adverise with khmeread Chalobah

ទីបំផុត Nathaniel Chalobah មានឱកាសបង្ហាញមុខក្នុងក្រុមជម្រើសទី១របស់ Chelsea

          ពាក្យ​ចាស់ពោលថា ភាពអត់ធ្មត់​នឹងទទួល​បាន​ជោគជ័យ​ នេះជាការពិត។​ កីឡាករ Nathaniel Chalobah ពិតជា​មាន​ភាព​អត់ធ្មត់​ បន្ទាប់ពី​បាន​រង់ចាំ​អស់​រយៈ​ពេល​១១​ឆ្នាំ ដើម្បីទទួលបាន​ឱកាស​បង្ហាញ​មុខ​លើក​ដំបូង​ជា​មួយ​​ក្រុម​ឈុត​ធំ​​ Chelsea។

          Chalobah ​វ័យ២១​ឆ្នាំ​ ​បាន​បង្ហាញមុខជា​លើក​ដំបូង​កាល​ពីយប់ថ្ងៃអង្គារ​ខណៈ​ពេល​ត្រូវបានប្តូរចូល​ជំនួស​កីឡាករ Michy Batshuayi នៅ​តង់ទី២ អំឡុង ពេល​ក្រុម​ Chelsea ប្រកួត​ជាមួយ​ក្រុម Leicester ក្នុងក្របខណ្ឌ EFL Cup នៅ​ពហុកីឡាដ្ឋាន King Power Stadium ។

          Chalobah បាន​ជួយ​ក្រុម​តោខៀវឲ្យ​ឈ្នះ​៤-២ លើ​ក្រុម​ជើង​ឯក​ក្រប​ខណ្ឌ​ PL ។ កន្លងមក Chalobah ស្ថិតក្រោម​ការ​ចាប់អារម្មណ៍​របស់​ក្លឹប​ Fulham ។​ កីឡាកររូបនេះបាន​ចូល​រួម​ជាមួយ​ថ្នាល​យុវជន​របស់​​ Chelsea តាំងពី​អាយុ១០​ឆ្នាំ​ មុន​ពេល​ចុះកិច្ច​សន្យា​លក្ខណៈ​អាជីព​ក្នុងវ័យ១៧​ឆ្នាំ​ក្នុងឆ្នាំ​២០១២។

          បើទោះបីជា​មាន​តួនាទី​ជា​ប្រធាន​ក្រុម​យុវជន​ Chelsea និង​លេងជា​កីឡា ករ​បម្រុងច្រើនលើក​ច្រើនសា​ក៏ដោយក៏កីឡាកររូបនេះមិនដែល​មាន​ឱកាស​លេង​ក្នុង​ក្រុមជម្រើស​ទី​១​ទេ ហើយ​ត្រូវ​បាន​ផ្ទេរ​ទៅលេង​ក្នុងកិច្ច​សន្យា​ខ្ចីជើង​មិន​តិច​ជាង​៦​លើក​ទេ។

          ​គ្រូ​បង្វឹក​ Antonio Conte បាន​សម្រេចចិត្ត​រក្សាទុក Chalobah នៅ​ក្នុងក្លឹប​នេះ​នៅ​រដូវកាល​នេះ។​ Chalobah មាន​កិច្ច​សន្យាជាមួយឆេលស៊ី​រហូត​ដល់ឆ្នាំ​២០១៨ ហើយ​​អាច​បង្ហាញមុខ​ជាមួយក្រុម​ជម្រើស​ទី​១​បន្តទៀត​នាពេល​អនា​គត៕

adverise with khmeread

មតិយោបល់