ត្បូងឃ្មុំ ៖ មានគ្រោះថ្នាក់ចរាចរណ៍ រវាង រថយន្ត និង រថយន្ត និងម៉ូតូ ០២ គ្រឿង កាលពីវេលាម៉ោង១១ និង៤០នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ ៧ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ២១១-២១២ ស្ថិតនៅភូមិរោងចក្រស្ករ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ប៉ូលិសនិយាយថា រថយន្តម៉ាក តាកូម៉ា ពណ៌ខ្មៅ ពាក់ស្លាក លេខ 2W.3071 បើកបរដោយឈ្មោះ ត្រេង សុខជា ភេទប្រុស អាយុ ៥៧ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិដេអេ ឃុំពូជ្រី ស្រុកពិជ្រាដា ខេត្តមណ្ឌលគីរី (របួសស្រាល) បានដឹកឈ្មោះ ទូច ភេទប្រុស អាយុ ៤២ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិបារាយ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ (របួសស្រាល)។ បើកបរពីទិសខាងលិចទៅទិសខាងកើតហើយបានបត់មកខាងឆ្វេង (បត់ចូលចាក់ប្រេង នៅខាងជើងផ្លូវ) ហើយត្រូវរថយន្តម៉ាក សាំយ៉ុងបើកបរពីទិសខាងកើតទៅលិច (ទិសដៅបើកបរ បញ្ច្រាស់ទិសគ្នា) បុករុញហើយទៅបុក និងម៉ូតូចតស្ងៀមនៅមុខផ្ទះខាងជើងផ្លូវ។
ប៉ូលិសបន្តថា ក្រោយពេល កើតហេតុ មានម៉ូតូ ០១ គ្រឿងមកឌុបយកអ្នកបើកបរ រថយន្តម៉ាកសាំយ៉ុង ពណ៌ស្លែ ពាក់ស្លាកលេខ 2Y.8402ទៅបាត់ (មិនស្គាល់ឈ្មោះ)។
ចំណែកម៉ូតូរងគ្រោះចំនួន ០២ គ្រឿងទៀតដែលចតនៅមុខផ្ទះ៖ ទី១-ម៉ូតូម៉ាក ឆាលី ពណ៌ខៀវ ពាក់ស្លាកលេខ ប 7929 ភ ព1 និងទី២-ម៉ូតូម៉ាកវ៉េវអេស ពណ៌ខ្មៅ គ្មានស្លាកលេខ ជាកម្មសិទ្ធ របស់ឈ្មោះ ស្រ៊ុន ម៉េងឆាយ ភេទប្រុស អាយុ ៤០ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិរោងចក្រស្ករ ឃុំត្រមូងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
អ្នករបួសទាំងពីរនាក់ខាងលើត្រូវបានយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកមេមត់។ ខូចខាតរថយន្ត ០២ គ្រឿង និងម៉ូតូ ០២ គ្រឿងកំរិតធ្ងន់។
បច្ចុប្បន្ន វត្ថុតាង រថយន្ត ០២ គ្រឿងនិង ម៉ូតូ ០២ គ្រឿងត្រូវ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បី ចងក្រងសំណុំរឿងតាមនីតិវិធី៕
