Work life balance

វិធី ៥ យ៉ាង​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​តុល្យភាព​ជីវិត​ការងារ​របស់​អ្នក​

​    ​ដោយសារតែ​ការងារ​មមាញឹក​ពេក យើង​ពិបាក​នឹង​ស្វែងរក​ពេលវេលា​សក្តិសម​ដើម្បី​ធ្វើ​អ្វី​ផ្សេងទៀត​ជាច្រើន​ដែលមាន​តម្លៃ​ក្នុង​ជីវិត​របស់​យើង ដូចជា​ការរៀបចំ​គម្រោង​លំហែ​ជាដើម​។ តើ​យើង​ត្រូវធ្វើ​បែបណា​ដើម្បី​ធ្វើឱ្យ​អ្វីៗ​ប្រសើរឡើង ដោយ​មិនចាំបាច់​ផ្លាស់ប្តូរ​ការងារ ឬ​កែប្រែ​ជីវិត​របស់​យើង​ទាំងស្រុង​នោះ​? សូម​ព្យាយាម​ធ្វើ​នូវ​រឿង​ទាំង ៥ ដូចខាងក្រោម​នេះ​ដើម្បី​ជួយ​ឱ្យ​លោក​អ្នកមាន​អារម្មណ៍​កាន់​មាន​តុល្យភាព​ក្នុង​ជីវិត​ការងារ​ក្នុងពេល​បច្ចុប្បន្ន​។

- កុំ​ធ្វើការ​រាល់ពេល​បាយល្ងាច​រួច​
​    ​ដោយសារ​បច្ចេកវិជ្ជា​រីកចម្រើន មនុស្ស​អាចធ្វើ​ការងារ​បាន​គ្រប់ពេល​។ ប៉ុន្តែ​ដើម្បី​រក្សា​តុល្យភាព​ជីវិត​ការងារ លោកអ្នក​មិនគួរ​ចាប់យក​កុំព្យូទ័រ​មក​បើក​ធ្វើការ​ក្រោយពី​ទើបតែ​ទទួលទាន​អាហារ​ពេល​ល្ងាច​រួច​នោះទេ​។ ត្រូវយក​ពេល​សម្រាក និង​ផ្តោតលើ​ផ្នែក​ផ្សេងទៀត​នៃ​ជីវិត​របស់​អ្នក​។​

- កុំ​មើល​អ៊ីមែល​ពេល​មិន​នៅ​កន្លែងធ្វើការ​
​    ​នេះ​គឺជា​រឿង​លំបាក​មួយ ព្រោះ​មនុស្ស​សម័យនេះ​ត្រូវតែ​ឆែក​មើល​អ៊ីមែល​គ្រប់ពេល​។ ដូច្នេះ​ដើម្បី​ផ្តាច់​ចេញពី​ការងារ​ទាំងស្រុង​បាន ទាល់តែ​អ្នក​កុំ​ឆែក​មើល​មែ​ល​តែម្តង ហើយ​បើ​មានការ​ចាំបាច់​ខ្លាំង ត្រូវ​ប្រាប់​អ្នកគ្រប់គ្រង បុគ្គលិក ឬ សហការី​របស់​អ្នក​ថា វិធី​ល្អ​បំផុត​ដើម្បី​ទាក់ទង​មក​អ្នក​នៅពេល​មិន​នៅ​ការិយាល័យ​គឺ​តាមរយៈ​ទូរស័ព្ទ​។

- ចាត់ទុក​ចុង​សប្តាហ៍​ឱ្យ​ដូច​វិស្សមកាល
​    ​ចុង​សប្តាហ៍​គឺជា​ពេលវេលា​ដែល​អ្នក​ត្រូវ​សម្រាក​យក​កម្លាំង​ឡើងវិញ​។ កុំ​ខ្ជះខ្ជាយ​ថ្ងៃ​ចុង​សប្តាហ៍​ឱ្យសោះ​។ អ្នក​គួរ​កំណត់​ម៉ោង ៥ ល្ងាច​ថ្ងៃ​សុក្រ​ជា​ថ្ងៃ​ចុង​សប្តាហ៍​របស់​អ្នក​។ ហើយ​កុំ​រវីរវល់​ឱ្យសោះ​ចំពោះ​អ៊ីមែល ឬ​កុំ​បើក​កុំព្យូទ័រ​ឱ្យសោះ​។ ត្រូវ​រីករាយ​ឱ្យ​អស់ដៃ​រាល់ថ្ងៃ​ចុង​សប្តាហ៍ សឹម​ថ្ងៃ​ចន្ទ​ចូលធ្វើការ​វិញ​ធម្មតា​។

