉ូ អភិវឌ្ឍន៍ ជា​ក្រុមហ៊ុន​កសិកម្ម​ដំណាំ​ស្រូវ​ធំ​មួយ​មានបទពិសោធន៍​ជាង​១០​ឆ្នាំ បានលើកឡើង​បែបនេះ ក្នុង​ពិធី​ប្រកាស​ទិញ​អង្ករ​ចំនួន​២០០​តោន ពី​បងប្អូន​ប្រជាពលរដ្ឋ​ប្រគល់ជូន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​និង​កាកបាទក្រហមកម្ពុជា ​ដើម្បី​ចូលរួមចំណែក​សកម្មភាព​មនុស្សធម៌ នា​ព្រឹក​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៦​នេះ​។​

    ការលើកឡើង​ខាងលើនេះ ស្រប​ពេលដែល​ថ្មីៗ​នេះ មានការ​ព្រួយបារម្ភ​ពី​ប្រជាកសិករ អំពី​តម្លៃ​ស្រូវ​អង្ករ​ធ្លាក់ចុះ និង​ដើម្បី​ចូលរួមចំណែក ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការជួយ​លើកទឹកចិត្ត ប្រជាកសិករ​ផងដែរ។​

    លោក​ឧកញ៉ា ឌី ប៉ូ បាន​លើកឡើងថា "អង្ករ​ចំនួន​២០០​តោន​នេះ ក្រោយពី​ទិញ​ពី​បងប្អូន​ប្រជាពលរដ្ឋ លោក​ឧកញ៉ា នឹង​ប្រគល់ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចំនួន​១០០​តោន និង​សម្តេច​ក​ត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ចំនួន​១០០​តោន ដើម្បី​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​ជួប​ការលំបាក​"​។​

    លោក​អគ្គនាយក​ក្រុមហ៊ុន​រូបនេះ ក៏បាន​បង្ហាញ​ការចូលរួម​សោកស្តាយ ជាមួយ​ប្រជាកសិករ​ផងដែរ ដោយ​ពួកគេ​បាន​ខិតខំ​ប្រឹងប្រែង ក្នុង​ការផលិត​ស្រូវ​។ ប៉ុន្តែ​បែរជា​តម្លៃ​ស្រូវ​ក្នុង​ទីផ្សារ បាន​ធ្លាក់ចុះ​យ៉ាងគំហុក​បែបនេះ ធ្វើឱ្យ​ពួកគាត់​ពិបាក​ប្រឈមមុខ នៅក្នុង​ការដោះស្រាយ​។​

    លោក​ឧកញ៉ា ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាកសិករ នៅ​ទូទាំងប្រទេស បើទោះជា​តម្លៃ​ស្រូវ​ធ្លាក់ចុះ​ក៏ដោយ កុំឱ្យ​មានការ​បាក់​ទឹកចិត្ត និង​កុំ​បោះបង់ចោល​ការផលិត​ស្រូវ ព្រោះ​វិស័យ​កសិកម្ម ជាពិសេស​ដំណាំ​ស្រូវ​នេះ គឺជា​វិស័យ​អាទិភាព​មួយ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

    ចំណែក លោក តាំង សុខ​ឃី តំណាង​ក្រុមហ៊ុន អេង ឌី​ប៉ូ អភិវឌ្ឍន៍​បានលើកឡើង​ដែរ​ថា "ប្រជាកសិករ​ជួប​ប្រឈម​នឹង​តម្លៃ​ស្រូវ​ធ្លាក់ចុះ គឺជា​បញ្ហា​មួយ គួរឱ្យ​ព្រួយបារម្ភ។​ ​ប៉ុន្តែ​ប្រជាកសិករ​មាន​ភាពកក់ក្តៅ ដោយសារ​មាន​ប្រមុខ​រាជរដ្ឋាភិបាល​បានប្រកាស​ប្រើប្រាស់​ថវិកាជាតិ ជួយ​គាំទ្រ និង​លើកទឹកចិត្ត​ដល់​ប្រជាកសិករ ដែល​កំពុង​ជួប​ការលំបាក"​។​

    សូមបញ្ជាក់​ផងដែរ​ថា ការចូលរួមចំណែករ​បស់​ក្រុមហ៊ុន អេង ឌី​ប៉ូ អភិវឌ្ឍ​នេះ បានធ្វើ​ឡើង​ស្រប​ពេលដែល ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាសថា ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ត្រៀម​ថវិកា​២០​លាន​ដុល្លារ​សហរដ្ឋអាមេរិក បូក​នឹង​ថវិកា​ធនាគារ​អភិវឌ្ឍន៍ជនបទ ចំនួន​៧​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ទៀ​ត ដើម្បី​ជួយ​ទ្រទ្រង់​តម្លៃ​ស្រូវ​ឡើងវិញ ហើយ​ទន្ទឹមនឹងនោះ ហើយ​ក៏បាន​អំពាវនាវឱ្យ​អាជ្ញាធរ​ទប់ស្កាត់ កុំ​ឱ្យ​ឈ្មួញ​ខិលខូច​បង្អាប់​ទម្លាក់​តម្លៃ​ស្រូវ​កសិករ​ផងដែរ​៕


 

adverise with khmeread

មតិយោបល់