adverise with khmeread Unnamed

រថយន្ត​ដឹក​ខ្សាច់​ក្រុមហ៊ុន​ ណឹ​ម​ ម៉េង ​ដឹក​លើស​ទម្ងន់​ឡើង​ស្ពាន​អាកាស​ក្បាលថ្នល់​មិន​រួច​រអិល​ថយក្រោយ​បុក​របាំង​ថ្ម​ខូចខាត​ជាង​២០​កង់​

    ភ្នំពេញ ៖ របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ជាង​២០​កង់​បាន​រង​ការខូចខាត ដោយសារ​រថយន្ត​ធុន​ធំ​ដឹក​ខ្សាច់​ថ្ម​របស់​ក្រុមហ៊ុន​ ណឹ​ម ​ម៉េង ​ដឹក​លើស​ទម្ងន់​ឡើង​ស្ពាន​អាកាស​ក្បាលថ្នល់​មិន​រួច ក៏បាន​រអិល​ថយក្រោយ​វិញ​បុក​របាំង​ថ្ម ប៉ុន្តែ​សំណាងល្អ​មិន​បណ្តាលឱ្យ​នរណាម្នាក់​រងរបួស​នោះទេ។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ និង​១៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​ស្ពាន​អាកាស​ក្បាលថ្នល់​ខាងត្បូង ស្ថិតក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​រថយន្ត​ធុន​ធំ​ម៉ាក​ហ៊ី​យ៉ាន់​ដាយ គ្មាន​ស្លាក​លេខ បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ឡើងលើ​ស្ពាន​អាកាស​ក្បាលថ្នល់។​

    ខណៈ​ដល់​ពាក់កណ្តាល​ស្ពាន​ស្រាប់តែ​ឡើង​មិន​រួច​ដោយសារ​រថយន្ត​ដឹង​លើស​ទម្ងន់ ក៏​រអិល​ថយ​មក​ក្រោយ​វិញ បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​លើ​ស្ពាន​រង​ការខូចខាត​ជាង​២០​កង់​​កល់​ជាប់​ទៅមុខ​លែងរួច តែ​សំណាងល្អ​មិនមាន​អ្នករងរបួស​នោះទេ ចំណែក​តៃកុង​រថយន្ត​បាន​គេចខ្លួនបាត់។​

    ក្រោយមក​សមត្ថកិច្ច​ជំនាញ​បានមក​ធ្វើការ​វាស់វែង និង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់​ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។​

    សូមបញ្ជាក់ថា ករណី​ខាងលើនេះ​គឺ​បណ្តាលមកពី​រថយន្ត​ក្រុមហ៊ុន​ណឹ​ម​ម៉េង​ដឹក​លើស​ទម្ងន់ ហើយ​មិនគួរ​ឡើងលើ​ស្ពាន​នោះ ទាំងនេះ​គឺ​បណ្តាលមកពី​សមត្ថកិច្ច​មូលដ្ឋាន​ហាក់​មិន​យកចិត្តទុកដាក់​ដោយ​បណ្តែតបណ្តោយ​ឱ្យ​រថយន្ត​ដឹក​ធ្ងន់​យ៉ាងនេះ​ឡើង​មកលើ​ស្ពាន នេះ​សំណាង​ហើយ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ​នោះ។ ​ម្យ៉ាង​វិញ​ទៀង​ក្រុមហ៊ុន​នេះ​តែងតែ​ដឹក​បែបនេះ​ដោយ​អាង​មាន​ខ្នង​ធំ ដោយ​មិន​ញញើត​នរណាម្នាក់​នោះទេ​៕

adverise with khmeread

មតិយោបល់