- ត្រូវ​ទុក​ថ្ងៃ​ទំនេរ​ណាមួយ​សម្រាប់​ខ្លួនឯង​ជានិច្ច ប្រសិនបើ​សៅរ៍​អាទិត្យ​ខាន​ពី​ការងារ​មិនបាន​
​    ​មនុស្ស​ដែលមាន​គម្រោង​ការងារ​សំខាន់ៗ​តែងតែ​បោះបង់​ចោលការ​សម្រាក​សៅរ៍​អាទិត្យ​។ ប៉ុន្តែ​នេះ​មិន​បានន័យថា​អ្នក​មិនអាច​យក​ពេល​សម្រាក​ក្រោយ​សម្រេច​គម្រោង​ទាំង​នោះទេ​។ ត្រូវ​រៀប​គម្រោង​ឈប់សម្រាក​មួយថ្ងៃ ឬ​ពីរ​ថ្ងៃ​បន្ទាប់ពី​បញ្ចប់​គម្រោង​ការងារ ហើយ​ប្រើ​ពេលវេលា​នោះមក​សម្រាក​ឱ្យបាន​ស្រួល ឬ​លំហែកាយ​ដើម្បី​បំពេញ​បំណង​ខ្លួនឯង​។  

- ត្រូវ​ប្រើ​បច្ចេកវិជ្ជា​ចល័ត​ពេល​អ្នកមាន​ការចាំបាច់​ផ្ទាល់ខ្លួន​
​    ​មនុស្ស​គ្រប់គ្នា​តែងតែមាន​ពេលខ្លះ​ជាប់រវល់​កិច្ចការផ្ទាល់ខ្លួន​ចាំបាច់​ត្រូវ​ដោះស្រាយ​។ ហើយ​ក្រោយពេល​ដោះស្រាយ​រួច អ្នក​អាច​ប្រើពេល​បំពេញបន្ថែម​វិញ​តាមរយៈ​ការប្រើ​បច្ចេកវិជ្ជា​ចល័ត (​អ៊ី​ន​ធឺ​ណេ​ត​ទូរស័ព្ទ​) ដើម្បី​ធ្វើ​ការសង​បង្គ្រប់​ម៉ោង​ក្រុមហ៊ុន​វិញ​។ នេះ​សម្រាប់តែ​ករណី​ការងារ​នោះ​ខានមិនបាន តែ​ប្រសិនបើ​ការងារ​នោះ​អាច​សុំ​ច្បាប់ឈប់​បាន អ្នក​គួរតែ​សុំច្បាប់​តែម្តង​រឹតតែ​ល្អ​។

​    ​រឿង​ទាំង ៥ នេះ​មាន​ភាពងាយស្រួល​ក្នុងការ​អនុវត្ត​ណាស់ ហើយ​មិន​តម្រូវឱ្យមាន​ការប្តូ​រកា​រងារ ឬ​កែប្រែ​ឆាកជីវិត​ទៅធ្វើ​អ្វី​ផ្សេង​នោះទេ​។ ការនាំមក​នូវ​រឿង​ទាំងអស់នេះ​ចូលមក​ឆាកជីវិត​របស់​អ្នក អ្នកនឹង​អាច​ចូលរួម​កាន់តែច្រើន​ក្នុង​សកម្មភាព​នានា និង​បំពេញ​កិច្ចការ​កាន់តែ​ប្រសើរ​នៅ​កន្លែងធ្វើការ​! ការរក្សា​តុល្យភាព​ជីវិត​ការងារ និង​ការយក​ពេលវេលា​សម្រាប់​ខ្លួនឯង​រាល់ថ្ងៃ​នឹង​ធានាបាន​ថា ពេលវេលា​ដែល​អ្នកចំណាយ​នៅ​កន្លែងធ្វើការ​នឹង​រឹត​តែមាន​ផលិតភាព និង​ប្រសិទ្ធភាព​៕

 

ប្រភព៖ ឡាយ​ហ៊ែ​ក​

មតិយោបល់